ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សខ្មែរស្រឡាញ់ជាតិ, យុវជនកម្ពុជា និងសំបុកឃ្មុំ អាចបានអាសនៈឃុំ-សង្កាត់នៅកំពង់ចាម
07, Jun 2022 , 3:33 pm        
រូបភាព
ដោយ: រួបរួម
លទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បង្ហាញថា ក្រៅពីគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន គណបក្សចំនួន៣ផ្សេងទៀតអាចនឹងទទួលបានអាសនៈផងដែរនៅខេត្តកំពង់ចាម។ កំពង់ចាម មាន១០៩ឃុំ-សង្កាត់ ហើយសមាជិកក្រុមប្រឹក្សាសរុបមានចំនួន៨១៧នាក់។

 
គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់ ដោយឈ្នះ១០៨ឃុំ-សង្កាត់ ក្នុងចំណោម១០៩ឃុំ-សង្កាត់។ សម្រាប់ពីរសង្កាត់នៅក្រុងកំពង់ចាម គឺសង្កាត់បឹងកុក និងកំពង់ចាម គណបក្សប្រជាជនកម្ពុជា បានឈ្នះ១០០ភាគរយ ដោយសារតែឈរឈ្មោះគ្មានគូប្រជែង។ 
 
ក្រៅពីមានសំឡេងប្រកៀកនៅបណ្តាឃុំ-សង្កាត់មួយចំនួន គណបក្សភ្លើងទៀន បានឈ្នះកៅអីសម្រាប់តំណែងមេឃុំនៅឃុំផ្តៅជុំ ស្រុកជើងព្រៃ។ ផ្អែកតាមលទ្ធផលបឋម នេះជាឃុំមួយក្នុងចំណោម៤ ដែលបក្សភ្លើងទៀនបានឈ្នះនៅទូទៅប្រទេស ដោយ៣ឃុំទៀត ស្ថិតក្នុងខេត្តកំពង់ធំ។
 
អ្វីដែលគួរឲ្យកត់សម្គាល់ គណបក្សខ្មែរស្រឡាញ់ជាតិ ជាគណបក្សលំដាប់ទីបី ដែលទទួលបានសំឡេងគាំទ្រនៅខេត្តកំពង់ចាមលើបណ្តាឃុំមួយចំនួន។ គណបក្សដែលដឹកនាំដោយ លោក ជីវ កត្តា ទំនងជាទទួលបានអាសនៈ១នៅឃុំមេព្រីង ឃុំតាំងក្រាំង ស្រុកបាធាយ និងឃុំរាយប៉ាយ ស្រុកកងមាស។
 
រីឯគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ អាចបាន១អាសនៈក្នុងចំណោម៧អាសនៈនៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ដោយទទួលបានសំឡេងគាំទ្រលំដាប់ទីបី បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។
 
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យឯណោះវិញ អាចបាន១អាសនៈក្នុងចំណោម៧អាសនៈផងដែរនៅឃុំតាំងក្រសាំង ស្រុកបាធាយ។ គណបក្សដែលដឹកនាំដោយលោក ម៉ម សូណង់ដូ នេះ មានសំឡេងគាំទ្រ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។
 
កាលពីឆ្នាំ២០១៧ នៅខេត្តកំពង់ចាម គណបក្សប្រជាជនកម្ពុជាទទួលបាន៣៨០អាសនៈ, គណបក្សសង្គ្រោះជាតិ បាន៤៣៥អាសនៈ, គណបក្សខ្មែររួបរួមជាតិ បាន១អាសនៈ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន១អាសនៈ៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com