ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រៅផ្លូវការ៖ អាសនៈតិចជាង៥០បានលើបក្សផ្សេង ក្រៅពីបក្សប្រជាជនកម្ពុជា និងភ្លើងទៀន
08, Jun 2022 , 2:15 pm        
រូបភាព
ដោយ: រួបរួម
យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សប្រជាជនកម្ពុជា បានឈ្នះតំណែងមេឃុំ-ចៅសង្កាត់ ចំនួន ១ ៦៤៨ឃុំ-សង្កាត់ ក្នុងចំណោម ១ ៦៥២ឃុំ-សង្កាត់ ខណៈ៤ឃុំផ្សេងទៀត បានទៅលើគណបក្សភ្លើងទៀន។ គណបក្សមួយចំនួន ក្នុងចំណោម១៧ គណបក្ស ដែលបានចូលរួមប្រកួតប្រជែង ក៏នឹងទទួលបានអាសនៈខ្លះផងដែរ ប៉ុន្តែមិនដល់៥០អាសនៈនោះទេ បើបូកបញ្ចូលគ្នា។ នេះជាទិន្នន័យក្រៅផ្លូវការ ដែលសារព័ត៌មានថ្មីៗ ស្រង់ និងគណនា ដោយផ្អែកតាមឯកសារ គ.ជ.ប។

 
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានអះអាងក្នុងសន្និសីទសារព័ត៌មាន កាលថ្ងៃទី៧ ខែមិថុនា ថា គណបក្សរបស់លោក អាចទទួលបានអាសនៈជាង ២ ០០០ ទៅតាមការគណនាក្រៅផ្លូវការ ដែលក្នុងនោះ គណបក្សបានឈ្នះ៣ឃុំ នៅកំពង់ធំ និង១ឃុំ នៅកំពង់ចាម។
 
សម្រាប់គណបក្សប្រជាជនកម្ពុជាវិញ លោក សុខ ឥសាន ដែលជាអ្នកនាំពាក្យ មិនទាន់បង្ហាញតួលេខជាក់លាក់ឡើយ ដោយរង់ចាំការប្រកាសផ្លូវការពី គ.ជ.ប ដោយលោកគ្រាន់តែបញ្ជាក់ថា បក្សលោក ទទួលបានអាសនៈដ៏ច្រើនលើសលប់។ តាមការគណនាក្រៅផ្លូវការ របស់សារព័ត៌មានថ្មីៗ បក្សប្រជាជនកម្ពុជា ទំនងជាទទួលបានជាង ៩ ០០០អាសនៈ ក្នុងចំណោម ១១ ៦២២ អាសនៈ។
 
ក្រៅពីនេះ គណបក្សផ្សេងទៀត បូកបញ្ចូលគ្នា ដោយទទួលបានត្រឹម ៤៦អាសនៈប៉ុណ្ណោះ ប៉ុន្តែបណ្តាបក្សទាំងនោះ មិនបានដាក់បេក្ខភាពប្រកួតប្រជែងច្រើន ដូចជាគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀននោះឡើយ។
 
តាមការគណនាក្រៅផ្លូវការ របស់សារព័ត៌មានថ្មីៗ ដោយផ្អែកតាមលទ្ធផលបឋម ដែលផ្សាយដោយ គ.ជ.ប គណបក្សហ៊្វុនស៊ិនប៉ិចបាន ១៧អាសនៈ, គណបក្សខ្មែររួបរួមជាតិបាន ១៣អាសនៈ, គណបក្សប្រជាធិបតេយ្យមូលដ្ឋានបាន ៦អាសនៈ, គណបក្សខ្មែរស្រឡាញ់ជាតិបាន ៥អាសនៈ, គណបក្សយុវជនកម្ពុជាបាន ៣អាសនៈ, សំបុកឃ្មុំសង្គមប្រជាធិបតេយ្យបាន ១អាសនៈ និងគណបក្សកម្ពុជានិយមបាន ១អាសនៈ។
 
ក្រៅផ្លូវការ - គណបក្សផ្សេងទៀតទទួលបានរួមមាន ៖
ខេត្តកំពង់ចាម៖
-ខ្មែរស្រឡាញ់ជាតិ៖ ១អាសនៈនៅឃុំមេព្រីង, ១អាសនៈ នៅឃុំតាំងក្រាំង ស្រុកបាធាយ, ១អាសនៈ នៅឃុំរាយប៉ាយ ស្រុកកងមាស។
-យុវជនកម្ពុជា៖ ១អាសនៈ នៅឃុំស្វាយពោធិ ស្រុកស្រីសន្ធរ។
-សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៖ ១អាសនៈនៅឃុំតាំងក្រសាំង ស្រុកបាធាយ

បន្ទាយមានជ័យ៖
-ខ្មែររួបរួមជាតិ៖ ២អាសនៈនៅឃុំពន្លៃ ស្រុកភ្នំស្រុក, ១អាសនៈនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត, ១អាសនៈនៅឃុំគោករមៀត, ១អាសនៈឃុំថ្មពួក, ១អាសនៈនៅឃុំគំរូ ស្រុកថ្មពួក និង១អាសនៈនៅឃុំតាផូ ស្រុកស្វាយចេក។
-កម្ពុជានិយម៖  ១អាសនៈនៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ 
 
កំពង់ធំ៖ 
- ហ៊្វុនស៊ិនប៉ិច៖ ៣អាសនៈនៅឃុំឈូក, ១អាសនៈនៅឃុំស្រើង ស្រុកប្រាសាទសំបូរ, ២អាសនៈនៅឃុំរុងរឿង, ១អាសនៈនៅឃុំបន្ទាយស្ទោង, ១អាសនៈនៅឃុំចំណារលើ, ១អាសនៈនៅឃុំពពក ស្រុកស្ទោង, ១អាសនៈនៅឃុំកំពង់គោ, ១អាសនៈនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ
 
-ប្រជាធិបតេយ្យមូលដ្ឋាន៖ ២អាសនៈនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ។
 
កំពត៖
-ហ៊្វុនស៊ិនប៉ិច៖ ១អាសនៈនៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ, ១អាសនៈនៅឃុំពងសត្វ ស្រុកឈូក
-យុវជនកម្ពុជា៖ ១អាសនៈនៅឃុំត្រពាំងបី ស្រុកឈូក
-ប្រជាធិបតេយ្យមូលដ្ឋាន៖ ១អាសនៈនៅឃុំដំណាក់សុក្រំ ស្រុកដងទង់
សៀមរាប៖ 
-ខ្មែររួបរួមជាតិ៖ ១អាសនៈនៅឃុំសណ្តែក ស្រុកប្រាសាទបាគង
 
ក្រចេះ៖
-ហ៊្វុនស៊ិនប៉ិច៖ ១អាសនៈនៅឃុំពង្រ ស្រុកឆ្លូង
 
រតនគិរី៖
-ខ្មែររួបរួមជាតិ៖ ១អាសនៈនៅឃុំល្បាំងពីរ ស្រុកលំផាត់
-ប្រជាធិបតេយ្យមូលដ្ឋាន៖ ១អាសនៈនៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ
 
ត្បូងឃ្មុំ
-ខ្មែររួបរួមជាតិ៖ ២អាសនៈនៅឃុំប៉ឹង១ ស្រុកក្រួចឆ្មារ
 
ស្ទឹងត្រែង
-ហ៊្វុនស៊ិនប៉ិច៖ ១អាសនៈនៅឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់, ១អាសនៈនៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ៊
 
កោះកុង៖
-យុវជនកម្ពុជា៖ ១អាសនៈនៅជ្រោយស្វាយ ស្រុកស្រែអំបិល
 
ព្រះវិហារ៖
-ខ្មែររួបរួមជាតិ៖ ១អាសនៈ នៅឃុំរតនៈ ស្រុករវៀង
-ប្រជាធិបតេយ្យមូលដ្ឋាន៖ ២អាសនៈនៅឃុំរំដោះ ស្រុករវៀង
 
ភ្នំពេញ៖
-ហ៊្វុនស៊ិនប៉ិច៖ ១អាសនៈនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ
-ខ្មែររួបរួមជាតិ៖ ១អាសនៈនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។
 
ព្រៃវែង៖
-ខ្មែរស្រឡាញ់ជាតិ៖ ២អាសនៈនៅឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង។

បណ្តាខេត្តដូចជាតាកែវ កែប ប៉ៃលិន ឧត្តរមានជ័យ ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ មណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និងកណ្តាល ប្រហែលមានតែគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​ភ្លើងទៀន ប៉ុណ្ណោះដែលទទួលបានអាសនៈ។
 
នាការបោះឆ្នោតកាលពីឆ្នាំ២០១៧ ចំនួនឃុំសង្កាត់សរុបមាន ១ ៦៤៦ ដោយមានសមាជិកក្រុមប្រឹក្សាសរុប ១១ ៥៧២នាក់។ កាលណោះ គណបក្សប្រជាជនកម្ពុជា បាន ៦ ៥០៣ អាសនៈ, គណបក្សសង្គ្រោះជាតិបាន ៥០០៧អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិចបាន ២៨អាសនៈ, គណបក្សខ្មែររួបរួមជាតិ បាន២៤អាសនៈ, គណបក្សប្រជាធិបតេយ្យមូលដ្ឋានបាន៥អាសនៈ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាន ៤អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបាន១អាសនៈ។ 
 
ក្រោយសាលដីការបស់តុលាការកំពូល ក្រសួងមហាផ្ទៃបានលុបឈ្មោះគណបក្សសង្គ្រោះជាតិចេញពីបញ្ជី ដោយអាសនៈចំនួន ៥ ០០៧របស់បក្សនេះ ត្រូវបានបែងចែកទៅបក្សផ្សេង។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបដិសេធមិនទទួលយកអាសនៈបន្ថែមឡើយ។
 
គណបក្សដែលបានទទួលយកអាសនៈរបស់សង្គ្រោះជាតិនោះ មានគណបក្សប្រជាជនកម្ពុជា ចំនួន ៤ ៥៥១អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច ២៣៩អាសនៈ, គណបក្សខ្មែររួបរួមជាតិ ២០១អាសនៈ, គណបក្សសញ្ជាតិកម្ពុជា១០អាសនៈ, គណបក្សយុវជនកម្ពុជា ៣អាសនៈ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ៣អាសនៈ៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com