ជាតិ
នយោបាយជាតិ
បក្សកាន់អំណាច លើកកិច្ចប្រជុំវិសាមញ្ញ ទៅថ្ងៃ១៦-១៧កក្កដាវិញ សន្និបាតសាមញ្ញនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សប្រជាជនកម្ពុជា
× សន្និបាតវិសាមញ្ញនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវប្តូរកាលបរិច្ឆេទវិញ ដោយប្តូរពីថ្ងៃទី៩ និងថ្ងៃទី១០ ខែកក្កដា ដែលត្រូវបានកំណត់លើកដំបូង ទៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹងលើកទី២របស់លោក ម៉ម សារិន ប្រធានខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលចេញនៅថ្ងៃទី៨ ខែមិថុនា បន្ទាប់ពីលោក បានចេញសេចក្តីជូនដំណឹងលើកទី១ នៅថ្ងៃទី៧ ខែមិថុនា ស្តីពីសន្និបាតវិសាមញ្ញនេះ។
គេ មិនទាន់ដឹងមូលហេតុថា ហេតុអ្វី បានគណបក្សប្រជាជនកម្ពុជា ធ្វើសន្និបាតវិសាមញ្ញនៅថ្នាក់គណៈកម្មាធិការកណ្តាលនោះទេ ហើយគេ ក៏មិនទាន់ដឹងដែរថា បញ្ហាអ្វី និងរបៀបវារៈអ្វីខ្លះ ដែលនឹងត្រូវលើកយកទៅពិភាក្សាក្នុងសន្និបាតនេះ។ សេចក្តីជូនដំណឹងរបស់លោក ម៉ម សារិន ពុំមានបង្ហាញពីរបៀបវារៈ ដែលត្រូវលើកយកទៅពិភាក្សាក្នុងសន្និបាតវិសាមញ្ញនេះឡើយ។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗថា លោក មិនទាន់អាចនិយាយបាននោះទេថា សន្និបាតវិសាមញ្ញនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងពិភាក្សាពីអ្វីខ្លះ។ លោក មានប្រសាសន៍ដូច្នេះថា៖«ធ្វើម្តេចយើងដឹង បើយើង អត់ទាន់មានរបៀបវារៈផង»។
អ្នកនាំពាក្យរូបនេះ បន្តថា តាមធម្មតា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្ស ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស និងសមាជិក-សមាជិកាជាង៨០០នាក់ក្នុងគណៈកម្មាធិការកណ្តាល នឹងមានវត្តមានក្នុងសន្និបាតវិសាមញ្ញនេះនៃគណៈកម្មាធិការកណ្តាលនេះ។ លោក បន្ថែមថា សមាជិក-សមាជិកាខ្លះ អាចនឹងអវត្តមាន បើពួកគេ មានធុរៈឬមានជំងឺ។
យោងតាមសេចក្តីជូនដំណឹងរបស់លោក ម៉ម សារិន សន្និបាតវិសាមញ្ញនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងត្រូវរៀបចំ នៅវិមានម៧មករា ដែលជាស្នាក់ការកណ្តាលរបស់គណបក្សកាន់អំណាចមួយនេះ៕
Tag:
CPP
សន្និបាតវិសាមញ្ញ
ឈឹម ផលវរុណ
© រក្សាសិទ្ធិដោយ thmeythmey.com