កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា សុំទោសកម្ពុជាករណីភ្លេងជាតិ និងបញ្ហានៅសណ្ឋាគារ
09, Jun 2022 , 9:03 am        
រូបភាព
ដោយ: រួបរួម
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) កាលពីថ្ងៃទី៨ ខែមិថុនា បានសរសេរលិខិតសុំទោសភាគីកម្ពុជា ជុំវិញដែលមិនមានភ្លេងជាតិកម្ពុជា និងបញ្ហានៅសណ្ឋាគារ នៅមុនជំនួបរវាងឥណ្ឌា និងកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះពូល D នៃពានរង្វាន់ AFC Asian Cup 2023 នាកីឡដ្ឋាន VYBK ក្រុង Kolkata។



ក្នុងវត្តមាននៅប្រទេសឥណ្ឌា មន្ត្រីកម្ពុជាបានត្អូញត្អែរទាក់ទងនឹងរបបអាហារដែលមិនគ្រប់គ្រាន់ រួមទាំងការស្នាក់នៅមិនមានផាសុកភាព។ នៅប៉ុន្មានម៉ោងមុនការប្រកួត សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្តែងការសោកស្តាយផងដែរ ទាក់ទងនឹងការប្រើប្រាស់ទង់ជាតិកម្ពុជាខុសបទដ្ឋាន។
 
ឈានដល់ម៉ោងប្រកួត ពិធីករបានប្រកាសពីការគោរពភ្លេងជាតិកម្ពុជា ប៉ុន្តែបែរជាឮសំឡេងភ្លេងជាតិឥណ្ឌា។ ការប្រកួតបានពន្យាពេល៧នាទីដោយសារតែអ្នករៀបចំកម្មវិធីមិនអាចរកភ្លេងជាតិកម្ពុជាបាន ហើយបើតាមសារព័ត៌មាន SportStart មន្ត្រីកម្ពុជាបានសម្រេចចាក់ភ្លេងជាតិចេញពីទូរសព្ទរបស់ខ្លួន។
 
«យើងសូមអភ័យទោសដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមទាំងមូលដ្ឋាន សម្រាប់បញ្ហាពាក់ព័ន្ធនៅសណ្ឋាគារ ក៏ដូចជារឿងរ៉ាវកើតឡើងលើការចាក់ភ្លេងជាតិកម្ពុជា»។ នេះបើតាមលិខិតលោក Anil Kamat ជំនួយការអគ្គលេខាធិការ និងជាប្រធានរៀបចំការប្រកួតនៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ដែលផ្ញើមកកាន់ភាគីកម្ពុជា។
 
លោក Anil Kamat បានបញ្ជាក់ថា បញ្ហាពាក់ព័ន្ធនឹងភ្លេងជាតិកម្ពុជា ត្រូវបានលើកយកទៅពិភាក្សាជាមួយក្រុមការងារបច្ចេកទេស ហើយត្រូវបានរាយការណ៍ផងដែរថា បណ្តាលមកពីកំហុសបច្ចេកទេសនៅលើអេក្រង់។
 
«ក្រុមការងារយើងខ្ញុំ នឹងប្រឹងប្រែងធ្វើការកាន់តែខ្លាំងដើម្បីកុំឲ្យឧប្បត្តិហេតុបែបនេះ កើតឡើងសារជាថ្មីក្នុងការប្រកួតដែលនៅសេសសល់ និងករណីក្រុមនៅសណ្ឋាគារផងដែរ»។ នេះជាការអះអាងរបស់តំណាង AIFF។
 
ក្រោយឧប្បត្តិហេតុ រលកនៃប្រតិកម្មបានកើតឡើងជាបន្តបន្ទាប់ក្នុងចំណោមក្រុមអ្នកគាំទ្រជម្រើសជាតិកម្ពុជា ដែលក្នុងនោះមាន លោក ហ៊ុន ម៉ានី ផងដែរ។ អ្នកតំណាងរាស្ត្ររូបនេះ បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា ម្ចាស់ផ្ទះត្រូវតែយកចិត្តទុកដាក់បំផុតនៅពេលគោរពទង់ជាតិនៃប្រទេសជាភ្ញៀវ។
 
 
«មិនថាវាជាកំហុស ឬបញ្ហាបច្ចេកទេសទេ ខ្ញុំសង្ឃឹមថានឹងមានការពន្យល់គ្រប់គ្រាន់ទៅលើបញ្ហានេះ។ ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា ខ្ញុំគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីស្វែងរកចម្លើយ និងការពន្យល់បន្ថែមពី AFC និងម្ចាស់ផ្ទះ។ ខ្ញុំសង្ឃឹមថា នឹងមានការប្រុងប្រយ័ត្នទុកខ្ពស់ជាងមុនសម្រាប់ព្រឹត្តិការណ៍នាពេលអនាគត ដើម្បីកុំឲ្យបញ្ហា/កំហុសនេះកើតឡើងជាថ្មីទៀតសម្រាប់គ្រប់ក្រុមជម្រើសជាតិ»។

រីឯកីឡាករ កុក បូរីស ក៏បង្ហាញនូវការមិនពេញចិត្តរបស់ខ្លួនផងដែរ។ ក្រៅពីមិនអស់ចិត្តដែលអាជ្ញាកណ្តាលផ្តល់បាល់ពិន័យសម្រាប់ឥណ្ឌា ខ្សែការពាររូបនេះ បានសរសេរថា ពួកគេមិនផ្តល់ការគោរពចំពោះភ្លេងជាតិ និងទង់ជាតិកម្ពុជា បន្ទាប់ពីបញ្ហាម្ហូបអាហារ និងការស្នាក់នៅ។
 
 
«យើងនឹងមិនស្វែងរកវិធីដោះសារអំពីការបរាជ័យរបស់យើងលើឥណ្ឌាទេ ប៉ុន្តែអ្នកមិនអាចធ្វើបែបនេះមកលើប្រទេសយើងនោះឡើយ។ យើងចង់បានការគោរពជាអប្បបរមារវាងមនុស្សជាតិ»។ បូរីសបានសរសេរយ៉ាងដូច្នេះ។
 
សម្រាប់ការប្រកួតនៅកីឡដ្ឋានក្នុងក្រុង Kolkata នេះ ម្ចាស់ផ្ទះឥណ្ឌា បានទទួលជ័យជម្នះ ២-០ លើឥណ្ឌា ដែលជាការស៊ុតបាល់បញ្ចូលទីទាំងពីរគ្រាប់របស់កីឡាករជើងចាស់ Sunil Chhetri។ រីឯជំនួបពូល D មួយទៀត ហុងកុងឈ្នះអាហ្វហ្គានីស្ថាន ២-១៕



 
 
 



© រក្សាសិទ្ធិដោយ thmeythmey.com