អន្តរជាតិ
បក្សកាន់អំណាចកូរ៉េខាងជើង បើកកិច្ចប្រជុំសំខាន់ ស្របពេលមានព័ត៌មានត្រៀមសាកល្បងនុយក្លេអ៊ែរ
09, Jun 2022 , 2:59 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំកន្លងមក។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំកន្លងមក។ រូបថត KCNA
បក្សពលករដែលកំពុងកាន់អំណាចផ្ដាច់មុខនៅកូរ៉េខាងជើង បានបើកកិច្ចប្រជុំមួយនៅដើមសប្ដាហ៍នេះ ដើម្បីជជែកពីបញ្ហាសំខាន់ៗ ស្របពេលដែលប្រទេសនេះត្រូវជឿថា ត្រៀមខ្លួនជាស្រេចដើម្បីសាកល្បងនុយក្លេអ៊ែរ។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំសំខាន់នេះ។

 
ស្របពេលដែលអាម៉េរិក និងកូរ៉េខាងជើងព្រមានពីការសាកល្បងនុយក្លេអ៊ែរដោយកូរ៉េខាងជើងនៅពេលឆាប់ៗខាងមុខ លោក គីម ជុងអ៊ុន ក៏បើកកិច្ចប្រជុំលើកទី៥ គណៈមជ្ឈិមបក្សអាណត្តិទី៨ នៅថ្ងៃទី៨ ខែមិថុនា។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនបញ្ជាក់ច្បាស់ពីរបៀបវារៈជាក់លាក់ដែលត្រូវជជែក និងកាលបរិច្ឆេទនៃជំនួបនេះឡើយ។
 
ក្នុងការផ្សាយកន្លងមក KCNA រាយការណ៍ថា កិច្ចប្រជុំលើកទី៥ នឹងផ្ដោតលើការត្រួតពិនិត្យគោលនយោបាយឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ក៏ដូចជាសម្រេចចិត្តលើបញ្ហាប្រទេសសំខាន់ៗ។ 
 
ទោះជាកិច្ចប្រជុំប្រចាំឆ្នាំក្ដី កិច្ចប្រជុំលើកនេះ ទទួលការយកចិត្តទុកខ្លាំង ព្រោះធ្វើឡើងស្របពេលដែលវ៉ាស៊ីនតោន និងសេអ៊ូលជឿថា ក្រុងព្យុងយ៉ាង នឹងសាកល្បងនុយក្លេអ៊ែលើកទី៧ របស់ខ្លួននៅពេលខ្លីខាងមុខនេះ។ មន្ត្រីសម្ព័ន្ធមិត្តទាំងពីរនេះអះអាងថា កូរ៉េខាងជើងទំនងជាត្រៀមលក្ខណៈអស់ហើយដើម្បីសាកល្បងអាវុធប្រល័យលោកនេះ។
 
ទាំងអាម៉េរិក ទាំងកូរ៉េខាងត្បូង ក៏ត្រៀមខ្លួនឆ្លើយតបនឹងសកម្មភាពបង្កហេតុណាមួយរបស់កូរ៉េខាងជើងដែរ។ ក្រុងវ៉ាស៊ីនតោន ថែមទាំងព្រមានដាក់ទណ្ឌកម្មបន្ថែម បើព្យុងយ៉ាងមិនស្ដាប់ការព្រមាន ហើយសាកល្បងនុយក្លេអ៊ែររបស់ខ្លួននោះ។ រដ្ឋបាលថ្មីនៅកូរ៉េខាងត្បូង ក៏ប្រកាន់ជំហរតឹងរ៉ឹងលើបញ្ហាកូរ៉េខាងជើង ខុសពីរដ្ឋបាលមុនដែរ៕ 
 
 
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com