ជាតិ
សេដ្ឋកិច្ច
កម្ពុជា អាចនាំ«មៀនប៉ៃលិន»ចូលទីផ្សារចិនជាផ្លូវការ នាអំឡុងខែកញ្ញា ចម្ការមៀនមួយកន្លែងរបស់កសិករក្នុងខេត្តប៉ៃលិន នារដូវប្រមូលផល កាលពីខេវិច្ឆិកា ឆ្នាំ២០២០
× ភ្នំពេញ៖ តាមការរំពឹងទុក ផ្លែមៀនស្រស់កម្ពុជានឹងអាចនាំចូលទីផ្សារប្រទេសចិនជាផ្លូវការបាន នាដើមរដូវនៃការប្រមូលផលដំណាំនេះ ចាប់ពីខែកញ្ញា ឆ្នាំ២០២២តទៅ។ នេះជាការលើកឡើងរបស់លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម។ លោកបានបញ្ជាក់ថា សព្វថ្ងៃមានក្រុមហ៊ុនចំនួន៧ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។
ផ្លែមៀនស្រស់កម្ពុជា នឹងអាចចូលទីផ្សារប្រទេសចិនជាផ្លូវការបាន នាអំឡុងខែកញ្ញា ដែលជាពេលវេលាចាប់ផ្តើមការប្រមូលផលដំណាំនេះ។ លោក កែ មុន្ធីវុធ បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)បែបនេះ តាមប្រព័ន្ធតេលេក្រាម នាព្រឹកថ្ងៃទី៩មិថុនា ខណៈ បច្ចុប្បន្នមានក្រុមហ៊ុនចិនមួយចំនួន បានដាក់ផែនការបញ្ជាទិញផ្លែមៀនប៉ៃលិន ពីសមាគមមៀនប៉ៃលិនជាដំណាក់កាលៗ។ ក្នុងនោះ មានក្រុមហ៊ុនចិនមួយ ឈ្មោះ ជីង គួរ យួង ដែលបានបង្កើតរោងចក្រ និងឡសម្លាប់មេរោគលើផ្លៃមៀន នៅក្នុងខេត្តប៉ៃលិនផ្ទាល់នោះ បានកំណត់ផែនការប្រមូលទិញមៀនប៉ៃលិនពីសមាគមមៀនប៉ៃលិន ក្នុងចំនួនមួយទៅពីរទូតុងតឺន័រក្នុងមួយថ្ងៃ សម្រាប់នាំទៅប្រទេសចិន ដោយចាប់ពី ខែសីហា ឆ្នាំ២០២២ តទៅ។
លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។ រូបថត៖ អគ្គនាយកដ្ឋានកសិកម្ម
លោក កែ មុន្ធីវុធ បន្តសរសេររៀបរាប់ដោយបញ្ជាក់ថា ៖ «សម្រាប់ការចាប់ផ្តើមនាំចេញផ្លែមៀនស្រស់ ជាលើកដំបូងទៅកាន់ប្រទេសចិននារដូវប្រមូលផលខាងមុខនេះ យើងនឹងមានក្រុមហ៊ុនចំនួន៧ និងកសិដ្ឋាន[មៀនប៉ៃលិន]ចំនួន៦៤ ដែលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាចូលទីផ្សារប្រទេសចិន បន្ទាប់ពីទទួលបានការអនុម័តពីនាយកដ្ឋានអនាម័យនិងភូតគាមអនាម័យ នៃអគ្គរដ្ឋបាលគយចិន»។ ប៉ុន្តែ សម្រាប់ការនាំចេញនេះ កម្ពុជាអាចនឹងជួបបញ្ហាប្រឈមមួយចំនួន ដែរ។
បើតាមប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្មរូបនេះ បញ្ហាប្រឈមសម្រាប់ការនាំចេញផ្លែមៀនរបស់កម្ពុជាទៅចិននោះ គឺការកង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល ដែលបណ្តាលឱ្យទូត្រជាក់ឡើងថ្លៃខ្លាំង បើធៀបពេលមុនវិបតិ្តកូវីដ-១៩។ លោក បាននិយាយដូច្នេះ៖ « បច្ចុប្បន្ន តម្លៃទូត្រជាក់សម្រាប់ផ្ទុកកសិផល គឺមានការកើនឡើងរហូតដល់ជាង៣ដង»។
ចំពោះការរឹតបន្តឹងរបស់ប្រទេសចិនលើការត្រួតពិនិត្យទំនិញនាំចូលដើម្បីទប់ស្កាត់ការរាលដាលឆ្លងកូវីដ-១៩ ស្របតាមយុទ្ធសាស្រ្តគ្មានការរាលដាលឆ្លងនូវកូវីដ-១៩ពីប្រទេសខាងក្រៅនោះ ក៏អាចជាកត្តាប្រឈមមួយទៀតសម្រាប់កម្ពុជា ក្នុងការនាំផ្លែមៀនស្រស់ ចូលទីផ្សារប្រទេសចិន ផងដែរ។
ជុំវិញនៃការនាំចេញផ្លែមៀនស្រស់ទៅចិននេះ លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា កាលពីថ្ងៃចុងខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនចិន ជីង គួរ យួង បានសម្រេចដាក់ផែនការប្រមូលផ្លែមៀនពីកសិករ ចាប់ខែសីហាតទៅ ក្នុងតម្លៃ ៣ ៦០០រៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះ នឹងកើនដល់ ៣ ៨០០រៀល ក្នុងមួយគីឡូក្រាម នៅក្នុងខែធ្នូ ហើយកើនដល់ ៤ ០០០រៀល ចាប់ខែមករា ឆ្នាំ២០២៣ និងឈានដល់ ៤ ៥០០រៀល ក្នុងមួយគីឡូក្រាម ចាប់ខែមីនា ដល់ឧសភា ឆ្នាំ២០២៣។ លោក បាននិយាយដូច្នេះ៖«មៀនប៉ៃលិន ដែលចិនបញ្ជាទិញនោះ នឹងត្រូវបានសម្លាប់មេរោគ វេចខ្ចប់ និងរក្សាទុកក្នុងទូត្រជាក់នៅក្នុងខេត្តប៉ៃលិនយើងហ្នឹង ហើយនាំចូលទីផ្សារចិនតែម្តង ដោយយើងលែងពឹងដង្ហើមប្រទេសថៃ ទៀតហើយ»។
លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិន
បើតាមលោក សួន ជុំ ផ្លែមៀនដែលកសិករដាំដុះនៅក្នុងខេត្តប៉ៃលិន បាត់បង និងបន្ទាយមានជ័យ គឺមានចំនួនប្រមាណ៣០០តោនក្នុងមួយ ដែលអាចនាំទៅចិន។ លោកបន្តរៀបរាប់បែបនេះថា៖ «ខ្ញុំដឹងថា នៅប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យយើងនេះ ទំហំនៃមៀនដែលអាចនាំចេញបានហ្នឹង! ខ្ញុំមើលទៅប្រហែលមួយថ្ងៃបានជិត៣០០តោន ព្រោះពេលមុនកូវីដ-១៩ ពួកខ្ញុំនាំចេញឱ្យក្រុមហ៊ុនចិន នៅប្រទេសថៃ បានជាង១០០តោនក្នុងមួយថ្ងៃ ហើយក៏មានអ្នកផ្សេងនាំចេញទៀតផងដែរ។ អ៊ីចឹង ខ្ញុំមើលទៅ ខេត្តទាំងនេះ មានសមត្ថភាពផលិតមៀនសម្រាប់នាំចេញ គឺក្រោម២០០តោនទេក្នុងមួយថ្ងៃ»។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះមៀនប៉ៃលិន(តាង៉ែន) ទូទាំងប្រទេស សរុប ១៣ ៦០៨ហិកតា នៅក្នុងខេត្តចំនួន១៤ ។ ដោយឡែក ខេត្តដែលមានកសិករដាំដុះប្រភេទនេះ ច្រើនជាងគេ គឺខេត្តប៉ៃលិន បាត់ដំបង រតនគិរី និងបន្ទាយមានជ័យ។ ក្នុងចំណោមផ្ទៃដីដាំដុះមៀនប៉ៃលិន ឬតាង៉ែនទាំងនេះ គឺមាន ៦ ៩២៧ហិកតា ដែលកសិករទទួលបានទិន្នផលចំនួន ១១ម៉ឺនតោន នៅក្នុងឆ្នាំ២០២១៕
Tag:
កសិកម្ម
មៀនប៉ៃលិន
លោក កែ មុន្ធីវុធ
© រក្សាសិទ្ធិដោយ thmeythmey.com