ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្រ្តីបក្សភ្លើងទៀន ដែលថតអាជ្ញាធរចាំកត់ឈ្មោះពលរដ្ឋមកពីបោះឆ្នោត ត្រូវចាប់ខ្លួន
09, Jun 2022 , 5:20 pm        
រូបភាព
លោក ឡី សុខុន មន្រ្តីគណបក្សភ្លើងទៀនខេត្តបាត់ដំបង ពេលស្ថិតក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីគណនីហ្វេសប៊ុកឈ្មោះ កូន ខ្មែរ
លោក ឡី សុខុន មន្រ្តីគណបក្សភ្លើងទៀនខេត្តបាត់ដំបង ពេលស្ថិតក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីគណនីហ្វេសប៊ុកឈ្មោះ កូន ខ្មែរ
ដោយ៖ ញឹក សំអូន 

ចូលទៅថតដល់ក្នុងបរិវេណលំនៅឋាន ដោយគ្មានការអនុញ្ញាពីម្ចាស់ គឺជាហេតុផលរបស់សមត្ថកិច្ច ក្នុងការចាប់មន្រ្តីគណបក្សភ្លើងទៀនរូបនោះ។

 


លោក ឡី សុខុន មន្រ្តីគណបក្សភ្លើងទៀនខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារលោក ថតជាវីដេអូអំពីសកម្មភាពរបស់អាជ្ញាធរ ដែលអង្គុយចាំកត់ឈ្មោះប្រជាពលរដ្ឋ ដែលវិលមកពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ-សង្កាត់វិញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ សមត្ថកិច្ចខេត្តបាត់ដំបង ចាប់លោក នៅថ្ងៃទី៨ ខែមិថុនា គឺ៣ថ្ងៃក្រោយមក។

លោក ដួង សារ៉ន ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមតុលាការខេត្តបាត់ដំបង ផ្តល់ព័ត៌មានថា តំណាងអយ្យការ បានសួរលោក ឡី សុខុន រួចហើយ និងបានចោទលោក ពីបទរំលោភចូលលំនៅឋាន តាមមាត្រា២៩៩នៃក្រមព្រហ្មទណ្ឌ។ លោកព្រះរាជអាជ្ញារងរូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី៩ ខែមិថុនា ដូច្នេះថា៖«ពេលចូលដល់លំនៅឋាន ដោយគ្មានការអនុញ្ញាត [គឺ] ទាក់ទងនឹងការរំលោភលំនៅឋានហើយ»។
 
លោក បន្តថា ក្រោយសាកសួរ និងចោទប្រកាន់រួច តំណាងអយ្យការ បានបញ្ជូនលោក ឡី សុខុន ទៅកាន់ចៅក្រមស៊ើបសួរ។ លោក បន្ថែមថា ការសម្រេចឃុំខ្លួន ឬយ៉ាងណា គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ។ លោក បានរុញឲ្យទៅសួរមន្រ្តីលេខាធិការដ្ឋានរដ្ឋបាលតុលាការ ជុំវិញការសម្រេចរបស់ចៅក្រមស៊ើបសួរ។ ប៉ុន្តែ អ្នកស្រី ជា ច័ន្ទរស្មី ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តបាត់ដំបង ប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រី ពុំទាន់បានដឹងពីសំណុំរឿងរបស់លោក ឡី សុខុន នោះទេ។
 
លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន បកស្រាយថា ដើម្បីមានភស្តុតាង យកទៅប្តឹងស្ថាប័នរៀបចំបោះឆ្នោត មានគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) ជាដើម គឺទាល់តែថតជាវីដេអូបែបនេះ។ លោក បកស្រាយទៀតថា ការថតជាវីដេអូរបស់មន្រ្តីគណបក្សភ្លើងទៀន គឺដើម្បីចៀសវាងកុំឲ្យស្ថាប័នរៀបចំការបោះឆ្នោត លើកហេតុផលថា គ្មានភស្តុតាងក្នុងការប្តឹងផ្តល់។
 
អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៩ ខែមិថុនា កាលពីពេលព្រឹក ដូច្នេះថា៖«ដល់ពេលថតអ៊ីចឹងទៅ បែរជាមិនមែនជាសមត្ថកិច្ចរបស់គ.ជ.ប [ដោះស្រាយ] ទៅជាប៉ូលិសឯណា ចាប់ខ្លួន។ នេះជាការរំលោភបំពានធ្ងន់ធ្ងរណាស់»។  
 
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ អង្គការលីកាដូ រកឃើញករណីអាជ្ញាធរនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន១៥ទៀត បានរៀបចំតុ ក្រដាស ប៊ិច ដើម្បីចាំកត់ឈ្មោះប្រជាពលរដ្ឋ ដែលវិលមកពីបោះឆ្នោតវិញ។ ខេត្តទាំង១៥នោះ ដែលកើតមានភាពមិនប្រក្រតីនេះ គឺ បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្ដាល កំពត កោះកុង ឧត្ដរមានជ័យ ព្រៃវែង សៀមរាប ពោធិ៍សាត់ សៀមរាប តាកែវ និង ត្បូងឃ្មុំ។ ករណីនេះ ត្រូវបានអង្គការលីកាដូ ផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួន។
 
លោក អំ សំអាត មន្រ្តីទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ ចាត់ទុក ការចាប់លោក ឡី សុខុន ដែលថតសកម្មភាពអាជ្ញាធរចាំកត់ឈ្មោះប្រជាពលរដ្ឋ ពេលវិលមកពីបោះឆ្នោតវិញ ថាជាការគំរាមកំហែងដល់សាក្សី។ លោក មានប្រសាសនជាមួយសារព័ត៌មានថ្មី នាព្រឹកថ្ងៃទី៩ ខែមិថុនា ថា៖«ការថតទៅលើការកត់ឈ្មោះ ឬការគូសឈ្មោះ ក្នុងបរិវេណបោះឆ្នោតរបស់អាជ្ញាធរនេះ វា ជាភស្តុតាងមួយ សម្រាប់បង្ហាញអំពីការអនុវត្តខុសនីតិវិធី ឬខុសច្បាប់បោះឆ្នោត [...]»។
 
សូមបញ្ជាក់ថា មិនមែនមានតែលោក ឡី សុខុន ម្នាក់ទេ អ្នកដទៃទៀត ក៏បានប្រទះឃើញសកម្មភាពអាជ្ញាធរនៅតំបន់ផ្សេងដែរ ដែលចាំកត់ឈ្មោះប្រជាពលរដ្ឋមកពីបោះឆ្នោតវិញ និងបានថតជាវីដេអូបង្ហោះលើបណ្តាញសង្គម៕ 
 
 

Tag:
 ចាប់មន្រ្តីគណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com