កីឡាអន្តរជាតិ
អន្តរជាតិ
Everton រងការរិះគន់ ក្រោយទទួលការឧបត្ថម្ភពីក្រុមហ៊ុនភ្នាល់បាល់
10, Jun 2022 , 7:29 pm        
រូបភាព
ការ​ប្រកាស​របស់ក្លិប Everton លើ​កិច្ច​សន្យា​ឧបត្ថម្ភ​​ជាមួយ​ក្រុមហ៊ុន​ល្បែងភ្នាល់បាល់ រង​ការ​រិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ការប្រកាសនេះធ្វើឡើងត្រឹមតែពីរឆ្នាំប៉ុណ្ណោះបន្ទាប់ពីនាយកប្រតិបត្តិ Everton អះអាងថា ពួកគេមិនទទួលយកការ​ឧបត្ថម្ភពីក្រុមហ៊ុនភ្នាល់។ អ្នករិះគន់យល់ថា កិច្ចព្រមព្រៀងនេះដូចជំរុញអ្នកគាំទ្រជាយុវជនប្រព្រឹត្តិល្បែងស៊ីសងដូច្នោះដែរ។


ក្រុមហ៊ុន Stake.com ក្លាយជាអ្នកឧបត្ថម្ភធំរបស់ក្លិប Everton​ ក្នុងកិច្ចសន្យារយៈពេលច្រើនឆ្នាំ ដោយទទួលបាន ១២,៥០លានដុល្លារក្នុងមួយរដូវកាល។ ឈ្មោះក្រុមហ៊ុនល្បែងភ្នាល់នេះនឹងត្រូវជំនួសទីតាំងរបស់ក្រុមហ៊ុនលក់រថយន្ត Cazoo ដោយបង្ហាញទាំងនៅលើអាវក្រុមបុរស និងនារី។
 
ក្រោយកិច្ចព្រមព្រៀងនេះ Everton បានទទួលការរិះគន់ពីសំណាក់អ្នកគាំទ្រមួយចំនួន និងក្រុមអ្នកចង់បញ្ចប់ការផ្សាយពាណិជ្ជកម្ម និងឧបត្ថម្ភពីក្រុមហ៊ុនល្បែងទាំងអស់នៅក្នុងកីឡាបាល់ទាត់។
 
លោក James Grimes សមាជិកក្រុមយុទ្ធនាការ Big Step ដែលមានបំណងបញ្ចប់ការផ្សាយពាណិជ្ជកម្ម និងឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនល្បែងភ្នាល់ក្នុងកីឡាបាល់ទាត់ លើកឡើងថាកិច្ចព្រមព្រៀងរបស់ Everton ជាមួយក្រុមហ៊ុនល្បែងភ្នាល់ នឹងមិនធ្វើឱ្យក្លិបកើនប្រជាប្រិយភាពឡើយ។ ល្បែងភ្នាល់នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព និងធ្វើឱ្យខូចទម្រង់ក្នុងកីឡាបាល់ទាត់ទៀតផង។ លោក Grimes បន្ថែមថា នេះជារឿងគួរឱ្យសោកស្តាយដែលក្លិបចង់រកប្រាក់ចំណេញដោយមិនគិតពីហានិភ័យ។ 
 
«ក្លិបកំពុងរកប្រាក់ចំណេញនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន ជាពិសេសអ្នកគាំទ្រវ័យក្មេង។ ពួកគេពាក់ និងឃើញស្លាករបស់ក្រុមហ៊ុនភ្នាល់នៅលើអាវ។ ពួកគេដូចត្រូវបានលើកទឹកចិត្តឱ្យប្រើកាស៊ីណូអនឡាញ ហើយដូចជាមនុស្សញៀននឹងល្បែងអ៊ីចឹង»។ នេះជាការមើលឃើញរបស់លោក Grimes។
 
រដូវកាលមុន ក្លិបបាល់ទាត់កំពូលចំនួន៩ មានក្រុមហ៊ុនភ្នាល់ជាអ្នកឧបត្ថម្ភអាវពួកគេ។ Norwich City ជាក្លិបនៅ Premier League តែមួយគត់ដែលមិនទទួលយកការឧបត្ថម្ភជាមួយក្រុមហ៊ុនភ្នាល់បាល់ណក្នុងចំណោមក្រុមទាំង ២០ នៅរដូវកាល ២០២១-២២៕
 

Tag:
 Everton
© រក្សាសិទ្ធិដោយ thmeythmey.com