អន្តរជាតិ
កូរ៉េខាងជើង មានរដ្ឋមន្រ្តីការបរទេសស្រ្តីលើកដំបូង
11, Jun 2022 , 2:59 pm        
រូបភាព
លោកស្រី ឆេ ស៊ុនហ៊ី រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង។ រូបថត AFP
លោកស្រី ឆេ ស៊ុនហ៊ី រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង។ រូបថត AFP
អ្នកការទូតជើងចាស់កូរ៉េខាងជើង ឆេ ស៊ុនហ៊ី (Choe Son-hui) ត្រូវបានដំឡើងឋានៈជារដ្ឋមន្រ្តីការបរទេសថ្មី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងរាយការណ៍បែបនេះនៅថ្ងៃទី១១ ខែមិថុនា។ លោកស្រី ឆេ ជាស្រ្តីដំបូងកាន់តំណែងសំខាន់នេះ។

 
លោកស្រី ឆេ ស៊ុនហ៊ី ដែលជាអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេស ជំនួសលោក រី ស៊ុនគ័ន អំឡុងកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករដែលធ្វើឡើងថ្ងៃទី៨-១០ ខែមិថុនា។ លោក រី នឹងកាន់តំណែងជាប្រធាននាយកដ្ឋានរណសិរ្សរួបរួមដែលទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាត្បូងវិញ។
 
ជាអ្នកការទូតមានបទពិសោធយូរឆ្នាំដែលនិយាយភាសាអង់គ្លេសបានល្អ លោកស្រី ឆេ ដើរតួនាទីសំខាន់ក្នុងការចរចាជុំវិញការរំសាយនុយក្លេអ៊ែរជាមួយអាម៉េរិកកាលពីឆ្នាំ២០១៩ និងជាមនុស្សជំនិតរបស់មេដឹកនាំកំពូល គីម ជុងអ៊ុន ផងដែរ។ ប៉ុន្តែការចរចាមិនបានលទ្ធផលអ្វីឡើយ។
 
ជាមួយនឹងការកាន់តំណែងនេះ លោកស្រី ឆេ ដែលជាមន្រ្តីជំនាញខាងកិច្ចការអាម៉េរិកផងនោះ នឹងក្លាយជាស្រ្តីដ៏មានអំណាចក្នុងជួរថ្នាក់ដឹកនាំកូរ៉េខាងជើងដូចលោកស្រី គីម យ៉ូចុង ប្អូនស្រីបង្កើតលោក គីម ដែរ។
 
អំឡុងកិច្ចប្រជុំដដែល លោក គីម ក៏ប្ដេជ្ញាពង្រឹងសមត្ថភាពការពារជាតិ និងសព្វាវុធរបស់កូរ៉េខាងជើង ដើម្បីទប់ទល់ស្ថានភាពប្រែប្រួលផ្នែកសន្តិសុខក្នុងតំបន់ និងពិភពលោក។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) មេដឹកនាំកូរ៉េខាងជើង ក៏បានថ្លែងការពារការបង្កើនការអភិវឌ្ឍអាវុធរបស់ខ្លួន ជាការអនុសិទ្ធិអធិបតេយ្យក្នុងការការពារប្រទេស ហើយដាក់ចេញផែនការសម្រាប់កងទ័ពកូរ៉េខាងជើងអនុវត្តបន្តទៀតផង។
 
យ៉ាងណាមិញ កូរ៉េខាងជើង មិនបានបញ្ចេញសារអ្វីទាក់ទងអាម៉េរិក និងកូរ៉េខាងជើង ឬព័ត៌មានទាក់ទងការសាកល្បងនុយក្លេអ៊ែរឡើយ។ ការរាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេស ក៏ជាប្រធានបទសំខាន់ក្នុងកិច្ចប្រជុំខាងលើដែរ៕

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com