ជាតិ
សម្ដេចទៀ បាញ់ ប្រាប់អន្តរជាតិ៖ កម្ពុជា ជាម្ចាស់មូលដ្ឋានរាម
11, Jun 2022 , 3:38 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ ថ្លែងទៅកាន់វេទិកាសន្តិសុខ Shangri-La នៅសិង្ហបុរី។ រូបថត Facebook General Tea Banh
រដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ ថ្លែងទៅកាន់វេទិកាសន្តិសុខ Shangri-La នៅសិង្ហបុរី។ រូបថត Facebook General Tea Banh
រដ្ឋមន្រ្តីការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ បានបកស្រាយជាថ្មីទៀតជុំវិញមូលដ្ឋានសមុទ្ររាម។ ថ្លែងទៅកាន់វេទិកាសន្តិសុខ Shangri-La នៅថ្ងៃទី១១ ខែមិថុនា សម្ដេចទៀ បាញ់ អះអាងថា កម្ពុជា ពិតជាម្ចាស់មូលដ្ឋានសមុទ្រមួយនេះ ហើយការអភិវឌ្ឍមូលដ្ឋានយោធា ក៏មិនបានគំរាមប្រទេសជិត ឬប្រទេសឆ្ងាយណាមួយដែរ។

 
ក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំពេញអង្គកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ដែលស្គាល់ជាទូទៅថា​ កិច្ចសន្ទនា Shangri-La សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បាននិយាយការពារការអភិវឌ្ឍមូលដ្ឋានសមុទ្ររាម ដែលជាជំនួយរបស់ចិន។ ការអភិវឌ្ឍមូលដ្ឋាននេះ ធ្វើឱ្យកម្ពុជារងព្យុះរិះគន់ខ្លាំងពីសំណាក់អាម៉េរិក ដែលបារម្ភថា ចិននឹងប្រើមូលដ្ឋានជាប់ឈូងសមុទ្រថៃផ្ដាច់មុខតែម្ដង។
 
តបនឹងរឿងនេះ ប្រមុខការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជាដែលជារដ្ឋឯករាជ្យ អធិបតេយ្យ និងមានសិទ្ធិសម្រេចវាសនារបស់ខ្លួនតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ បើតាមសម្ដេច ទៀ បាញ់ កម្ពុជារងការចោទប្រកាន់មិនចេះមិនចេះហើយថា នឹងអនុញ្ញាតឱ្យបរទេសប្រើមូលដ្ឋាននេះផ្ដាច់មុខ។ សម្ដេច ចាត់ទុកការចោទដែលគ្មានមូលដ្ឋាន តែមានមន្ទិល ជាការប្រមាថលើកម្ពុជា។
 
«ជាថ្មីម្ដងទៀត ខ្ញុំសូមធានាថា កម្ពុជាជាម្ចាស់មូលដ្ឋានរាម ហើយការអភិវឌ្ឍមូលដ្ឋានេះ មិនមែនជាការគំរាមដល់សន្តិសុខប្រទេសណា ឬតំបន់ណាមួយ មិនថាជិត ឬឆ្ងាយឡើយ។ យើងចាត់ទុកការចោទប្រកាន់នេះ ជាលេសដើម្បីបំពានប្រយោជន៍កម្ពុជា។» រដ្ឋមន្រ្តីការពារជាតិកម្ពុជាបន្តបែបនេះ។
 
បើតាមសម្ដេចទៀ បាញ់ ការអភិវឌ្ឍមូលដ្ឋានរាម ជាផ្នែកមួយនៃការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ។ លោកថ្លែងទៀតថា កម្ពុជានឹងបន្តបង្កើនសមត្ថភាពកងទ័ពរបស់ខ្លួន ដោយមិនត្រឹមតែដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីខ្លួនឡើយ តែដើម្បីបំពេញការងារផ្សេងទៀតឱ្យជោគជ័យដូចជាការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន ការស្រាវជ្រាវ និងរុករក និងប្រតិបត្តិការរក្សាសន្តិភាពផងដែរ។ 
 
លើសពីនោះ ប្រមុខការពារជាតិកម្ពុជា ក៏ថ្លែងប្រាប់អ្នកចូលរួមដែលជារដ្ឋមន្រ្តីការពារជាតិប្រទេសក្នុងតំបន់ និងមកពីពិភពលោកពីការពង្រឹងសមត្ថភាពកងទ័ពជើងទឹក ជើងអាកាស និងប្រព័ន្ធការពារអាកាស សំដៅការពារដែនទឹក និងដែនអាកាសរបស់ខ្លួន។ សម្ដេចក៏លើកឡើងពីការទទួលសព្វាវុធធុនធ្ងន់នាពេលថ្មីៗនេះដែរ៕
 

Tag:
 កម្ពុជា
  រាម
© រក្សាសិទ្ធិដោយ thmeythmey.com