អន្តរជាតិ
សិង្ហបុរី-ជប៉ុន ចុះកិច្ចព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ
11, Jun 2022 , 7:59 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិជប៉ុន Kishi Nobuo និងសមភាគីសិង្ហបុរី Ng Eng Hen។ រូបថតក្រសួងការពារជាតិសិង្ហបុរី
រដ្ឋមន្ត្រីការពារជាតិជប៉ុន Kishi Nobuo និងសមភាគីសិង្ហបុរី Ng Eng Hen។ រូបថតក្រសួងការពារជាតិសិង្ហបុរី
សិង្ហបុរី និងជប៉ុន នៅថ្ងៃទី១១ ខែមិថុនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែម សំដៅពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងផ្នែកសំខាន់ៗពីលើកិច្ចសហប្រតិបត្តិការមានស្រាប់។ បើតាមក្រសួងការពារជាតិសិង្ហបុរី កិច្ចសហប្រតិបត្តិការថ្មី នឹងផ្ដោតលើការនាំចេញចូលផលិតផលការពារជាតិផងដែរ។

 
កិច្ចព្រមព្រៀងលើការពង្រីកកិច្ចសហប្រតិបត្តិការយោធាសិង្ហបុរី-ជប៉ុន ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីការពារជាតិជប៉ុន Nobuo Kishi និងសមភាគីសិង្ហបុរី ​Ng Eng Hen នៅថ្ងៃទី១១ ខែមិថុនា នៅក្រៅវេទិកាសន្តិសុខ Shangri-La ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដំបូងនៅឆ្នាំ២០០៩។
 
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិសិង្ហបុរី វិស័យដែលប្រទេសទាំងពីរធ្វើការរួមគ្នាមានការគាំទ្រផ្នែកភ័ស្តុភារ ការផ្លាស់ប្ដូរបច្ចេកវិទ្យាការពារជាតិ ការការពារនឹងការគំរាមបង្កដោយអាវុធគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងគ្រឿងផ្ទុះ ប្រព័ន្ធគមនាគមន៍យុទ្ធសាស្រ្ត និងសន្តិសុខលម្ហសមុទ្រ។ កន្លងមក លើវិស័យការពារជាតិនេះ ប្រទេសទាំងពីរ ផ្ដោតលើការផ្លាស់ប្ដូរទស្សនកិច្ចមន្ត្រីការពារជាតិ និងកិច្ចសន្ទនាគោលនយោបាយជាដើម។
 
បន្ថែមពីលើការចុះហត្ថលេខាលើការពង្រីកកិច្ចសហប្រតិបត្តិការ ជប៉ុន និងសិង្ហបុរី ក៏ចាប់ផ្ដើមការចរចាលើកិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរបច្ចេកវិទ្យា និងគ្រឿងបរិក្ខារការពារជាតិ។ កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវដល់ការនាំចេញ-នាំចូលផលិតផលការពារជាតិរវាងប្រទេសទាំងពីរ ប៉ុន្តែមិនតម្រូវឱ្យប្រទេសណាត្រូវតែទិញ ឬលក់ផលិតផលឱ្យប្រទេសមួយទៀតឡើយ។
 
ក្រៅពីទំនាក់ទំនងទ្វេភាគី ជប៉ុន និងសិង្ហបុរី ក៏ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈយន្តការពហុភាគីដូចជាកិច្ចប្រជុំរដ្ឋការពារជាតិអាស៊ានបូកជាដើម។ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក មានប្រទេសអាស៊ានទាំង១០ បូកជប៉ុន កូរ៉េខាងត្បូង និងចិន។
 
នៅថ្ងៃដដែល នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ក៏ជួបជាមួយសមភាគីជប៉ុន គីស៊ីដា ហ្វូមីអូ ដោយភាគីទាំងពីរឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ។ លោក លី ប្រាប់លោក គីស៊ីដា ថា សិង្ហបុរីសង្ឃឹមពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងជប៉ុន និងសិង្ហបុរីនៅក្រោយវិបត្តិជំងឺកូវីដ-១៩ ដ្បិតនៅមានសក្ដានុពលជាច្រើនទៀតដែលប្រទេសទាំងពីរអាចប្រើប្រាស់៕
 

Tag:
 សិង្ហបុរី
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com