ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ទេសចរទៅកម្សាន្តលើភ្នំគូលែន កុំភ្លេចជួលសេវាប្រគំតន្រ្តីបុរាណ​ ដើម្បីផ្ដល់ចំណូលដល់សហគមន៍
12, Jun 2022 , 12:39 pm        
រូបភាព
សៀមរាប៖ ក្រៅពីសេវាម្ហូបអាហារ ការស្នាក់នៅ ការនាំភ្ញៀវ និងជួលម៉ូតូ សហគមន៍អន្លង់ធំ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ក៏មានសេវាប្រគំតន្រ្តីបុរាណ សម្រាប់ភ្ញៀវទេសចរផងដែរ​។ សម្រាប់ទេសចរ ដែលទៅកម្សាន្តលើភ្នំគូលែន អាចស្ដាប់ការប្រគំតន្រ្តីបុរាណរបស់សហគមន៍ ដើម្បីផ្ដល់ចំណូលដល់ពួកគេផងដែរ។


 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ និងលោក ហ៊ ជា ប្រធានក្រុមតន្ត្រីបុរាណសហគមន៍អន្លង់ធំ ខាងក្រោមដូចតទៅ៖
 
 
ក្នុងដំណើរកម្សាន្ត រយៈពេល៣ថ្ងៃ ក្រុមជំរំតង់ Cambodia Amazing Trip Planner បាននាំភ្ញៀវទេសចរ ឱ្យស្គាល់តំបន់ប្លែកៗ និងស្រស់ស្អាតជាច្រើនកន្លែងនៅលើភ្នំគូលែន។ លើសពីនេះ គឺការប្រើប្រាស់សេវាសហគមន៍ ពិសេសសេវាតន្រ្តីបុរាណសហគមន៍ សម្រាប់ប្រគំដល់ភ្ញៀវទេសចរផងដែរ។
 
ក្រុមតន្រ្តីបុរាណសហគមន៍អន្លង់ធំ មានសមាជិក៥នាក់ ហើយប្រើប្រាស់ឧបករណ៍តន្រ្តីបុរាណចំនួន២គឺទ្រ និងស្គរ។ ក្រុមតន្រ្តីបុរាណនេះ ភាគច្រើនលេងបទភ្លេងអារក្ស និងបទភ្លេងបុរាណមួយទៀតផងដែរ។ លោក ហ៊ ជា ជាប្រធានក្រុមតន្រ្តីបុរាណសហគមន៍អន្លង់ធំ លើកឡើងថា នៅពេលមានភ្ញៀវទេសចរជួលម្ដង ពួកគេប្រគំចំនួន៥បទ ហើយថវិកាទៅតាមភ្ញៀវផ្ដល់ឱ្យ។ ក្រុមតន្រ្តីបុរាណរបស់លោក ហ៊ ជា រកចំណូលមិនសូវបានឡើយពីវិស័យទេសចរណ៍ ព្រោះយូរៗទើបមានទេសចរជួលម្ដង រី​ឯពលរដ្ឋក្នុងសហគមន៍ក៏ជួលពួកគេម្ដងម្កាល សម្រាប់ពិធីបុណ្យទាននានា ឬមានមនុស្សឈឺផងដែរ។ ថ្វីបើរបស់នេះ មិនផ្ដល់ចំណូលច្រើនក៏ដោយ តែលោក ជា ស្រឡាញ់ នឹងមិនគិតថាចង់បោះចោលឡើយ ហើយថែមទាំងបានបង្រៀនកូនក្មួយឱ្យចេះប្រើប្រាស់ឧបករណ៍តន្រ្តីខ្មែរផងដែរ។​​

លោក ហ៊ ជា
 
តន្រ្តីករវ័យ៥៧ឆ្នាំរូបនេះ លើកឡើងថា៖«ខ្ញុំអត់ភ្លេចទេរបស់បុរាណយូរហើយតាំងពីឪ ព្រោះកើតមកខ្ញុំរៀនតាំងពីតូច អាជីពខ្ញុំតែប៉ុណ្ណេះឯង។ ចាត់ទុកពេលបងប្អូនគេត្រូវការទៅយើងសប្បាយទាំងអស់គ្នា ម្យ៉ាងពេលភ្ញៀវទេសចរគេចង់រាំ ក៏ឡើងរាំ តែប៉ុណ្ណោះឯង»។ ក្រុមតន្រ្តីបុរាណសហគមន៍នេះ មានសមាជិក៥នាក់ ហើយជាអ្នកភូមិអន្លង់ធំ និងជាកូនក្មួយរបស់លោក ហ៊ ជា​​​ ទាំងអស់។ ក្រៅពីការងារតន្រ្តី លោក ហ៊ ជា មានការងារជាឆ្មាំប្រាសាទ និង៤នាក់ទៀត ជាកសិករ និងធ្វើការងារទេសចរណ៍សហគមន៍ផងដែរ៕

លោក គឺន ធឺម
 
លោក ជា​ ជាវ
 
លោក សែម យូន
 

Tag:
 MOJO
 សហគមន៍អន្លង់ធំ
 តន្រ្តីបុរាណ
 ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com