ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី
យុវជនខ្មែរមួយក្រុមតែងតែឆ្លៀតពេលទំនេរពីការសិក្សា ទៅចូលរួមសកម្មភាពល្បាតព្រៃនៅក្នុងព្រៃឡង់ ដើម្បីជួយទប់ស្កាត់ការកាប់ទន្រ្ទានព្រៃឈើ សង្កេតពីបទល្មើសព្រៃឈើ និងចូលរួមថែទាំធនធានធម្មជាតិនៅកម្ពុជា។ ទោះបីការងារល្បាតព្រៃនេះ មានការប្រឈមច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែយុវជនទាំងនោះនៅតែតាំងចិត្តខ្ពស់ក្នុងការបន្តសកម្មភាព និងលើកទឹកចិត្តដល់យុវជនដទៃទៀត ឱ្យស្រលាញ់ព្រៃឈើ ជាពិសេសចូលរួមថែរក្សាធនធានធម្មជាតិនៅកម្ពុជា ដែលកំពុងរងការបាត់បង់។
ជាការពិតណាស់ ការចូលព្រៃដើរល្បាតដើម្បីឃាត់បទល្មើសព្រៃឈើ និងប្រមូលយកភស្តុតាងមកប្រគល់ជូនមន្រ្តីបរិស្ថាននៅជុំវិញព្រៃឡង់ គឺជារឿងមួយដែលយុវជនកម្ពុជាសម័យថ្មីនេះតិចណាស់មានការចាប់អារម្មណ៍ ក៏ព្រោះតែមានការប្រឈមគ្រោះថ្នាក់ខ្ពស់។ ប៉ុន្តែ យុវជន ម៉េត រ៉ូពី ជានិស្សិតដែលកំពុងសិក្សាជំនាញវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យផ៉ារ៉ាហ្គន បានចូលរួមសកម្មភាពដើរល្បាតព្រៃជាមួយសហគមន៍ព្រៃឡង់អស់រយៈពេលជាង៣ឆ្នាំមកហើយ។
មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ និស្សិតឆ្នាំទី៤រូបនេះចាប់ផ្ដើមចូលរួមការល្បាតព្រៃនៅចុងឆ្នាំ២០១៨ ពោលគឺនាអំឡុងពេលដែលរូបលោកឡើងមកបន្តការសិក្សានៅរាជធានីភ្នំពេញ។ រ៉ូពី មានចំណូលចិត្តចង់ការពារព្រៃឈើតាំងពីរៀនថ្នាក់ទី៨មកម្លេះ ព្រោះតែឃើញអ្នកភូមិនាំគ្នា ទៅទន្រ្ទានដីព្រៃនៅខេត្តក្រចេះ។ «ខ្ញុំអត់ពេញចិត្តក្នុងការឱ្យប្រជាពលរដ្ឋទៅកាប់បំផ្លាញព្រៃឈើទេ។ កាលនោះមិនដឹងធ្វើអី គ្រាន់តែមានអារម្មណ៍ថាអត់ពេញចិត្ត»។ នេះជាការលើកឡើងរបស់ រ៉ូពី។ បើតាមយុវជនវ័យ រូបនេះ កន្លងមកផ្លូវខាងមុខផ្ទះរបស់លោក គឺជាផ្លូវដែលគេដឹកឈើចេញពីខេត្តក្រចេះ រតនគីរី និងមណ្ឌលគីរី ទៅកាន់ប្រទេសវៀតណាម។
ស្ថិតនៅក្នុងវ័យ២២ឆ្នាំ យុវជនរូបនេះបានចុះល្បាតព្រៃឡង់ចំនួន៥លើកមកហើយ ដោយមួយលើកៗរ៉ូពីចំណាយពេល២ទៅ៣ថ្ងៃ ដែលតម្រូវឱ្យស្នាក់នៅជាមួយប្រជាសគមន៍។ បើតាម រ៉ូពី ការចំណាយពេលល្បាតព្រៃនេះ ក៏ប៉ះពាល់ដល់ការសិក្សារបស់ខ្លួនផងដែរ តែព្រោះតែចិត្តស្រលាញ់ព្រៃឈើ យុវជនរូបនេះ ព្យាយាមស្វះស្វែងសិក្សាបន្ទាប់ពីបេសកកម្មល្បាតព្រៃត្រូវបានបញ្ចប់។
យុវជន ម៉េត រ៉ូពី
ការដើរល្បាតនេះ រ៉ូពី ត្រូវដើររាប់គីឡូម៉ែត្រនៅក្នុងព្រៃជ្រៅជាមួយនឹងសំពាយសម្ភារនានាខាងក្រោយខ្នង។ ការដើរល្បាតនោះរាងកាយរ៉ូពីត្រូវរងរបួសដោយមុតមែកឈើ ឬដើរដួលជាដើម និងប្រឈមប្រទះនូវសត្វកាចសាហាវជាដើម។ រ៉ូពី បន្តលើកឡើងថា៖ «សកម្មភាពទាំងនេះ យើងរៀនសូត្រពីមួយលើកទៅមួយលើក អ៊ីចឹងលើកចុងក្រោយយើងយល់ថាអ្វីដែលយើងគួរតែដាក់ទៅតាមខ្លួន! អ្វីដែលយើងគួរធ្វើពេលធ្វើសកម្មភាពចុះល្បាតជាមួយសមាជិកផ្សេងទៀត»។ លោកបានបញ្ជាក់ថា៖ « ការរៀនសូត្រជាបំណិនជីវិត អ៊ីចឹងវាអាចមានច្រើនយ៉ាង តែអ្វីដែលសំខាន់វាធ្វើឱ្យយើងមានភាពតស៊ូ និងអំណត់អត់ធ្មត់ក្នុងការធ្វើសកម្មភាពណាមួយ ព្រោះការដើរក្នុងព្រៃ យើងមិនដែលធ្លាប់ច្បាស់ជាមានភាពភ័យខ្លាច តែវាធ្វើឱ្យយើងមានភាពតស៊ូក្នុងជីវិត»។
បើតាមយុវជនរូបនេះ ការចូលរួមសកម្មភាពល្បាតព្រៃ គឺមិនត្រឹមតែជាបុព្វហេតុមួយដែលការពារធនធានធម្មជាតិប៉ុណ្ណោះទេ តែវាជារឿងរ៉ាវមួយដែលមនុស្សគ្រប់រូប ពិសេសយុវជនអាចរៀនសូត្របានសម្រាប់បំពេញបន្ថែមក្នុងជីវិត។
យុវជន ហៀម ផេត
សម្រាប់យុវជន ហៀម ផេត ដែលមានកំណើតរស់នៅក្នុងខេត្តកំពង់ឆ្នាំង គឺបានចូលរូមសកម្មភាពល្បាតព្រៃតាំងពីនៅក្មេង ជាមួយឪពុកម្តាយរបស់ខ្លួន និងជាមួយអ្នកភូមិ។ យុវជនដែលបច្ចុប្បន្ន មានវ័យ២១ឆ្នាំរូបនេះ គឺជាប្រជាសហគមន៍ក្បាលខ្លា ដែលមានទីតាំងស្ថិតនៅឃុំសណ្ដាន់ ស្រុកសណ្ដាន់។
បើតាម ផេត ឪពុកម្តាយរបស់ខ្លួន គឺស្ថិតក្នុងចំណោមអ្នកភូមិដែលដើរល្បាតព្រៃយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការបរបាញ់សត្វព្រៃ និងការកាប់ឈើខុសច្បាប់។ មុនពេលមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅភ្នំពេញ យុវជនរូបបនេះ តែងតែដើរល្បាតព្រៃក្រោយចេញពីរៀន ចាប់ម៉ោង៤រសៀល រហូតដល់ពាក់កណ្តាលអធ្រាត្រ។ ផេក បាននិយាយដូច្នេះ៖ «ចិត្តស្រលាញ់ ចង់ឃើញព្រៃឈើនៅគង់វង្សដល់ជំនាន់ក្រោយ ព្រោះពេលចូលដល់ព្រៃឡង់មានអារម្មណ៍មួយថា[ខ្ញុំ]សប្បាយចិត្តមែនទែន ពេលឃើញព្រៃនៅ។ តែពេលទៅតាមទាន់គេគាប់[ឈើវិញ]មានអារម្មណ៍អត់ស្រួលក្នុងចិត្ត»។
បច្ចុប្បន្ន ទោះបី ផេក មមាញឹកនឹងការសិក្សានៅទីក្រុងក្តី ប៉ុន្តែរូបគេនៅតែឆ្លៀតចុះបេសកកម្មល្បាតព្រៃជាមួយប្រជាសហគមន៍ជានិច្ច ក្នុងគោលដៅចូលរួមថែរក្សាធនធានព្រៃឈើសម្រាប់ជាប្រយោជន៍ដោយនិរន្តរ៍ភាពដល់សត្វព្រៃ ប្រជាសហគមន៍។ ព្រៃឈើប្រមាណ៨០ភាគរយនៃព្រៃឈើសរុបក្នុងសហគមន៍ក្បាលខ្លាបានបំផ្លាញ។ ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ការកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ត្រូវបានថយចុះ ព្រោះតែមានការចូលរួមឥតឈប់ឈរពីក្រុមប្រជាពលរដ្ឋដែលព្រួយបារម្ភអំពីព្រៃឈើ និងចូលរួមយ៉ាងសកម្មក្នុងការការពារធម្មជាតិ។ នេះជាការកត់សម្គាល់របស់ ហៀម ផេត។
ស្រីណុច ក៏មានលក្ខណៈមិនខុសពីយុវជនទាំង២ខាងលើប៉ុន្មាន ផងដែរ។ នាង បានយកឱកាសដែលទំនេរពីការសិក្សាទៅ ចូលរួមដើរល្បាតព្រៃជាមួយសហគមន៍ នៅខេត្តស្ទឹងត្រែង។ ដំណើរការចុះល្បាតព្រៃនាកន្លងមក ជា ស្រីណុច បានឃើញបុរសម្នាក់ជិះម៉ូតូដឹកសត្វក្តាន់មួយក្បាលកាត់ មុខការិយាល័យមន្ទីរបរិស្ថានខេត្ត។ តែបុរសនោះត្រូវបានចាប់ខ្លួន ព្រោះតែក្រុមរបស់នាង និងអ្នកភូមិបានរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរ។ នេះបទពិសោធន៍ល្អរបស់ស្រីណុច ដោយបានចូលរួមបង្កាប់ជនល្មើសដើម្បីសត្វព្រៃដទៃទៀតដែលមានកំពុងរស់នៅក្នុងព្រៃ។ នាងបាននិយាយដូច្នេះ៖«បើគ្មានក្រុមយុវជន និងសហគមន៍ទេ គាត់ [បុរសដឹកក្តាន់ ]នោះនឹងរត់បាត់ហើយ»។
កញ្ញា ជា ស្រីណុច
ឆ្នាំ២០២១ ស្ត្រីរូបនេះ សម្រេចចូលប្រឡូកក្នុងកិច្ចការងារអភិរក្សព្រៃឡង់ តាមរយៈការដើរល្បាតព្រៃក្នុងមួយម្តងៗ គឺមានរយៈពេល៣ថ្ងៃ២យប់ ជាមួយនឹងការលាក់អត្តសញ្ញារបស់ខ្លួន។ «យើងទៅរស់នៅក្នុងសហគមន៍ដើម្បីសង្កេតមើលការដឹកជញ្ជូនឈើខុសច្បាប់។ យើងនៅក្នុងនាមជាក្មួយរបស់អុំៗ[ប្រជាសហគមន៍] ដើម្បីការពារសុវត្ថិភាព»។ នេះ ជាការលើកឡើងរបស់ ស្រីណុច។
ការចង់ឃើញព្រៃឡង់ដែលជាព្រៃដ៏ក្រាស់នៅកម្ពុជា ដោយផ្ទាល់ភ្នែក គឺជាកត្តាយ៉ាងចម្បងដែលជំរុញឱ្យស្រីណុចចូលរួមល្បាតព្រៃ ទាំងដឹងថាសកម្មភាពនៃការងារទាំងនេះ គឺមានភាពលំបាក និងប្រឈមគ្រោះថ្នាក់ ជាពិសេសសម្រាប់មនុស្សស្រី។ កាលពីឆ្នាំ២០១៧ ស្រីណុចបានឃើញវីដេអូមួយដែលផ្សព្វផ្សាយអំពីព្រៃឡង់ដែលមានដើមធំៗដ៏ស្កឹមស្កៃ។ តាំងពីពេលនោះមក នាងក៏ចិញ្ចឹមចិត្តចង់ចូលទៅក្នុងព្រៃឡង់ដោយផ្ទាល់ ដោយនាងស្វែងរកកម្មវិធីផ្សេងៗដែលអាចចូលទៅព្រៃឡង់បាន ប៉ុន្តែហាក់ដូចជាមិនប្រទះសោះ។ លុះដល់ឆ្នាំ២០២១ នាងក៏បានចូលរួមជាមួយនឹងបណ្ដាញយុវជនកម្ពុជាដែលហៅកាត់ថា CYN។
CYN មានកម្មវិធីមួយដែលឱ្យយុវជនកម្ពុជាអាចកសាងទំនាក់ទំនងជាមួយសហគមន៍ព្រៃឡង់ និងចុះល្បាតព្រៃដើម្បីស្វែងយល់ពីស្ថានភាពព្រៃឈើនៅកម្ពុជា។ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានលើកឡើងថា CYN ផ្តល់ឱកាសឱ្យយុវជនចូលរួមល្បាតព្រៃតាមរយៈការផ្សាភ្ជាប់ទំនាក់ទំនងយុវជនជាមួយសហគមន៍មូលដ្ឋាន ដែលធ្វើកិច្ចការអភិរក្ស និងការពារធនធានធម្មជាតិ ឬព្រៃឈើ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គីមហុង បាននិយាយដូច្នេះ៖«CYN ពុំសូវមានសកម្មភាពល្បាតដោយផ្ទាល់ឡើយ។ តែនៅពេលណាដែលយើងរៀបចំសកម្មភាពទស្សកិច្ចសិក្សា ឬការបោះជំរុំ យើងតែផ្តល់ឱកាសដល់ក្រុមយុវជនដែលចូលរួមសកម្មភាពជាមួយយើងទាំងមកពីក្រុង ឬសហគមន៍ផ្សេងៗឱ្យមានឱកាសចូលល្បាតព្រៃពេញមួយថ្ងៃ ឬកន្លះថ្ងៃ ដើម្បីឱ្យពួកគេបានឃើញព្រៃឈើ ឬបទល្មើសព្រៃឈើដោយផ្ទាល់»។ លោក បានបញ្ជាក់បន្ថែមថា ពេលចុះល្បាតព្រៃ ក្រុមយុវជនអាចស្វែងយល់ពីព្រៃឈើ អាចឃើញដើមឈើធំៗដែលបានការពារដោយសហគមន៍ ទេសភាពព្រៃត្រូពិចបៃតងរបស់កម្ពុជា ហើយក៏អាចជួបបទល្មើសដោយផ្ទាល់ ផងដែរ។ ទន្ទឹមនឹងគ្នានេះ យុវជនក៏មានឱកាសបានជួបដោយផ្ទាល់នូវបទល្មើសនានា ដោយក្នុងនោះមាន៖ ការទន្ទ្រានដីយកជាកម្មសិទ្ធិដោយខុសច្បាប់, ការកាប់ ឬដឹកជញ្ជូនឈើ, ការដាក់អន្ទាក់សត្វ, ការបោះជំរុំដើម្បីកាប់ឈើឬទន្ទ្រានដី ព្រៃជាដើម។
បើតាមប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជារូបនេះ ការចូលរួមចំណែករបស់យុវជនខាងលើក្នុងការការពារព្រៃឈើ និងបរិស្ថាននេះ គឺជារឿងសំខាន់សម្រាប់ការពារធនធានធម្មជាតិកម្ពុជា ដោយសារតែពួកគេអាចយករឿងរ៉ាវទាំងនេះមកផ្សព្វផ្សាយដល់យុវជ និងប្រជាពលរដ្ឋផ្សេងទៀត ពីការចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិ។
«តួនាទីយុវជនសំខាន់ណាស់ ពួកគេនឹងមិនចូលរួមកាប់បំផ្លាញ់ព្រៃឈើ ហើយពួកគេនឹងនាំអនុសាសន៍ដើម្បីតស៊ូមតិឱ្យមានភាពល្អប្រសើរសម្រាប់ការពង្រឹង ឬជំរុញអនុវត្តគោលនយោបាយការពារធនធានធម្មជាតិដោយស្ថាប័នពាក់ព័ន្ធកាន់តែប្រសើរនាពេលអនាគត»។ នេះជាការលើកឡើងរបស់លោក គីមហុង។ ជាមួយគ្នា លោក គីម ហុង លើកទឹកចិត្តនិងចង់ឱ្យយុវជនចូលរួមកាន់តែច្រើនក្នុងការកិច្ចការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជាសម្រាប់មនុស្សជាតិគ្រប់ជំនាន់។
តាមការវាយតម្លៃធនធានគម្របដីព្រៃឈើឆ្នាំ២០១៨ ដែលជាលទ្ធផលចុងក្រោយ ផ្ទៃដីព្រៃឈើកម្ពុជាមានប្រមាណ៨,៥លានហិកតា ដែលស្មើនឹង៤៦,៨៦ភាគរយ ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងបបរិស្ថាន៕