ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
លោក យូ នរិនដា ជំរុញយុវជនឱ្យ​​​ចូល​ហាត់ក្បាច់គុនយុទ្ធក្រមខម​ ដើម្បីថែក្បាច់គុននេះ​ឱ្យ​គង់​វង្ស
12, Jun 2022 , 10:59 pm        
រូបភាព
លោក យូ នរិនដា អនុប្រធានក្បាច់គុនយុទ្ធក្រមខម
លោក យូ នរិនដា អនុប្រធានក្បាច់គុនយុទ្ធក្រមខម
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ យុទ្ធក្រមខម គឺជាឈ្មោះគម្ពី ក្បួនពិជ័យសង្រ្គាម ដែលបែងចែកជាបីរួមមាន យុទ្ធគុនខម យុទ្ធសិល្ប៍ខម និងយុទ្ធកលខម ហើយក៏ជាក្បាច់គុនមេនៃក្បាច់គុនខ្មែរតាំងពីសម័យបុរាណមកម៉្លេះ។ លោក យូ នរិនដា អនុប្រធានសហព័ន្ធក្បាច់គុនយុទ្ធក្រមខម បានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ថា ក្រៅពីអាជីពជាគ្រូសាក់យ័ន្តខ្មែរប្រចាំសហព័ន្ធដូចសព្វថ្ងៃ លោកឆ្លៀតពេលផលិតវីដេអូមួយចំនួន ពីក្បាច់គុនយុទ្ធក្រមខមនេះដែរ ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយឱ្យយុវជនខ្មែរជំនាន់បានស្គាល់ និងចូលរួមថែរក្សាក្បាច់គុននេះដែរ។ លោក យូ នរិនដា ក៏ចង់ឃើញយុវជនចូលរួមហ្វឹកហាត់ក្បាច់គុនយុទ្ធក្រមខមកាន់តែច្រើនទៀត ដើម្បភាពគង់វង្សនៃមរតកក្បាច់គុនដូនតា។

 ​
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី» និងលោក យូ នរិនដា ដូចតទៅ៖
 
 
ក្បាច់គុនយុទ្ធក្រមខម ជាឈ្មោះគម្ពីក្បួនពិជ័យសង្រ្គាម ដែលមានយុទ្ធគុនខម យុទ្ធសិល្ប៍ខម និងយុទ្ធកលខម។ ក្បាច់គុនយុទ្ធក្រមខម ដែលមានរាប់ម៉ឺន រាប់ពាន់ក្បាច់នេះ ក៏ជាក្បាច់គុនមេនៃក្បាច់គុនខ្មែរតាំងពីសម័យបុរាណមកម្ល៉េះ។ នេះជាការបញ្ជាក់របស់ លោក យូ​ នរិនដា ​អនុប្រធានសហព័ន្ធក្បាច់គុនយុទ្ធក្រមខម និងជាគ្រូចាក់សាក់មួយរូបផង ក្នុងកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ។
 
ក្រៅពីបណ្តុះបណ្តាល​​សិស្សនៅសហព័ន្ធផ្ទាល់ និង​ផ្សព្វផ្សាយនៅតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាល័យនានា លោក យូ នរិនដា ក៏បានផលិតវីដេអូជាច្រើន ផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីក្បាច់ប្រយុទ្ធនានា នៃក្បាច់គុនយុទ្ធក្រមខមនេះ​ដែរ ពិសេស​​អំឡុងពេលដែលជំងឺ​កូវីដ-១៩ រាតត្បាតខ្លាំងនៅកម្ពុជា។ លោក យូ នរិនដា បន្ថែមដូច្នេះ៖ «សម័យកូវីដនេះ យើងមានបញ្ហាតិចតួច តែយើងបន្តធ្វើវាដោយក្តីស្រលាញ់ និងចិត្តចង់ការពារនូវសម្បត្តិវធ្បធម៌។ ក្នុងសម័យកាលកូវីដនេះ ក៏យើងព្យាយាម និងឆ្លៀតធ្វើវីដេអូមួយចំនួន ដើម្បីកុំឱ្យបាត់បង់សកម្មភាព និងបាត់បង់នូវអ្វីដែលយើងខំថែរក្សា នៃមរតកដូនតាយើង។»។


លោក យូ នរិនដា អនុប្រធានក្បាច់គុនយុទ្ធក្រមខម
 
សម្រាប់លោក យូ នរិនដា ដែលមានវ័យជិត៣០ឆ្នាំរូបនេះ ការថតវីដេអូផ្សព្វផ្សាយនេះ ជាផ្នែកមួយនៃការចូលរួមថែរក្សាក្បាច់គុនយុទ្ធក្រមខម។ អនុប្រធានសហព័ន្ធក្បាច់គុនយុទ្ធក្រមខម លើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយ បន្តចូលរួមថែរក្សាក្បាច់គុនយុទ្ធក្រមខមនេះ ឱ្យកាន់តែច្រើន តាមរយៈការស្វែងយល់បន្ថែម និងជាពិសេស ការចូលហ្វឹកហាត់ក្បាច់គុននេះ។ «ខ្ញុំចង់ឱ្យយុវជនទាំងអស់ ចូលរួមហ្វឹកហាត់ និងថែរក្សាឱ្យបានគ្រប់ៗគ្នា ព្រោះកុំឱ្យបាត់បង់ កុំឱ្យយើងមានភាពស្តាយក្រោយនៅពេលដែលយើងបាត់បង់អ្វីដែលជាសម្បត្តិជាតិរបស់យើង។»។  នេះជាការអំពាវនាវរបស់ លោក យូ នរិនដា មុននឹងលោកប្តេជ្ញាបន្តថែរក្សា និងបណ្តុះបណ្តាលក្បាច់គុនយុទ្ធក្រមខម ដល់អ្នកជំនាន់ក្រោយឱ្យបានកាន់តែច្រើន​៕


លោក យូ នរិនដា អនុប្រធានក្បាច់គុនយុទ្ធក្រមខម និង សហការី


Tag:
 យូ នរិនដា
  ក្បាច់គុន
  យុទ្ធក្រមខម​
© រក្សាសិទ្ធិដោយ thmeythmey.com