អន្តរជាតិ
លោកហ្សេលេនស្គី រំឭកសម្ដីលោកលី ក្វាន់យូ៖ ត្រីធំស៊ីត្រីតូច ត្រីតូចស៊ីកំពឹស
12, Jun 2022 , 4:59 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងសុន្ទរកថាទៅកាន់វេទិកា Shangri-La ។
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងសុន្ទរកថាទៅកាន់វេទិកា Shangri-La ។
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១១ ខែមិថុនា បន្តថ្លែងសុន្ទរកថាទៅវេទិកាអន្តរជាតិ ជាមួយការផ្ញើសារពីការតស៊ូរបស់អ៊ុយក្រែនតទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ថ្លែងទៅកាន់វេទិកាសន្តិសុខនៅសិង្ហបុរី លោក ហ្សេលេនស្គី ទទូចឱ្យពិភពលោកចាត់វិធានការប្រឆាំងរុស្ស៊ី និងការធានាច្បាប់អន្តរជាតិ ដោយបានរំឭកដល់សម្ដីអតីតនាយករដ្ឋមន្រ្តីសិង្ហបុរី លី ក្វាន់យូ «ត្រីធំស៊ីត្រីតូច ត្រីតូចស៊ីកំពឹស»។

 
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលតែងបង្ហាញវត្តមាននៅកិច្ចប្រជុំធំៗចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមកនោះ បន្តចេញដល់ជំនួបកំពូលសន្តិសុខអាស៊ីដែលរៀបចំនៅសិង្ហបុរីថែមទៀត។ មិនខុសពីវេទិកាមុនៗឡើយ លោក ហ្សេលេនស្គី បានរិះគន់រុស្ស៊ីយ៉ាងចាស់ដៃ ហើយទទូចឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធឱ្យបានកាន់តែខ្លាំង ជាការឆ្លើយតបនឹងការបំពានអធិបតេយ្យរបស់អ៊ុយក្រែន។ 
 
ក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូប្រមាណ១០នាទី មេដឹកនាំអ៊ុយក្រែន ក៏និយាយដល់ការថ្លែងរបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ កាលពីឆ្នាំ១៩៦៦ ដើម្បីពិពណ៌នាទង្វើរុស្ស៊ីនៅអ៊ុយក្រែន ដែលប្រទេសមហាអំណាចមួយបំពានប្រទេសតូចជាងខ្លួននោះ។
 
«ប្រសិនបើគ្មានច្បាប់អន្តរជាតិ ហើយត្រីធំស៊ីត្រីតូច ត្រីតូចស៊ីកំពឹស យើងប្រហែលគ្មានលើលោកឡើយ។» ប្រធានាធិបតីអ៊ុយក្រែនលើកឡើងបែបនេះ មុនបន្តលើកសរសើរលោក លី ក្វាន់យូ ដែលមានទស្សនវិស័យវែងឆ្ងាយ។ ប៉ុន្តែលោក ហ្សេលេនស្គី មិនបាននិយាយដល់ឃ្លាចុងក្រោយកំពឹសខ្លះមានពិសឡើយ។ 
 
អ្វីដែលស្ថាបនិកសិង្ហបុរីចង់សំដៅ គឺប្រទេសតូចដែលលោកប្រដូចទៅនឹងត្រីតូច ឬកំពឹស ងាយរងគ្រោះដោយសារប្រទេសធំដែលលោកចាត់ទុកជាត្រីធំ។ ដើម្បីការពារខ្លួន ប្រទេសតូចត្រូវពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនដើម្បីក្លាយជាកំពឹសមានពិសដែលពិបាកនឹងបំពាន ឬចងសម្ព័ន្ធភាពជាមួយប្រទេសដែលមានអំណាច។ នេះក៏ជាអ្វីដែលសិង្ហបុរីបានអនុវត្តផងដែរ។
 
ចាប់តាំងពីរុស្ស៊ីឈ្លានពាននៅថ្ងៃទី២៤ ខែកុម្ភៈ អ៊ុយក្រែន រងការបំផ្លាញយ៉ាងខ្ទេចខ្ទាំ ស្របពេលរុស្ស៊ីរងទណ្ឌកម្មជាច្រើនជាន់។ ប៉ុន្តែលោក ហ្សេលេនស្គី នៅតែអំពាវនាវឱ្យអន្តរជាតិបន្តរឹតករុស្ស៊ីថែមទៀតដើម្បីឱ្យបញ្ចប់ការឈ្លានពាននេះ៕

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com