ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន នឹងដាក់លិខិតទៅលោក មីន អ៊ុងឡាំង ឱ្យពិចារណាលើការកាត់ទោសយុវជន២នាក់
13, Jun 2022 , 10:01 am        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា ឆ្នាំ២០២២។
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា ឆ្នាំ២០២២។
សម្ដេច ហ៊ុន សែន នឹងស្នើទៅលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឱ្យពិចារណាលើការកាត់ទោសប្រកាសជីវិតយុវជន២នាក់។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាលាភូមិន្ទរដ្ឋបាល និងការបើកវគ្គបណ្ដុះបណ្ដាលឆ្នាំសិក្សា២០២២ នាថ្ងៃទី១៣ មិថុនា។



«ខ្ញុំកំពុងធ្វើលិខិតទៅឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅមីយ៉ាន់ម៉ា ស្នើសុំឱ្យពិចារណាពីការកាត់ទោសប្រហារជជីវិតយុវជន២នាក់»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលសង្ឃឹមថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងពិនិត្យពិចារណាលើសំណើរបស់សម្ដេច ដែលជាប្រធានអាស៊ាន។

សម្ដេច ចេញមុខដាក់សំណើទៅលោក មីន អ៊ុងឡាំង នេះ ដោយសារមិនចង់ឃើញបញ្ហានៅមីយ៉ាន់ម៉ា កាន់តែក្តៅថែមទៀត។ «យើងមិនចង់ឃើញនូវអ្វីដែលកើតឡើងបន្ថែមទៅលើអ្វីដែលជាបញ្ហាកំពុងលំបាកស្រាប់នោះទេ»។ នេះបើតាមប្រមុខរដ្ឋាភិបាលកម្ពុជា។

សារព័ត៌មានថ្មីៗ មិនទាន់ទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស ដើម្បីសុំការអត្ថាធិប្បាយបន្ថែម លើលិខិតដែលសម្ដេច ហ៊ុន សែន ដាក់ទៅមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានឡើយ។
 
ក្រុមយុវជន ដែលប្រឈមមុខផ្តន្ទាទោសប្រហារជីវិតនេះ គឺជាអ្នកចេញមុខប្រឆាំងនឹងរដ្ឋបាលរបស់លោក មីន អ៊ុងឡាង។ កន្លងមកសម្តេច ហ៊ុន សែន ធ្លាប់បាននិយាយថា ការផ្តន្ទាទោស និងផែនការប្រហារជីវិតលើបុគ្គលមួយចំនួន ដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅអាស៊ាន។
 
អត្ថបទទាក់ទង
 
ក្នុងនាមជាប្រធានអាស៊ាន សម្ដេច ហ៊ុន សែន បានប្ដេជ្ញាសម្របសម្រួល និងដោះស្រាយបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ឱ្យទទួលបានផ្លែផ្កា បើទោះដឹងថាវាលំបាកក៏ដោយ។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា ការទាញមីយ៉ាន់ម៉ា ឱ្យត្រឡប់កៅអីអាស៊ានវិញ គឺវាជារឿងចាំបាច់បំផុត ដើម្បីបង្ហាញពីភាពរឹងមាំរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ សម្ដេច មើលឃើញថា បើមិនជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យទាន់ពេលវេលាទេ នោះអាស៊ានក៏ប្រឈមមុខនឹងការបែកបាក់គ្នាដែរ។

 
កាលពីខែមករា កន្លងមក សម្ដេច ហ៊ុន សែន ក៏បានទៅជួបលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ដោយផ្ទាល់ នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយលើវិបត្តិនយោបាយមីយ៉ាន់ ផងដែរ។ មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីររូបនេះ ក៏បានជួបគ្នាតាមប្រព័ន្ធវីដេអូ ២លើកថែមទៀតផង។
 
ក្រៅពីនេះ ប្រេសិតពិសេសប្រធានអាស៊ាន លោក ប្រាក់ សុខុន ក៏បានទៅសិក្សាស្វែងយល់ពីបញ្ហាវិបត្តិមីយ៉ាន់ម៉ា ដើម្បីរកដំណោះស្រាយបញ្ចប់ជម្លោះនយោបាយនេះដែរ កាលពីថ្ងៃទី២១-២២ មីនា។ លោក ប្រាក់ សុខុន ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ នោះ បានវាយតម្លៃថាគ្រប់ភាគីនយោបាយទាំងអស់ មិនទាន់ត្រៀមខ្លួនជួបចរចាគ្នា ដើម្បីរកដំណោះស្រាយបញ្ចប់បញ្ហាជម្លោះនេះទេ។
 
បើតាមលោក ប្រាក់ សុខុន បញ្ហាជម្លោះស៊ីវិលនៅមីយ៉ាន់ម៉ា មិនអាចប្រើពេលវេលាមួយខែ ឬមួយឆ្នាំ ដើម្បីដោះស្រាយចេញភ្លាមៗបានឡើយ។ តែយ៉ាងណារដ្ឋមន្ត្រីការទូតកម្ពុជារូបនេះ នៅតែប្ដេជ្ញាប្រឹងប្រែងរកច្រកផ្លូវវិជ្ជមាន ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា នៅក្នុងអាណត្តិរបស់ខ្លួន៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com