ជាតិ
រថយន្ត
ការសិក្សា៖ អឺរ៉ុបមាន​ករណី​លួច​រថយន្ត​កើន​ឡើងខ្ពស់ ជាពិសេសអ៊ីតាលី ខណៈបារាំងមានរាល់ថ្ងៃ
13, Jun 2022 , 7:29 pm        
រូបភាព
ដោយ: ធីតា
ការសិក្សាមួយ​របស់ក្រុមអ្នក​ជំនាញ​ផ្នែក​ធានារ៉ាប់រងយានយន្ត បាន​បង្ហាញថា បណ្តា​ប្រទេសនៅទ្វីបអឺរ៉ុប មាន​ករណីលួច​រថយន្តកើនឡើងខ្ពស់។ គេហទំព័រ Confused.com បាន​វាយតម្លៃ​របាយការណ៍​ តាមរយៈ​ការ​ប្រៀបធៀប​ចំនួន​ពលរដ្ឋនៃបណ្តា​ប្រទេសនីមួយ​ៗ ដើម្បី​ស្វែងរកចំនួន​លួចជាមធ្យម​ក្នុងចំណោម​មនុស្ស​១០ម៉ឺននាក់។

 
ការសិក្សា​បានបង្ហាញថា អ៊ីតាលី មាន​តួលេខ​ករណីលួច​រថយន្ត​ច្រើន​ជាងគេនៅ​ទ្វីបអឺរ៉ុប ដោយ​ជាមធ្យម​មាន២៧៦ករណីរៀងរាល់ឆ្នាំ​។ ប្រៀបធៀបទៅ​នឹង​ប្រទេសដែលមានចំនួនពលរដ្ឋប្រហាក់ប្រហែលគ្នា តួលេខនេះ មាន​៨០ភាគរយច្រើន​ចក្រភពអង់គ្លេស (១៥៣ករណី) និង​៥ភាគរយ​ច្រើន​ជាងបារាំង (២៦១ករណី) សម្រាប់មូលដ្ឋានក្នុង​រង្វង់មនុស្ស​១០ម៉ឺននាក់។
 
សារធារណរដ្ឋឆែក ស្ថិតនៅ​លំដាប់​លេខពីរ ដោយមាន​ជាមធ្យម ២៧៤ករណី។ សម្រាប់តំបន់​ស្កង់ឌីណាវ ស៊ុយអែត មានតួលេខដ៏គួរឲ្យព្រួយបារម្ភ ដោយមាន២៦៦ករណី ដែលជាចំនួន​ដ៏ខ្ពស់ ខណៈ​ហ្វាំងឡង់ មាន​១៣៩ករណី និង​ន័រវេសមាន​១១២ករណី ក្នុង១ឆ្នាំលើចំនួនពលរដ្ឋ​១០ម៉ឺននាក់ដូចគ្នា។
 
បារាំង​ ស្ថិតនៅ​លេខ៤លើតារាង ដោយមាន​២៦១ករណីក្នុង១ឆ្នាំ​ ហើយ​តួលេខនេះ មាន​ច្រើន​ដាច់ឆ្ងាយយពី​ប្រទេស​ជិតខាងរបស់ខ្លួន​ ដោយលើស​អាល្លឺម៉ង់ដល់ទៅ​២៧៦ភាគរយ និង​លើស​ស្វីសចំនួន​​២០៥ភាគរយ។
 
អ្វីដែល​គួរឲ្យ​កត់សម្គាល់នោះ របាយការណ៍​ប្រចាំថ្ងៃបង្ហាញថា បារាំងករណី​លួច​នៅទូទាំង​ប្រទេស​​បារាំង មាន​ជាមធ្យម​៤៧៤ព្រឹត្តិការណ៍ ដែលអាចនិយាយ​បាន​ថា ២០លើកក្នុង១ម៉ោង ឬ១លើក​រៀង​រាល់​៣នាទីម្តង។
 
ដាណឺម៉ាក ជាប្រទេស​ដែល​រងគ្រោះ​ដោយសារអំពើ​ចោរកម្ម​រថយន្តតិចជាងគេ ដោយមាន​ជាមធ្យម​៥ករណី​ក្នុង១ឆ្នាំ​ចំណោមមនុស្ស​១០ម៉ឺននាក់។ រូម៉ានី មានតែ១៤ករណី, លិចតិញស្តាញ និងក្រូអាស៊ី មានតែ​២២ករណី ជារៀងរាល់ឆ្នាំដូចគ្នា។
 
លោក Alex Kindred អ្នកជំនាញនៅ Confused.com បាន​លើកឡើងថា ករណី​លួចរថយន្តមាន​ជារៀងរាល់ថ្ងៃនៅអឺរ៉ុប ដូច្នេះមនុស្សទាំងអស់គ្នា​ត្រូវ​តែភ្ញាក់ខ្លួនបង្កើន​សុវត្ថិភាព​របស់យានយន្ត​របស់ខ្លួន។ លោក​បានណែនាំឲ្យអនុវត្តវិធានការសុវត្ថិភាពមួយចំនួន​ដូចជា ការ​ចាក់សោរចង្កូត, ការដាក់ឧបករណ៍ប្រកាសអាសន្ន និង​ការប្រើប្រាស់លេខកូដសម្ងាត់ផ្សេងៗ ជាពិសេស​ការ​ចតនៅទីតាំងសុវត្ថិភាព៕
 

© រក្សាសិទ្ធិដោយ thmeythmey.com