ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន៖ ស្ថាប័នមួយចង់រីកចម្រើន ត្រូវកែទម្រង់ពីធនធានមនុស្ស
13, Jun 2022 , 8:59 pm        
រូបភាព
សម្ដេច ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។
សម្ដេច ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ បើចង់ធ្វើឱ្យស្ថាប័នមួយរីកចម្រើនទៅមុខ គឺត្រូវតែបណ្តុះបណ្តាលធនធានមនុស្សជាមុនសិន។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលសន្និបាតជ្រោយចង្វារ។

 
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា បើចង់ឱ្យស្ថាប័នខ្លាំង ចាំបាច់ត្រូវមានធនធានមនុស្ស ដែលមានសមត្ថភាព និងលទ្ធភាព ដើម្បីបំពេញការងារ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិ ជាក់ស្ដែង។
 
សម្តេច បានបញ្ជាក់យ៉ាងដូច្នេះ៖« ស្ថាប័នមួយដើម្បីកែទម្រង់វាបាន ទាល់តែមនុស្សចេះធ្វើការកែទម្រង់វា ទើបអាចទៅរួច ព្រោះស្ថាប័នមួយប្រមូលផ្ដុំដោយមនុស្ស បើស្ថាប័នអត់មានមនុស្សមិនមែនហៅថាស្ថាប័នទេ»។ 
 
និយាយពីចំណុចនេះហើយ ប្រមុខរដ្ឋាភិបាល ក៏លើកឡើងពីមន្ត្រីល្អ និងមន្ត្រីមិនបានការមកពន្យល់ផងដែរ។ សម្ដេច ហ៊ុន សែន បានកត់សម្គាល់ឃើញថា រាល់ពេលដែលមានបញ្ហាណាមួយកើតឡើង តែងតែលេចចេញមុខមាត់មន្ត្រី២បែបនេះ។ 
 
បើតាមសម្ដេច ហ៊ុន សែន មន្ត្រីល្អ ភាគច្រើនជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋតាមមូលដ្ឋាន នៅនឹងកន្លែងជាមុនសិន ទើបរាយការណ៍មកថ្នាក់លើ សុំយោបល់ និងអន្តរាគមន៍។ ប៉ុន្តែសម្រាប់មន្ត្រីមិនបានការវិញ គឺចេះតែរាយការណ៍ទៅថ្នាក់លើឱ្យជួយដោះស្រាយបញ្ហា និងស្តីបន្ទោសថ្នាក់ក្រោមខ្លួនប៉ុណ្ណោះ។
 
 

Tag:
 ធនធានមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com