ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សកាន់អំណាច ប្តឹងទារប្រាក់ដល់ទៅជិត១លានដុល្លារពីលោក សុន ឆ័យ
14, Jun 2022 , 3:03 pm        
រូបភាព
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាន់មេក្រូនិយាយក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាន់មេក្រូនិយាយក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
គណបក្សប្រជាជនកម្ពុជា បានធ្វើបណ្តឹងទៅកាន់តុលាការភ្នំពេញ ដើម្បីទាមទារឲ្យដាក់ទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន តាមច្បាប់ រួមទាំងសុំទាមទារប្រាក់ដល់ទៅ៤ពាន់លានរៀល ដែលស្មើនឹងជាង៩,៨សែនដុល្លារ ពីលោកថែមទៀត ទុកជាការសងជំងឺចិត្ត។ លោកមេធាវី គី តិច ត្រូវបានគណបក្សប្រជាជនកម្ពុជា ពឹងពាក់ឲ្យជួយការពារក្តីក្នុងសំណុំរឿងនេះ។



លោក សុន ឆ័យ រងបណ្តឹងពីគណបក្សប្រជាជនកម្ពុជា ដោយសារការធ្វើអត្ថាធិប្បាយរបស់លោកជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ជុំវិញភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ លោកមេធាវី គី តិច បានស្រង់សម្តី៣ចំណុចរបស់លោក សុន ឆ័ន ចេញពីបទសម្ភាសជាមួយ ឌឹ ខេមបូឌា ដេលី បញ្ចូលទៅក្នុងពាក្យបណ្តឹងរបស់ខ្លួន ដែលចុះកាលបរិច្ឆេទនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ហើយដាក់ជូនទៅតំណាងអយ្យការអមតុលាការភ្នំពេញ ដើម្បីសុំឲ្យធ្វើបទចោទប្រកាន់។

ទី១៖«[ការបោះឆ្នោត] លើកនេះ គ្រប់គ្រងដោយគណបក្ស១ទាំងស្រុង ពីលើដល់ក្រោម។ គេ ចង់ធ្វើអ្វីក៏បានដែរ»។

ទី២៖«លទ្ធផលហ្នឹង មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋទេ។ វា មានការបំភ័យ វា មានការទិញ វា មានការលួច បានវាសល់ប៉ុណ្ណឹង»។

ទី៣៖«យើង មិនចង់ប្រៀបធៀបថា ចោរលួចគោទេ។ ចោរលួចគោ វា លួចគោ៣ហើយ យើង ម៉េចក៏មិនឲ្យលួចទាំង៥ទៅ? នេះជាឆន្ទៈប្រជាពលរដ្ឋ ឆន្ទៈមួយចំនួន ត្រូវគេបំបាត់ វានៅសល់ឆន្ទៈមួយចំនួន ដែលយើងការពារបាន យើងយកឆន្ទៈហ្នឹងមក ហ្នឹងជារបស់យើង យើង តស៊ូ តវ៉ា ពីរឿងអ្វីដែលបាត់ អាហ្នឹងវាជារឿងធម្មតា វា មិនដែលអ្នកណាទៅឲ្យគេប្រមូលយកទាំងអស់នោះទេ»។

លោក គី តិច សរសេរក្នុងបណ្តឹងដូច្នេះថា៖«ការលើកឡើងរបស់លោក សុន ឆ័យ គឺជាអំពើទុច្ចរិត បំភ្លៃខុសពីការពិត ជាការផ្តល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់ ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត»។

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យ និងជាអនុប្រធានគណបក្សភ្លើងទៀនម្នាក់ដែរនោះ បកស្រាយថា ការបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យ គឺជារឿងធម្មតា។ ម្យ៉ាងទៀត លោក យល់ថា គណបក្សភ្លើងទៀន បានអាសនៈឃុំ-សង្កាត់ច្រើនគួរសមដែរ រហូតដល់ជាង២ពាន់អាសនៈ ដូច្នេះ ក្នុងកាលៈទេសៈនេះ គណបក្សកាន់អំណាច គួរពិភាក្សាជាមួយគណបក្សភ្លើងទៀន អំពីការធ្វើការងារជាមួយគ្នា ទើបប្រសើរ ដោយមិនគួរជ្រើសរើសយកមធ្យោយប្តឹងផ្តល់គ្នានោះទេ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ អ្នកនាំពាក្យគណបក្សភ្លើងទៀនរូបនេះ ថ្លែងដូច្នេះថា៖«បើគេនិយាយត្រូវ កែលម្អទៅ ចប់រឿងបាត់ទៅហើយ ចាំបាច់ប្តឹងផ្តល់គ្នាធ្វើអី»។ 

រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វិញ បានព្រមានតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ថា គ.ជ.ប នឹងចាត់វិធានការច្បាប់ លើអ្នកណា ដែលចោទប្រកាន់ខុសការពិតអំពីដំណើរការបោះឆ្នោត។ គ.ជ.ប ចេញមកព្រមានបែបនេះ ក៏ដោយសារការធ្វើអត្ថាធិប្បាយរបស់លោក សុន ឆ័យ ជាមួយ ឌឹ ខេមបូឌា ដេលី ដែរ។

គ.ជ.ប បានចាត់ទុកការបរិយាយទាំងអប្បាលម៉ានរបស់លោក សុន ឆ័យ ថា មិនអាចទទួលយកបាន ហើយជាការមាក់ងាយដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ គ.ជ.ប ថែមទាំងចាត់ទុកសម្តីរបស់លោក ថាធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ព្រមទាំងធ្វើឲ្យមានការភាន់ច្រលំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត៕

អត្ថបទទាក់ទង

Tag:
 បក្សប្រជាជន
  សុន ឆ័យ
  បណ្តឹង
© រក្សាសិទ្ធិដោយ thmeythmey.com