ជាតិ
សេដ្ឋកិច្ច
ពន្ធដារប្រមូលចំណូលបានជិត៤លានដុល្លារ​ ពីVAT លើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក
14, Jun 2022 , 8:59 pm        
រូបភាព
លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃGDT
លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃGDT
ជាង២ខែហើយ ដែលកម្ពុជាអនុវត្តអាករលើតម្លៃបន្ថែម (VAT) ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដោយមានក្រុមហ៊ុនGoogle, Facebook, YouTube, Alibaba, Microsoft ,TikTok រួមទាំងក្រុមហ៊ុនធំៗច្រើន​ទៀត បានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ។ បើតាមលោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ គិតមកទល់បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូល ពីប្រតិបត្តិការទំនិញ និងសេវាតាមប្រព័ន្ធអេឡិចត្រូនិកនេះ​បាន ជិត៤លានដុល្លារ ផងដែរ។

 
អាករ​លើតម្លៃ​បន្ថែម(VAT)​ ចំនួន១០ភាគរយ ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce)នៅកម្ពុជា ត្រូវបានអនុវត្តចាប់​តាំងពី​ថ្ងៃ​ទី១មេសា ឆ្នាំ២០២២មក។ គិតមកត្រឹមថ្ងៃទី១០មិថុនា មានក្រុមហ៊ុនអនិវាសជនធំៗ ចំនួន៤១ហើយ ដែលបានមកចុះបញ្ជីអាករលើតម្លៃបន្ថែម នៅអគ្គនាយកដ្ឋានពន្ធដារ(GDT)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់GDT ដោយបន្ថែមថា ក្រុមហ៊ុនទាំងនោះ បានប្រកាសបង់ពន្ធ ដែលទទួលបានលទ្ធផលប្រមូលចំណូលពន្ធ ជាវិជ្ជមានគួរឱ្យកត់សម្គាល់។​
 
 
លោក​ អេង រតនា  បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមទូរស័ព្ទ នារសៀលថ្ងៃទី១៣មិថុនា ថា៖ «ជាង២ខែមកនេះ នៃអនុវត្តអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក យើងបានចំណូល៣,៨លានដុល្លារដែរ ហើយចំណូលពីប្រភពនេះ នឹងកើនទៀត ​នាពេលខាងមុខ»។  បើតាមប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ កំពុងសហការជាមួយធនាគារ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូល​ពន្ធពីប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឱ្យកាន់តែប្រសើរ។
 
ការប្រមូលពន្ធលើតម្លៃបន្ថែម(VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ត្រូវបាន លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចាត់ទុកថា ជាប្រភពចំណូល ដែលមានសក្តានុពលសម្រាប់ចំណូលជាតិ។ ថ្លែងចេញពីកម្មវិធីពិសេសស្តីពី «ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារ» កាលពីព្រឹកថ្ងៃទី៣កុម្ភៈ លោក គង់ វិបុល មានប្រសាសន៍យ៉ាង​ដូច្នេះ៖ «យើងខ្ញុំពិនិត្យឃើញថា ការ [ប្រមូលពន្ធចំ​ពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក] នេះគឺវាមានសក្តានុពលនៃចំ​ណូល​នេះ ដើម្បីបង្កើននូវចំណូលថវិកាជាតិបន្ថែមទៀត បើសិនយើងក្តាប់ឱ្យបាន»។ 
 
បើតាមលោក គង់ វិបុល ការប្រមូលពន្ធចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រុមហ៊ុនFacebook YouTube, Netflix, Amazon, Google, TiKTok, MasterCardç Alibaba...ជាដើម ដែលមានជាអវិនាសដ្ឋាននេះ ក្រៅពីបានចំណូលបន្ថែមចូលជាតិហើយនោះ ក៏ជាការអនុវត្តមួយឱ្យស្មើភាពគ្នា ជាមួយអ្នកប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានមូលដ្ឋាននៅស្រុកផងដែរ ខណៈកន្លងមកក្រុមហ៊ុនទាំងអស់នេះ គឺមិនបានបង់ពន្ធលើប្រាក់ចំណូល និង VAT នៅកម្ពុជាឡើយ។​
 
សូមជម្រាបថា​ រយៈពេល៥ខែ ដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករចូលជាតិ បានជិត១ ៧២៧លានដុល្លារ។ ចំណូលសរុបនេះ គឺស្មើនឹង ៦១,២៥ភាគរយនៃផែនការ​ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ក្នុងទំហំសរុប​២ ៨១៩,៥៤លានដុល្លារ។ សម្រាប់ឆ្នាំនេះ លោក គង់ វិបុល បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា អគ្គនាយកដ្ឋានពន្ធដារ នឹងប្រមូលចំណូលពន្ធចូលជាតិ លើសផែនការបន្តទៀត៕ 
 
 
 

Tag:
 ពន្ធដារ
  E-Commerce
  លោក​ អេង រតនា
© រក្សាសិទ្ធិដោយ thmeythmey.com