ជាតិ
រថយន្ត
បើបង្ក្រាបបានរថយន្តចង្កូតឆ្វេង ដែលមិនបង់ពន្ធអាករ ត្រូវអនុវត្តតាមច្បាប់ តែបើរថយន្តចង្កូតស្ដាំ ត្រូវកម្ទេចចោល
14, Jun 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) ព្រមានចាត់វិធានការ លើម្ចាស់រថយន្ត ដែលមិនបានបង់ពន្ធត្រឹមត្រូវ ជាពិសេសរថយន្តចង្កូតស្ដាំ។

 
អគ្គនាយកដ្ឋានគយ នឹងចាប់ផ្ដើមអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ លើរថយន្តដែលគ្មានពន្ធអាករនៅក្នុងប្រទេស នាដើមខែកក្កដា។ ការចាត់វិធានការបង្ក្រាបនេះ ធ្វើឡើងក្រោយយុទ្ធនាការប្រមូលពន្ធរថយន្ត របស់អគ្គនាយកដ្ឋានគយ បានបញ្ចប់ត្រឹមថ្ងៃទី៣០ មិថុនា ឆ្នាំ២០២២។ 
 
អគ្គនាយកដ្ឋានគយ បានក្រើនរំឮកដល់ម្ចាស់រថយន្តទាំងអស់ ទៅបង់ពន្ធអាករឲ្យបានមុនថ្ងៃទី៣០ មិថុនា ។ អគ្គនាយកដ្ឋានគយ បានព្រមានយ៉ាងដូច្នេះថា៖ «ចំពោះរថយន្តចង្កូតឆ្វេងដែលបង្ក្រាបបាន នឹងតម្រូវឲ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែកឯរថយន្តចង្កូតស្ដាំដែលជាប្រទេសទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់ តាមនីតិវិធីជាធរមាន»។ 
 
កន្លងមក អគ្គនាយកដ្ឋានគយ ក៏ទុកពេលឲ្យម្ចាស់រថយន្តចង្កូតស្ដាំ កែចង្កូតពីស្ដាំទីឆ្វេង ស្របតាមច្បាប់ចរាចរណ៍កម្ពុជាដែរ។ 
 
កាលពីខែ ឧសភានេះ អគ្គនាយកដ្ឋានគយ បានប្រមូលពន្ធអាករ ប្រមាណ៦៤លានដុល្លារ ពីម្ចាស់រថយន្តគ្មានពន្ធនាំចូល និងរថយន្តចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗរហូតដល់ ៧ពាន់គ្រឿង។​ ​ក្នុងចំណោមប្រាក់ចំណូលទាំងនេះ មានជិត៤លានដុល្លារ បានពីការពិន័យលើម្ចាស់រថយន្តជាង១៧០គ្រឿង។ នេះបើតាមលោក គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយ​ ។
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com