ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្ថានទូតអាម៉េរិក សុំឲ្យដោះលែងអ្នកនាង សេង ធារី រួមទាំងអ្នកផ្សេងទៀត ឲ្យមានសេរីភាពវិញ
14, Jun 2022 , 6:02 pm        
រូបភាព
អ្នកនាង សេង ធារី តែងខ្លួនធ្វើជានាងសេរីភាព ដែលជារូបសំណាកតំណាងឲ្យសេរីភាព នៅសហរដ្ឋអាម៉េរិក ពេលអ្នកនាង ទៅចូលរួមស្តាប់ការប្រកាសសាលក្រម នៅតុលាការភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ François Camps
អ្នកនាង សេង ធារី តែងខ្លួនធ្វើជានាងសេរីភាព ដែលជារូបសំណាកតំណាងឲ្យសេរីភាព នៅសហរដ្ឋអាម៉េរិក ពេលអ្នកនាង ទៅចូលរួមស្តាប់ការប្រកាសសាលក្រម នៅតុលាការភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ François Camps
ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបង្ហោះសារខ្លីមួយលើទព័រហ្វេសប៊ុករបស់ខ្លួន ជុំវិញការកាត់ទោសលើអ្នកនាង សេង ធារី ជាអ្នកជំនាញច្បាប់ ដែលមានសញ្ជាតិអាម៉េរិក រួមទាំងប្រឆាំងផ្សេងទៀត ដែលសរុបមានដល់ប្រមាណ៦០នាក់។ ស្ថានទូតអាម៉េរិក បានហៅសាលក្រម ដែលដាក់ទោសលើអ្នកទាំងនោះ ថាជាសាលក្រមអយុត្តិធម៌ ដែលធ្វើឲ្យខ្លួន មានក្តីបារម្ភយ៉ាងខ្លាំង។


«សេរីភាពបញ្ចេញមតិ សេរីភាពជួបជុំ និង ការអត់ធ្មត់ចំពោះទស្សនៈផ្ទុយគ្នា គឺជាធាតុដ៏សំខាន់នៃប្រជាធិបតេយ្យ។ យើង ស្នើឲ្យអាជ្ញាធរកម្ពុជា ដោះលែងអ្នកនាង សេង ធារី និងសកម្មជនសិទ្ធិមនុស្សផ្សេងទៀត ពីការឃុំឃាំងអយុត្តិធម៌នេះវិញ»។ នេះជាសាររបស់ស្ថានទូតអាម៉េរិក។ 
 
អត្ថបទទាក់ទង


បើតាមសាលក្រមរបស់តុលាការភ្នំពេញ ដែលត្រូវបានប្រកាស នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅឯក្រៅប្រទេស មានលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ  និងលោក អ៊ុំ សំអាន ជាដើម ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ អ្នកនាង សេង ធារី រួមទាំងមនុស្សជិត១០នាក់ទៀត ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៦ឆ្នាំ ហើយក្រៅពីនេះ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ។ ចំពោះទោស៥ឆ្នាំ ត្រូវព្យួរ ដូច្នេះ អ្នកដែលជាប់ទោស៥ឆ្នាំនេះ ត្រូវបានអនុញ្ញាតឲ្យរស់នៅក្រៅពន្ធនាគារ។ ក្រោយសាលក្រមត្រូវបានប្រកាសរួច អ្នកនាង សេង ធារី ត្រូវសមត្ថកិច្ចចាប់ខ្លួនយកទៅពន្ធនាគារព្រៃសភ្លាមៗ។ 

អ្នកទាំងអស់ខាងលើ ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារតុលាការ រកឃើញថា ពួកគេ ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី ខ្លួនឯង ដែលជាម្ចាស់ផែនការ៩វិច្ឆិកានេះ ក៏ត្រូវចោទពីបទរួមគំនិតក្បត់ជាតិដែរ៕ 
 

Tag:
 ស្ថានទូតអាម៉េរិក
  សេង ធារី
© រក្សាសិទ្ធិដោយ thmeythmey.com