ជាតិ
សេដ្ឋកិច្ច
លោក តាំង ងួនលី៖​ សេដ្ឋកិច្ចឌីជីថល ជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី សម្រាប់កម្ពុជា
15, Jun 2022 , 8:59 pm        
រូបភាព
លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។ រូបថត​៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»
លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។ រូបថត​៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»
សេដ្ឋកិច្ចឌីជីថល គឺជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីមួយ សម្រាប់កម្ពុជា​ ខណៈរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្ត។ នេះបើតាម​លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។

 
បើតាមនិន្នាការតំបន់ និងការអភិវឌ្ឍវិស័យបច្ចេកវិទ្យានេះ លោក តាំង ងួនលី​ មើលឃើញថា កម្ពុជាមានឱកាសបង្កើតនូវអាជីវកម្មទម្រង់ថ្មីជាច្រើនដែលមានឈ្មោះថា សេដ្ឋកិច្ចឌីជីថល (Digital Economy) ដែលបច្ចុប្បន្ន រដ្ឋាភិបាលកំពុងពង្រឹងលើវិស័យថ្មីមួយនេះ។  រាល់សកម្មភាពសេដ្ឋកិច្ច និងសង្គមទាំងឡាយណា ដែលអាចទាញប្រយោជន៍ចេញពីវិស័យបច្ចេកវិទ្យាឌីជីថលបាន គឺត្រូវបានចាត់ចូលជាសេដ្ឋកិច្ចឌីជីថល។ 
 
លោក ងួនលី បានបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន បានបង្កើតទម្រង់ធុរកិច្ចថ្មី និងការធ្វើបដិវត្តន៍កម្មឌីជីថល នៅតាមសហគ្រាស ក៏ដូចជាការផ្តល់សេវា ​និងការផ្គត់ផ្គង់ជាដើម។
 
សេដ្ឋកិច្ចឌីជីថល នៅក្នុងតំបន់អាស៊ាន មានទំហំ១០០ពាន់លានដុល្លារ កាលពីឆ្នាំ២០១៩ ហើយនឹងអាចកើនដល់ ១ទ្រីលានដុល្លារ នៅឆ្នាំ២០៣០។ ថ្លែងចេញពីសិក្ខាសាលាស្តីពី តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី១៥មិថុនា លោក តាំង ងួនលី បន្តមានប្រសាសន៍យ៉ាងដូច្នេះ៖  នៅត្រឹមឆ្នាំ២០៣០ បើយើងអាចសម្រេចបាននូវចំណុចដែលអាចកើនដល់១ទ្រីលានដុល្លារបាន គឺមានន័យថា សេដ្ឋកិច្ចនៅតំបន់អាស៊ាន​ ក្លាយជាសេដ្ឋកិច្ចធំទី៤ ក្នុងចំណោមសេដ្ឋកិច្ចពិភពលោក។  អ៊ីចឹង!  មានន័យថា  សេដ្ឋកិច្ចឌីជីថលមានសកា្កនុពលខ្ពស់ ក្នុងការប្រែក្លាយសេដ្ឋកិច្ចប្រទេសទូទៅលើសាកលលោក រួមទាំងសេដ្ឋកិច្ចកម្ពុជា ផងដែរ»។ 
 
បើតាមនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»រូបនេះ​ នៅកម្ពុជា គឺមានវិស័យធំៗចំនួន៥ ដែលគាំទ្រដល់សេដ្ឋកិច្ចឌីជីថល។ ក្នុងនោះមាន ផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce​), ផ្នែកដឹកជញ្ជូនចំណីអាហារ(Transport & food ), ផ្នែកលក់សណ្ឋាគារឬទិញសម្ភារមួយចំនួន(Online Travel), ផ្នែកបង្កើតមាតិកានានា(Online Media) និង ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ( Financial Service) ដែលកំពុងមានកំណើនខ្លាំងនៅកម្ពុជា។ 
 
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC) ក្នុងឆ្នាំ២០២១ កម្ពុជាមានប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ចំនួន៦៩៨,៨លានដងនៃប្រតិបត្តិការ ដែលស្មើនឹងទំហំទឹកប្រាក់​ជិត២០០ពាន់លានដុល្លារ។​
 
ដើម្បីទាញប្រយោជន៍​ឱ្យបានជាអតិប្បរមាពីបច្ចេកវិទ្យា រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ក្របខណ្ឌសេដ្ឋកិច្ច ​និងសង្គមឌីជីថល ​ឆ្នាំ២០២១-២០៣៥ ក្នុងគោលលដៅប្រែក្លាយកម្ពុជាឱ្យទៅជាសេដ្ឋកិច្ចឌីជីថល ។  
 
​លោក តាំង ងួនលី បានបន្តរៀបរាប់ថា៖ «គោលបំណងធំនោះ គឺយើងចង់បង្កើតឱ្យសេដ្ឋកិច្ចឌីជីថល ក្លាយទៅជាសរស្តម្ភនៃកំណើនសេដ្ឋកិច្ចមួយថ្មីថែមទៀត ទៅលើអ្វីដែលយើងមាន ដូចជាវិស័យកសិកម្ម ឧស្សាហកម្ម សំណង់ និងសេវាកម្ម​។ អ៊ីចឹង! យើងរំពឹងថា ៥ឆ្នាំឬច្រើនឆ្នាំទៅមុខទៀត នឹងឃើញមានសរស្តម្ភថ្មីមួយកើតឡើង នោះគឺសេដ្ឋកិច្ចឌីជីថលនេះឯង ដែលនឹងអាចចូលរួមចំណែកទៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូលតែម្តង»៕ 
 

Tag:
 សេដ្ឋកិច្ចឌីជីថល
  លោក តាំង ងួនលី
© រក្សាសិទ្ធិដោយ thmeythmey.com