កីឡាអន្តរជាតិ
អន្តរជាតិ
កាតាមានគម្រោងដាក់តង់បែបប្រពៃណីលើវាលខ្សាច់សម្រាប់អ្នកគាំទ្រស្នាក់នៅ អំឡុង World Cup
18, Jun 2022 , 4:31 am        
រូបភាព
ប្រទេសកាតាគ្រោងរៀបចំការដាក់តង់បែបប្រពៃណី ឬ (Bedouin Style​ tents) នៅតាមវាលខ្សាច់ជាយទីក្រុងឌូហា សម្រាប់ទទួលអ្នកគាំទ្រ ព្រឹត្តិការណ៍ FIFA World Cup ស្នាក់នៅ។ នេះបើតាមអ្នករៀបចំកម្មវិធី ថ្ងៃទី១៤ ខែមិថុនា។


ប្រទេសកាតាដែលស្ថិតនៅតំបន់មជ្ឈឹមបូពា៍មួយនេះ ធ្លាប់បានប្រកាសរួចហើយ កាលពីចុងឆ្នាំ ២០២១ ថា ការរៀបចំព្រឹត្តិការណ៍កីឡាពិភពលោកដ៏ធំមួយនេះ នឹងមានអ្នកគាំទ្រទៅទស្សនា World Cup នេះប្រមាណ ១,២លាននាក់។
 
តង់ជាង ១០០០ នឹងត្រូវបោះនៅតាមវាលខ្សាច់ដ៏អស្ចារ្យតាមជាយទីក្រុងឌូហា ដែលស្ថិតក្នុងគម្រោងរបស់អ្នករៀបចំព្រឹត្តិការណ៍ World Cup ប្រចាំកាតា។ ការត្រៀមតង់បែបនេះ ដើម្បីផ្តល់ឱកាសឱ្យអ្នកគាំទ្របានសិក្សាពីវប្បធម៍នៃប្រទេសកាតា ក៏ដូចជាភ្លក់រស់ជាតិថ្មីនៃការបោះជុំរំអំឡុងព្រឹត្តិការណ៍ World Cup។
 
«យើងចង់ឱកាសដល់អ្នកគាំទ្រដែលធ្វើដំណើរមកកាន់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានស្នាក់នៅលើតំបន់វាលខ្សាច់របស់យើង។ ក្នុងចំណោមតង់ទាំង ១០០០ នោះ តង់ចំនួន២០០ នឹងរៀបចំតាមបែបប្រណិតបំផុត ហើយមានតម្លៃថ្លៃបំផុតក្នុងមួយយប់។»។ នេះបើតាមលោក Omar Al-Jaber ជាប្រធានផ្នែករៀបចំការស្នាក់នៅ និងការដឹកជញ្ចូន ។
 
សម្រាប់ការប្រកួត World Cup ប្រទេសកាតា បានត្រៀមទីកន្លែងសម្រាប់ស្នាក់នៅសណ្ឋាគា ជាង ៣០,០០០បន្ទប់ ។ លោក Al-Jaber បានអះអាងថា បន្ទប់ជាង ៨០ភាគរយ គឹត្រៀមសម្រាប់ទទួលភ្ញៀវរបស់ FIFA តែម្តង។
 
បើតាមអ្នករៀបចំកម្មវិធីដដែល បច្ចុប្បន្នបន្ទប់ស្នាក់នៅជាង ១០០,០០០បន្ទប់ បានត្រៀមរួចរាល់ ដើម្បីទទួលអ្នកគាំទ្រជាមួយជម្រើសជាច្រើន។ កាតា ក៏បានត្រៀមបន្ទប់សណ្ឋាគា នៅលើកប៉ាល់ទេសចរណ៍ធំៗ២គ្រឿង​ ដែលមានជាង ៦៩,០០០បន្ទប់ សម្រាប់ការស្នាក់នៅតាមតំបន់មាត់ទឹករបស់ប្រទេសមួយនេះ។
 
យ៉ាងណាមិញ តម្លៃក្នុងការស្នាក់នៅអំឡុង World Cup និងជម្រើសការស្នាក់នៅ នៅតែជាបញ្ហាចោទ ដោយសារកង្វះខាតកន្លែងស្នាក់ រួមទាំងតម្លៃថ្លៃ។ តម្លៃសម្រាប់បន្ទប់គ្រែ២ នៅតាមជាយទីក្រុងឌូហា មានតម្លៃជាង ៣៩០ដុល្លារក្នុងមួយយប់ និងការស្នាក់នៅលើកប៉ាល់ទេសចេណ៍ដែលចតតាមតំបន់មាត់ទឹកជាប់ទីក្រុង ក្នុងមួយយប់តម្លៃជាង ១៦៥០ដុល្លារ។ នេះបើតាមគេហទំព័រភ្នាក់ងារទំនាក់ទំនងកន្លែងស្នាក់នៅ Qatar 2022.qa៕
 
 
 

Tag:
 Qatar
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com