ជាតិ
បោះឆ្នោត
គ.ជ.ប ថ្កោលទោសលើអ្នកចែកចាយបទ ផ្កាយរះកណ្ដាលថ្ងៃ ហើយស្នើសមត្ថកិច្ចចាត់វិធានការច្បាប់
15, Jun 2022 , 6:17 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក វីរភាព សម រង្ស៊ី
រូបពីទំព័រហ្វេសប៊ុក វីរភាព សម រង្ស៊ី
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ថ្កោលទោសយ៉ាងខ្លាំងលើបុគ្គលណាដែលបង្កើតនិងចែកចាយ បទផ្កាយរះកណ្ដាលថ្ងៃ ដោយសារបទនេះ ចោទ គ.ជ.ប ជាចោរ។

 
 
គ.ជ.ប បានស្នើឲ្យសមត្ថកិច្ចចាត់វិធាការច្បាប់ជាបន្ទាន់ ហើយស្នើមិនឲ្យបុគ្គលដែលពាក់ព័ន្ធចែកចាយបទ ផ្កាយរះកណ្ដាលថ្ងៃ។ 
 
សេចក្ដីប្រកាសព័ត៌មាន ចេញដោយលោក ឌឹម សុវណ្ណារុំ ប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប នៅល្ងាចថ្ងៃទី១៥មិថុនានេះ បានឲ្យដឹងថា ទំព័រហ្វេសប៊ុកឈ្មោះ «វីរភាព សម រង្ស៊ី» ជាអ្នកចាក់ផ្សាយបទចម្រៀង ដែលមានចំណងជើងថា «ផ្កាយរះកណ្ដាលថ្ងៃ»។ បទនេះ ផ្សាយនៅថ្ងៃទី១៤មិថុនា មានខ្លឹមសារប៉ះពាល់ដល់ គ.ជ.ប ដែលមានពាក្យថា៖ «ចោរ គ.ជ.ប…»។ 
 
គ.ជ.ប ចាត់ទុកខ្លឹមសារក្នុងបទខាងលើ ប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប ដែលធ្វើឲ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលថ្មីៗនេះ។ គ.ជ.ប បានសង្កត់ធ្ងន់ថា៖ «គ.ជ.ប ពិតជាមានការសោកស្ដាយ មិនអាចទទួលយកបាន និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើររបស់ជនអគតិមួយចំនួនដែលមានចេតនាទុច្ចរិត ក្នុងគោលដៅបម្រើផលប្រយោជន៍ និងមហិច្ចតារបស់ខ្លួន»។ 
 
ទន្ទឹមនឹងនេះ គ.ជ.ប បានស្នើឲ្យបុគ្គលដែលពាក់ព័ន្ធ បញ្ឈប់សកម្មភាពចែកចាយបទខាងលើជាបន្ទាន់។ លើសពីនេះ គ.ជ.ប ស្នើឲ្យមានការស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ជាបន្ទាន់ជុំវិញករណីនេះ ដើម្បីអព្យាក្រឹត យុត្តិធម៌ និងតម្លាភាព របស់ស្ថាប័ន គ.ជ.ប៕ 
 

Tag:
 គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com