ជាតិ
សេដ្ឋកិច្ច
កូរ៉េខាងត្បូងផ្តល់ថវិកាជិត ១ ៦០០លានដុល្លារ សម្រាប់កម្ពុជាអភិវឌ្ឍគម្រោងអាទិភាព លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី KIM Kyung Hee អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង
×
ដោយ ៖ ធន់ សេងហុង
ប្រទេសកូរ៉ខាងត្បូងបានផ្តល់កម្ចីប្រមាណ ១ ៥០០លានដុល្លារសម្រាប់ឆ្នាំ ២០២២-២០២៦ និងជំនួយឥតសំណងជាង៥០លានដុល្លារ សម្រាប់ផែនការឆ្នាំ ២០២២-២០២៤ ដល់កម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ថវិកាទាំងអស់នេះ សម្រាប់ឆ្លើយតបការស្តារសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍគម្រោងអាទិភាពនានា។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចផ្តល់ជំនួយឥតសំណងក្នុងរង្វង់ទឺកប្រាក់ជាង ៥០លានដុល្លារដល់កម្ពុជា សម្រាប់ផែនការ ២០២២-២០២៤ ព្រមទាំងកម្ចីសម្បទានប្រមាណ ១ ៥០០លាន ក្នុងក្របខណ្ឌកិច្ចសហប្រត្តិបត្តិការហិរញ្ញប្បទានកិច្ចសម្របសម្រួលឆ្នាំ២០២២-២០២៦ (Framework Arrangement 2022-2026) ។
កញ្ចប់ថវិកាខាងលើនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី KIM Kyung Hee អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងកាលពីថ្ងៃទី១៣មិថុនា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា កញ្ចប់ថវិកាទាំងនេះ មានគោលដៅក្នុងការអភិវឌ្ឍទៅគម្រោងនានារួមមាន ៖ ផ្លូវជាតិ និងផ្លូវជនបទ ធារាសាស្ត្រ ថាមពល ទឹកស្អាតនិងអនាម័យ សុខាភិបាល ទូរគមនាគមន៍ ព្រមទាំងគម្រោងក្នុងវិស័យអាទិភាពមួយចំនួនទៀត។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កម្ចីសម្បទាន សម្រាប់គម្រោងកែលំអបណ្តាញតភ្ជាប់ជនបទប្រកបដោយចីរភាព(Sustainable Rural Connectivity Improvement Project) ដែលមានទំហំទឺកប្រាក់កម្ចីសរុប ៦០លានដុល្លារសរុបផងដែរ។
តាមរយៈជំនួបនេះដែរ ភាគីទាំងពីរបានពិភាក្សារួមគ្នាទៅលើគោលនយោបាយ យុទ្ធសាស្រ្តភាពជាដៃគូ និងគម្រោងអាទិភាពមួយចំនួន សម្រាប់កិច្ចសម្របសម្រួលក្របខណ្ឌឆ្នាំ ២០២២-២០២៦ ដោយផ្លាស់ប្តូរយោបល់ក្នុងយន្តការភាពជាដៃគូលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ ( Official Development Assistance – ODA) ទាំងក្នុងក្របខណ្ឌឥណទានសម្បទានរបស់មូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund – EDCF) និងហិរញ្ញប្បទានឥតសំណង (Grant Aid ) ជាមួយកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program - KSP) ដោយសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារកំណត់ហេតុ (Aide Memoire of 4th Integrated ODA Policy Dialogue ) ។
គូសបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩៧-២០២២ កូរ៉េខាងត្បូង បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA)ដល់កម្ពុជា មានទំហំទឺកប្រាក់សរុប ១ ៧០០លានដុល្លារ ដែលក្នុងនោះកម្ចីសម្បទានមានប្រមាណ១ ៣០០លានដុល្លារ ព្រមទាំងជំនួយឥតសំណងមានចំនួនជាង ៤៥៥លានដុល្លារ ៕
Tag:
កូរ៉េខាងត្បូង
អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com