ជាតិ
សេដ្ឋកិច្ច
កម្ពុជា កំពុងជំរុញការប្រើបច្ចេកវិទ្យាឌីជីថលក្នុងវិស័យធានារ៉ាប់រង​ ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច
16, Jun 2022 , 6:59 pm        
រូបភាព
ដោយ៖ ធន់ សេងហុង 
 
 
ភ្នំពេញ៖ ថ្វីត្បិតសេវាធានារ៉ាប់រងនៅកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរក៏ពិតមែន ប៉ុន្តែវិស័យនេះ គឺមានការចូលរួមក្នុងកម្រិតតិចតួចនៅឡើយដល់កំណើនសេដ្ឋកិច្ចជាតិ បើធៀបជាមួយនឹងក្នុងប្រទេសក្នុងតំបន់អាស៊ាន។ បើតាមអ្នកជំនាញ បច្ចុប្បន្ន វិស័យធានារ៉ាប់រងបានចូលរួមកំណើនសេដ្ឋកិច្ចជាតិ ត្រឹម១,១ភាគរយប៉ុណ្ណោះ ខណៈរដ្ឋាភិបាលកំពុងពង្រឹងវិស័យនេះតាមរយៈការបញ្ជូលនូវបច្ចេកវិទ្យាឌីជីថល។​

 
សព្វថ្ងៃ ទីផ្សារធានារ៉ាប់រងនៅកម្ពុជាមានទំហំតូចនៅឡើយ ព្រោះការប្រើប្រាស់សេវាធានារ៉ាប់រង​ ក៏ដូចជាការយល់ដឹងពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងរបស់ប្រជាពលរដ្ឋនៅមានកម្រិតទាប។ ​បើតាម លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា អត្រាភាគទានធានារ៉ាប់រងក្នុងសដ្ឋកិច្ចមានត្រឹមប្រមាណ១,១ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២១។​ 
 
លោក វ៉ាថារ៉ូ បានបញ្ជាក់ថា​ នេះជាសូចនាករមួយបង្ហាញពីគម្លាតនៃការការពារហានិភ័យនៅកម្ពុជានៅមានទំហំធំ ខណៈប្រទេសក្នុងតំបន់​និងពិភពលោក កំពុងទាញប្រយោជន៍បានយ៉ាងច្រើនពីវិស័យនេះ។ លើសពីនេះទៅទៀត ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យធានារ៉ាប់រង(InsurTech) ក៏ចាប់ផ្តើមរីកដុះដាលគួរឱ្យគត់សម្គាល់នៅតាមទីផ្សារក្នុងបណ្តាលប្រទេសដែលមានសេដ្ឋកិច្ចកំពុងងើបឡើងវិញ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។   លោកបន្តនិយាយដូច្នេះ៖ «InsurTech ជាវិស័យដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលកំពុងចាប់ផ្តើមបង្កការរំខានខ្លះៗនៅក្នុងប្រព័ន្ធប្រតិបត្តិការជាប្រពៃណី របស់ធានារ៉ាប់រងទាំងក្នុងទីផ្សារជឿនលឿន និងទាំងទីផ្សារកំពុងងើបឡើង»។


លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា 

បើតាមប្រធានសមាគមធានារ៉ាប់រងនៅកម្ពុជារូបនេះ ក្នុងឆ្នាំ២០២១ ការវិនិយោគលើ InsurTech នៅលើសាកលលោក មានទំហំប្រមាណ១៣,៤ពាន់លានដុល្លារ។ ចំនួននេះ បានកើនឡើង២ដង បើធៀបនឹងឆ្នាំ២០២០ ដែលមានទំហំប្រមាណ៧ពាន់ដុល្លារ  និងកើនឡើងជិត៥ដង ធៀបនឹងឆ្នាំ២០១៧ ដែលមានទំហំ​២,៨ពាន់លានដុល្លារ។ ដោយឡែក ក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជាវិញ ការប្រើប្រាស់បច្ចេកវិទ្យាធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រង​ គឺនៅមានកម្រិត​ ហើយច្រើនតែផ្តោតលើបណ្តាញឌីជីថលសម្រាប់បម្រើមុខងារនៃការលក់ផលិតផលខ្លួន ប៉ុណ្ណោះ។ នេះជាការរៀបរាប់របស់បន្ថែមរបស់លោក វ៉ាថារ៉ូ។​
 
ចំពោះ លោកខូវ អៀហៃ ដែលជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការនៃនិយ័តករធានារ៉ាប់រងកម្ពុជា​ បានលើកឡើងថា បច្ចុប្បន្នទោះបីវិស័យធានារ៉ាប់រងកម្ពុជាបានចូលរួមកំណើនសេដ្ឋកិច្ចជាតិក្នុងកម្រិតទាប បើធៀបនឹងប្រទេសក្នុងតំបន់ក៏ពិតមែន ប៉ុន្តែពេលអនាគតអតិថិជនដែលប្រើប្រាស់សេវាធានារ៉ាប់រងនៅកម្ពុជា នឹងកាន់តែមានសក្កានុពលសម្រាប់ការអភិវឌ្ឍវិស័យនេះ។​


 លោកខូវ អៀហៃ ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការនៃនិយ័តករធានារ៉ាប់រងកម្ពុជា 

លោកនិយាយដូច្នេះ៖ «បើសិនយើងមើលទៅចំណែកទីផ្សារធានារ៉ាប់រងតាមប្រភេទធានារ៉ាប់រងដែលមាននៅក្នុងទីផ្សារ មាន៥៧,៤ភាគរយ ជាធានារ៉ាប់រងអាយុជីវិត។ ៤១,២ភាគរយ ជាធានារ៉ាប់រងទូទៅ។ តួលេខនេះ​ជាសញ្ញាល្អមួយដែលបង្ហាញថា ការធានារ៉ាប់រងអាយុជីវិតមានច្រើនជាងធានារ៉ាប់រងទូទៅ ព្រោះយើងត្រូវការសន្សំបុព្វលាភដែលបានពីមកធានារ៉ាប់រងអាយុជីវិត យកទៅវិនិយោគក្នុងវិស័យផ្សេងៗសម្រាប់ការអភិវឌ្ឍប្រទេសជាតិ»។  
 
លោកខូវ អៀហៃ បានបញ្ជាក់ថា ការធានារ៉ាប់រងអាយុជីវិតនេះ គឺអាចក្លាយជាការវិនិយោគលើទៅលើមូលបត្ររដ្ឋ ខណៈរដ្ឋកំពុងត្រៀមបោះលក់នូវមូលបត្រប្រភេទនេះ ក្នុងទំហំ៣០០លានដុល្លារ។​
 
ជាមួយគ្នានេះ លោក ប៊ូ ចាន់ភារូ អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា​ បានបញ្ជាក់នៅក្នុង សិក្ខាសាលា​ស្តីពី តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី១៥មិថុនា ថា  វិស័យធានារ៉ាប់រងកម្ពុជា រួមមចំណែក​និងដើរតួនាទីកាន់សំខាន់​ក្នុងការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច​និងសង្គមកម្ពុជា​។​ ក្នុងដំណាល់កាលចុងក្រោយនេះ ទីផ្សារធានារ៉ាប់រងកម្ពុជា កំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់​ ដោយមានបុព្វលាភកើនដល់៣០០លានដុល្លារ ក្នុងឆ្នាំ២០២១។​


លោក ប៊ូ ចាន់ភារ៉ូ អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា

បច្ចុប្បន្នក្រុមហ៊ុនចំនួន៤០ ដែលកំពុងធ្វើអាជីវកម្មក្នុងទីផ្សារធានារ៉ាប់រង​កម្ពុជា ជាមួយទ្រព្យសកម្មប្រមាណ៨៤៥លានដុល្លារ និងមូលនិធិភាពហ៊ុននិកចំនួន ៣៧៨លានដុល្លារ។ ទន្ទឹមនឹងគ្នានេះ និយ័តករធានារ៉ាប់រងនៅកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២១-២០៣០ ដែលក្នុងនោះមានការចាត់យកនូវប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈការវិនិយោគជាដំណាក់កាល ផងដែរ។ បើតាមលោក ចាន់ភារូ។ 
 
លោកបានិយាយដូច្នេះ៖ «ជាមួយរួមយើងពុំអាចមើករំលងនូវអត្ថប្រយោជន៍ការលេចឡើងរបស់បច្ចេកវិទ្យារបស់ធានារ៉ាប់រង​ ដែលមានសក្កានុពលអាចជំរុញឱ្យមានការវិវត្តយ៉ាងឆាប់រហ័ស​ និងប្រកបដោយបរិយាប័ន្ន។ តែយើងក៏មិនមើលរំលងនូវហានិភ័យនានាដែលអាចកើតឡើងជាយថាហេតុ ពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុង វិស័យនេះ ផងដែរ»។​
 
ជុំវិញនៃការជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យធានារ៉ាប់រងនេះ លោក រស់  សីលវ៉ា  រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា បច្ចុប្បន្ន អនុវិស័យធានារ៉ាប់រងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ បើតាមលោក រស់  សីលវ៉ា  អនុវិស័យនេះ កំពុងអភិវឌ្ឍខ្លួន ដោយប្រែក្លាយជាទៅវិស័យមានសក្កានុពលមួយនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថ។ លោក បញ្ជាក់ថា៖«ភាគទានធានារ៉ាប់រងក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជាគឺមានទំហំទាប បើធៀបនឹងប្រទេសក្នុងតំបន់។ ប្រកានេះឆ្លុះបញ្ចាំងថា ទីផ្សារធានារ៉ាប់រងរបស់យើង បន្តមានសក្កានុលពល ក្នុងការអភិវឌ្ឍ​និងរីកចម្រើនទៅមុខ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជីឌីថល»។  


លោក រស់  សីលវ៉ា  រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងប្រធានក្រុមការងាររៀបចំសេចក្ដីព្រៀងគោលនយោបាយ អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជារូបនេះ​ បានលើកទឹកចិត្តដល់គ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យធានារ៉ាប់រងទាំងអស់ ត្រូវពិភាក្សាគ្នាស្វែងរកដំណោះស្រាយ យកចិត្តទុកដាក់ជំរុញនវានុវត្តន៍  និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាធានារ៉ាប់រង ដែលមានភាពរឹងមាំ និងរស់រវើក៕
 

Tag:
 ធានារ៉ាប់រង
© រក្សាសិទ្ធិដោយ thmeythmey.com