ជាតិ
អាម៉េរិក​អនុវត្តគម្រោង «USAID មរតកបៃតង» នៅកម្ពុជា ក្រោម​ថវិកា​សរុប​២៤លាន​ដុល្លារ
16, Jun 2022 , 8:59 pm        
រូបភាព
ដោយ: រួបរួម
«USAID មរតក​បៃតង» ជាគម្រោងថ្មីមួយដែល​រដ្ឋាភិបាល​សហរដ្ឋអាម៉េរិកប្រកាស​អនុវត្ត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ក្រោម​ថវិកា​សរុប​២៤លាន​ដុល្លារ​អាមេរិក និង​រយៈពេល​៥​ឆ្នាំ គម្រោងថ្មីតាមរយៈទីភ្នាក់ងារជំនួយអាម៉េរិក USAID នេះ បន្តគាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជាដែល​នៅ​រស់នៅ​ក្បែរតំបន់ការពារនានា។

 
តាម​សេចក្តីប្រកាសព័ត៌មាន​របស់ USAID នា​ថ្ងៃទី​១៦ ខែមិថុនា គម្រោង «USAID មរតកបៃតង» (USAID Morodok Baitang) អនុវត្តដោយ​ក្រុមហ៊ុន Tetra Tech ARD លើ​ការប្រើ​វិធីសាស្រ្ត ប្រព័ន្ធទីផ្សារដើម្បីគាំទ្រដល់ការ  អភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់កែវសីមាក្នុងខេត្តមណ្ឌលគិរី តំបន់លំផាត់ក្នុងខេត្តរតនគិរី តំបន់សៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងតំបន់ជួរភ្នំក្រវាញ។
 

 
លោក Benjamin Wohlauer ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានគូស​បញ្ជាក់ថា គម្រោង USAID មរតកបៃតង នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើន ដើម្បីបង្កើតឱកាសការងារ និងគំរូអាជីវកម្មវៃឆ្លាតចំពោះអាកាសធាតុ ដែលលើកកម្ពស់ការអភិរក្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។
 
គម្រោង USAID មរតកបៃតង មានគោលបំណងពង្រីកការលក់ឥណទានកាបូននៅតំបន់កែវសីមា និងជួរភ្នំ ក្រវាញ ខណៈបង្កើនប្រាក់ចំណូល និងឱកាសការងារសម្រាប់សហគមន៍ដែលពឹងអាស្រ័យលើព្រៃឈើ។ 
 


គម្រោងដែលដឹកនាំដោយ លោកស្រី វ៉េនេស្កា លីស (Vaneska Litz) នេះ នឹងគាំទ្រដល់និរន្តរភាពនៃមរតកព្រៃបៃតងរបស់ប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍប្រព័ន្ធទីផ្សារប្រកប ដោយចីរភាពនិង មានលក្ខណៈអំណោយផលដល់អាកាសធាតុ។
 
លោក កែវ សុជាតិ នាយកប្រតិបត្តិនៃអង្គការ សន្សំម្លប់ព្រៃ បានមានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមជីវភាពរស់នៅនិង សកម្មភាពរបស់កម្មវិធីស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ (Ibis Rice រឺស្រូវត្រយ៉ង)  បានផ្តល់អត្ថប្រយោជន៍ ផ្ទាល់ដល់សហគមន៍មូលដ្ឋាន។ វាមានសារសំខាន់ណាស់ដែលយើងបន្តថែរក្សានិងការពារធនធានធម្មជាតិ ដែលសហគមន៍ទាំងនេះពឹងអាស្រ័យយ៉ាងខ្លាំង»៕
 

 
 
 
 
 
 
 

Tag:
 បរិស្ថាន
  USAID
© រក្សាសិទ្ធិដោយ thmeythmey.com