ជាតិ
សេដ្ឋកិច្ច
ពន្ធដារដាក់ឱ្យអនុវត្ត E-Commerce Tax System
16, Jun 2022 , 9:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
ដោយ ៖ ធន់ សេងហុង 
 
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសទៅឱ្យអ្នកជាប់ពន្ធ​លើការផ្គត់ផ្គង់ទំនិញ តាមប្រព័ន្ធអេឡិចត្រូនិច ឬតាមសេវាឌីជីថលទាំងអស់ អាចបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce Tax System )។ នេះបើតាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា  ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ និងចុះហត្ថលេខាដោយលោក គង់ វិបុល ។



អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-commerce Tax System ) ដើម្បីសម្រួលដល់ការដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែម (VAT) ឱ្យមានប្រសិទ្ធភាព និងធានាតម្លាភាព ក៏ដូចជាភាពងាយស្រួលឆាប់រហ័ស ចំណេញពេលវេលា​ សម្រាប់អ្នកជាប់ពន្ធ។ 
 
អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងទៀតថា អ្នកជាប់ពន្ធដែលផ្គត់ផ្គង់ទំនិញឌីជីថល សេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ចូលមកកម្ពុជាទាំងអស់ ត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែម VAT និងបង់ប្រាក់អាករ សម្រាប់រយៈពេលជាប់ពន្ធខែមេសា ឆ្នាំ២០២២តទៅ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្មតាមអេឡិចត្រូនិក (E-commerce Tax System )។ អ្នកជាប់ពន្ធ ក៏ត្រូវដាក់លិខិតប្រកាស (E-commerce Tax System ) យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២៥ បន្ទាប់ពីខែ ដែលប្រតិបត្តិការទាក់ទិននឹងអាករទាំងនោះ។

អត្ថបទទាក់ទង
គិតមកត្រឹមថ្ងៃទី១០មិថុនា ឆ្នាំ២០២១ មានក្រុមហ៊ុនអនិវាសជនធំៗ ចំនួន៤១ហើយ ដែលបានមកចុះបញ្ជីអាករលើតម្លៃបន្ថែម នៅអគ្គនាយកដ្ឋានពន្ធដារ(GDT)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់GDT ដោយបន្ថែមថា ក្រុមហ៊ុនទាំងនោះ បានប្រកាសបង់ពន្ធ ដែលទទួលបានលទ្ធផលប្រមូលចំណូលពន្ធ ជាវិជ្ជមានគួរឱ្យកត់សម្គាល់។

លោក អេង រតនា  បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៣មិថុនា ថា៖ «ជាង២ខែមកនេះ នៃអនុវត្តអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក យើងបានចំណូល៣,៨លានដុល្លារដែរ ហើយចំណូលពីប្រភពនេះ នឹងកើនទៀត នាពេលខាងមុខ»។  បើតាមប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ កំពុងសហការជាមួយធនាគារ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យកាន់តែប្រសើរ។
 
សូមជម្រាបក្រុមហ៊ុនជាង៤០​ ដែលមកចុះបញ្ជីអនុវត្តអាករ​លើតម្លៃ​បន្ថែមនោះ មានក្រុមហ៊ុន Facebook YouTube Netflix Amazon Google Alibaba Microsoft  TikTok  MasterCard និង Zoho Corporation ... ជាដើមនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com