ជាតិ
សង្គមជាតិ
មន្ទីរកសិកម្មខេត្តសៀមរាប តាមរកអ្នកលួចកាប់ដើមគ្រញូង៤ដើម, អ្នកផ្តល់ព័ត៌មាន នឹងបាន១ពាន់ដុល្លារ
17, Jun 2022 , 11:29 am        
រូបភាព
ដើមគ្រញូងដែលត្រូវលួចកាប់ (រូបពីគណនីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ)
ដើមគ្រញូងដែលត្រូវលួចកាប់ (រូបពីគណនីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ)
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ជូនដំណឹងជាសាធារណៈថា នាពេលថ្មីៗនេះ មានជនល្មើស លួចកាប់ដើមគ្រញូង៤ដើម ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តាមរយៈសេចជូនដំណឹង មន្ទីរកសិកម្ម បានអំពាវនាវឲ្យសាធារណជន ដែលមានតម្រុយពីជនល្មើស ជួយផ្តល់ដំណឹងដល់សមត្ថកិច្ច ដើម្បីឈានដល់ការចាប់ខ្លួន ហើយមន្ទីរកសិកម្ម នឹងផ្តល់រង្វាន់១ពាន់ដុល្លារជូនអ្នកដែលផ្តល់ដំណឹង។



ក្នុងសេចក្តីជូនដំណឹង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានផ្តល់លេខទូរស័ព្ទ២ខ្សែរបស់លោក គឺ ០៩២ ២២ ៥៥ ៥៥ និង ០៩៧ ៦៦ ៦៦ ៨៤៤ ដើម្បីឲ្យសាធារណជនហៅទៅលោកផ្ទាល់គ្រប់ពេលវេលា បើទទួលបានដំណឹងពីជនល្មើស។ មន្ទីរកសិកម្ម អះអាងថា នឹងរក្សាការសម្ងាត់ចំពោះការផ្តល់ដំណឹងនេះ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ លោក ទា គឹមសុទ្ធ មានប្រសាសន៍យ៉ាងខ្លីថា៖«[ចាប់ជនល្មើស] អត់ទាន់បានទេ បើចាប់បាន ខ្ញុំ ចាប់ដាក់គុកបាត់ទៅហើយ អត់ទាន់មានដំណឹង»។  
 
បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប ដើមគ្រញូងទាំង៤ដើមនោះ ជាប្រភេទដើមគ្រញូងពូជ និងមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ ស្ថិតក្នុងចម្ការពូជឈើគ្រញូង ដែលមានទំហំជិត២ពាន់ហិកតា។ សេចក្តីជូនដំណឹង បានឲ្យដឹងទៀតថា ចម្ការពូជឈើគ្រញូងនោះ ត្រូវបានគ្រប់គ្រង និងអភិរក្ស តាំងពីឆ្នាំ២០០១មក ក្នុងគោលបំណងរក្សាជីវចម្រុះ អភិរក្សធនធានព្រៃឈើ និងអភិរក្សទុកជាតំបន់លំហែកម្សាន្ត។ 
 
មន្ទីរកសិកម្ម ហៅការកាប់ដើមគ្រញូងពូជទាំង៤ដើមនោះ ថាជាបទល្មើសឧក្រិដ្ឋ ដែលធ្វើឲ្យបាត់បង់សម្បត្តិសាធារណៈដ៏មានតម្លៃ៕ 
 

Tag:
 ធនធានធម្មជាតិ
  បទល្មើសព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com