កីឡាអន្តរជាតិ
អន្តរជាតិ
Los Angeles, Toronto និង Mexico City បានប្រកាសជាទីក្រុងធ្វើម្ចាស់ផ្ទះ World Cup 2026
17, Jun 2022 , 11:59 am        
រូបភាព
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) នាថ្ងៃទី១៦ ខែមិថុនា បានប្រកាសថា កីឡដ្ឋាន​ចំនួន១៦ ទូទាំងអាម៉េរិក ម៉ិកស៊ិក និងកាណាដា នឹងត្រូវត្រៀមរៀបចំសម្រាប់ទទួលព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026។


ព្រឹត្តិការណ៍ World Cup 2026 នៅប្រទេសទាំងបីនាទ្វីបអាម៉េរិកខាងជើងនេះ នឹងក្លាយជាការប្រកួតលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ FIFA ដែលមានការដំឡើងក្រុមប្រកួតរហូតដល់ ៤៨ក្រុម។ ប្រទេសអាម៉េរិក ម៉ិកស៊ិក និងកាណាដា ជាម្ចាស់ផ្ទះ ក៏ទទួលបានកៅអី ​​​​​World Cup 2026 ដោយស្វ័យប្រវត្តិ។
 
សម្រាប់អាម៉េរិកទីក្រុងចំនួន ១១ ត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួតក្នុងនោះរួមមានទីក្រុង Atlanta, Boston, Dallas, Houston, Kansas City, Los Angeles, Miami, New York/New Jersey (រួមគ្នាតែមួយ), Philadelphia, San Francisco និងទីក្រុង Seattle.។ ទីក្រុងចំនួន៦ រួមមាន Cincinnati, Denver, Nashville, Orlando, Washington DC/Baltimore and Edmonton របស់អាម៉េរិកមិនត្រូវបានជ្រើសរើសឡើយ។
 
ចំណែកទីក្រុង Guadalajara, Monterrey និង Mexico City គឹជាទីក្រុងដែលត្រូវបានជ្រើសរើសរបស់ម៉ិកស៊ិក ខណៈកាណាដាមានទីក្រុង២​ ប៉ុណ្ណោះដែលជ្រើសរើសយកសម្រាប់ទទួលការប្រកួត World Cup 2026 គឺទីក្រុង Toronto និង Vancouver។ ម៉ិកស៊ិកធ្លាប់ធ្វើជាម្ចាស់ផ្ទះ World Cup ពីរលើករួចហើយដោយក្នុងឆ្នាំ ១៩៧០ និង ១៩៨៦។
 
និយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រធាន FIFA លោក Gianni Infantino បានអបអរសាទទៅកាន់ទីក្រុងទាំង១៦ ដែលនឹងត្រូវទទួលការប្រកួតសម្រាប់ព្រឹត្តិការណ៍ World Cup 2026។
 
«យើងចូលរួមអបអរសាទរដល់ទីក្រុងទាំង១៦ ដែលជាទីក្រុងត្រៀមរៀបចំទទួលការប្រកួត World Cup ជាមួយការតាំងចិត្តនិងការស្រលាញ់លើវិស័យបាល់ទាត់របស់ទីក្រុងទាំងអស់។ ថ្ងៃនេះជាប្រវត្តិសាស្រ្តដ៏អស្ចារ្យ សម្រាប់ទីក្រុងនិងរដ្ឋទាំង១៦ សម្រាប់ FIFA កាណាដា អាម៉េរិក និងម៉ិកស៊ិក ដែលជាប្រទេសត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យនៅលើពិភពលោក។»។ លោក Infantino និយាយបែបនេះ។
 
យ៉ាងណាមិញប្រធាន FIFA រូបនេះក៏បានអះអាងបន្ថែមថា សហព័ន្ធបាល់ទាត់ពិភពលោក មិនទាន់បានសម្រេចជ្រើសរើសទីក្រុង ដែលនឹងត្រូវទទួលការប្រកួតជំនួបវគ្គផ្តាច់ព្រ័ត្រឡើយ៕
 
 

Tag:
 World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com