ជាតិ
សេដ្ឋកិច្ច
តំណាងក្រុមហ៊ុន Adidas ចាត់ទុកការចាប់ខ្លួនសហជីព ជាការបំភិតបំភ័យ និងស្នើឱ្យស៊ើបអង្កេត
17, Jun 2022 , 3:52 pm        
រូបភាព
រូបភាព Adidas។ យកពីវេបសាយ www.livemint.com។
រូបភាព Adidas។ យកពីវេបសាយ www.livemint.com។
ដោយ៖ ញឹក សំអូន

កំពង់ឆ្នាំង៖ តំណាងក្រុមហ៊ុន Adidas បានស្នើសុំឱ្យលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស៊ើបអង្កេតជុំវិញករណីកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បំពានសិទ្ធិសេរីភាពរបស់សហជីព៣នាក់ដែលត្រូវបានចាប់ខ្លួនសហជីព អំឡុងពេលចរចាជាមួយភាគីរោងចក្រ Can Sport Cambodia កាលពីថ្ងៃទី ៣១ ឧសភា ឆ្នាំ២០២២។



សហជីពទាំង ៣នាក់នោះ ត្រូវបានដោះលែងវិញ ក្នុងរយៈពេល ២៤ម៉ោងក្រោយចាប់ខ្លួន ព្រោះមិនមានភស្តុតាង និងបទចោទបន្ថែមទៅលើពួកគេ។
 
រោងចក្រ Can Sport មានសហជីពមូលដ្ឋាន ១០នាក់ ក្នុងនោះមានសហជីព ៤នាក់ បានជូនដំណឹងឱ្យរោងចក្រ និងអាជ្ញាធរមូលដ្ឋានជុំវិញការធ្វើកូដកម្ម ដែលទាមទារឱ្យមានអ្នកលក់អាហារនៅខាងក្នុងបរិវេណរោងចក្រ និងឱ្យពន្លឿនការកាត់ប្រាក់វិភាគទានប្រចាំខែសហជីពពីកម្មករ ដែលផ្លាស់ប្ដូរពីសហជីពចាស់ទៅសហជីពថ្មី។ នេះបើតាមលិខិតស្នើសុំរបស់លោក វីលៀម អាឌីសាន់ តំណាងក្រុមហ៊ុន Adidas និងជាអនុប្រធានថ្នាក់សកលកិច្ចការសង្គម និងបរិស្ថាន។
 
ក្នុងលិខិតស្នើដដែល ក៏បានលើកឡើងពីអនុសញ្ញា ILO ស្ដីពីសេរីភាពសមាគម និងការចរចាអនុសញ្ញារួម ដែលរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាលើកកម្ពស់សិទ្ធិសេរីភាពសមាគម និងសហជីពនៅក្នុងប្រទេសផងដែរ។ 
 
លក្ខខណ្ឌនៃអនុសញ្ញា ILO បានបញ្ជាក់បែបនេះថា ការចាប់ខ្លួន ថ្នាក់ដឹកនាំសហជីព និងសកម្មជននិងថ្នាក់ដឹកនាំអង្គការនិយោជក ដែលអនុវត្តសកម្មភាពស្របច្បាប់ទាក់ទងនឹងសិទ្ធិសមាគម ទោះជាក្នុងរយៈពេលខ្លី ក៏ជាការបំពានលើគោលការណ៍ស្ដីពីសេរីភាពសមាគមដែរ។ មួយទៀត វិធានការដកហូតសិទ្ធិសេរីភាពរបស់សហជីព ដោយហេតុផលពាក់ព័ន្ធសកម្មភាពសហជីព គឺ ចាត់ទុកជាការបង្កឧបសគ្គដល់ការអនុវត្តសិទ្ធិសហជីព ទោះកោះហៅ ឬសាកសួរស្ថិតក្នុងរយៈពេលខ្លីក៏ដោយ។ 
 
ចំពោះការចាប់ខ្លួនសហជីព និងថ្នាក់ដឹកនាំនៃអង្គការនិយោជក អាចបង្កើតជាបរិយាកាសបំភិតបំភ័យ និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃសកម្មភាពសហជីព។ ការចាប់ខ្លួនសហជីពដោយមិនមានបទចោទត្រឹមត្រូវ គឺជាការរឹតត្បិតលើសេរីភាពសមាគម ហើយដ្ឋាភិបាលគួរចាត់វិធានការសមស្របមួយ ដើម្បីការពារហានិភ័យដែលចេញពីការចាប់ខ្លួន សមាជិកសហជីពបែបនេះ។ នេះបើតាមលោក វីលៀម លើកឡើងនៅក្នុងលិខិតស្នើទៅក្រសួងការងារ។
 
លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមថា លោកពុំទាន់បានទទួល និងឃើញលិខិតពីតំណាងក្រុមហ៊ុន Adidas នៅឡើយទេ។
 
អ្នកស្រី អ៊ុំ ឌីណា ជាអគ្គលេខាធិកាសម័្ពន្ធសហជីពសមាគមកាត់ដេរ បានឱ្យដឹងថា សហជីព និងកម្មករកម្មការីនីតវ៉ាទាមទារចំនួន ៣៥ចំណុច ជាមួយភាគីថៅកែរោងចក្រ។ ក្នុងនោះពួកគេបានលើកពីចំណុចចាំបាច់មួយចំនួន រួមមាន ពួកគេចង់ឱ្យមានលក់ម្ហូមអាហារនៅក្នុងរោងចក្រ ដែលក្រុមហ៊ុនបានរំសាយមិនឱ្យមានអ្នកលក់ នាអំឡុងពេលផ្ទុះកូវីដ-១៩។ 
 
«គាត់មិនបានប្រាប់ថា រៀបចំសណ្ដាប់ធ្នាប់ ឬយ៉ាងណានោះទេ គឺគាត់ហាមមិនឱ្យមានអ្នកលក់នៅក្នុងរោងចក្រ។ អ៊ឹចឹងវាជាការលំបាករបស់កម្មករ ហើយគាត់ត្រូវការចំណីអាហារហូប ដើម្បីមានកម្លាំងធ្វើការ»។ នេះបើតាមអ្នកស្រី ឌីណា។
 
កម្មករ និងសហជីពរោងចក្រ ខេន ស្ព័ត បានទាមទារឱ្យមានលក់ម្ហូបអាហារនេះ តាំងពីឆ្នាំ២០២០មក ប៉ុន្តែមិនមានការឆ្លើយតបពីខាងភាគីរោងចក្រ ទើបពួកគេបានដាក់សេចក្ដីជូនដំណឹងទៅរោងចក្រ និងអាជ្ញាធរ ដើម្បីធ្វើកូដកម្មទាមទារកាលពីថ្ងៃទី៣១ ឧសភា។ ក្នុងអំឡុងពេលទាមទារនោះ សហជីព ៣នាក់ត្រូវបានចាប់ខ្លួនឃុំ រយៈពេល ២៤ម៉ោង ប៉ុន្តែពួកគេត្រូវបានដោះលែងវិញ ក្រោយមិនមានបទចោទប្រកាន់គ្រប់គ្រាន់ ។
 
សហជីពរោងចក្រ ខេន ស្ព័ត ដែលអាជ្ញាធរចាប់ខ្លួន ហើយដោះលែងវិញមាន អ្នកស្រី សៀន សុខលៀប, អ្នកស្រី ប៉ែន សោភណ្ឌ និងលោក នីម សុខឃឿន។ 
 
ជុំវិញការឃាត់ខ្លួននេះ មិនដឹងថាអាជ្ញាធរ និងក្រុមហ៊ុននៅខាងក្រោយ ឬយ៉ាងណានោះទេ ព្រោះមុនការចាប់ខ្លួន មានករណីជាច្រើនកើតឡើងនៅក្នុងរោងចក្រ។ អ្នកស្រី អ៊ុំ ឌីណា លើកឡើងបែបនេះ ហើយបន្ថែមថា៖  «ការចាប់ខ្លួនរបស់សហជីពនេះ គឺជាសារមួយដើម្បីគំរាមកំហែងដល់កម្មករ កុំឱ្យពួកគាត់ធ្វើកូដកកម្ម តែបែបជាកម្មករនាំគ្នាធ្វើកូដកម្ម ដើម្បីឱ្យដោះលែងសហជីព»។ 
 
អ្នកស្រី ឌីណា បានបញ្ជាក់ថា ក្រោយពេលពិភាក្សារួច ភាគីក្រុមហ៊ុនបានទទួលយក និងឯកភាពបើកលុយបាយថែមម៉ោងឱ្យកម្មករនិយោជកពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ។ ការបើកលុយនេះ ធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ ដោយភាគីរោងចក្រអះអាងថា ពួកគេមិនជំពាក់កម្មករទេ ចាប់ផ្ដើមពីសប្ដាហ៍ទី២ នៃខែមិថុនា ឆ្នាំ២០២២ ។ ប៉ុន្តែបើការអនុវត្តទៅ មានបញ្ហាណាមួយនោះ ក្រុមហ៊ុនស្នើឱ្យតំណាងកម្មករនិយោជិត ពិគ្រោះយោបល់គ្នាឡើងវិញ។
 
មួយចំណុចទៀត ភាគីក្រុមហ៊ុន ក៏បានឯកភាពបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត នៅថ្ងៃទី២៥ រៀងរាល់ខែ ឱ្យបានគ្រប់ៗគ្នា គិតទៅតាមថ្ងៃដែលពួកគេបានធ្វើការនៅក្រុមហ៊ុន។
សារព័ត៌មានថ្មីៗ បានទាក់ទងទៅខាងរដ្ឋបាលភាគីក្រុមហ៊ុនរោងចក្រ ខេន ស្ព័តដែរ ប៉ុន្តែពួកគេមិនមានការឆ្លើយតបនោះទេ ដោយអះអាងថា គេរវល់ប្រជុំ។ 


 កម្មករកម្មការរិនីរោងចក្រ ខេន ស្ព័ត។ រូបពីអង្គការសង់ត្រាល់។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរ ហៅកាត់ GMAC បានពន្យល់ថា ការទាមទាររបស់កម្មករនៅក្នុងរោងចក្រ បានព្រមព្រៀងគ្នារួចហើយ ដែលមានការចូលរួមសម្របសម្រួលពីមន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ។ 
 
លោកបន្តថា ភាគីរោងចក្រព្រមទទួលយក នូវចំណុចដែលសមហេតុផលគ្រប់គ្រាន់ តែសម្រាប់ចំណុចផ្សេងៗទៀត ដែលមិនមានចែងក្នុងច្បាប់ ពួកគេមិនទទួលយកនោះទេ។ 
«មិនសំខាន់សំណើរច្រើន ឬតិចទេ ខ្ញុំគិតថាគួរតែពិនិត្យលើសំណើរនោះឱ្យបានច្បាស់ ថាម៉េចបានគេទាមទារច្រើនចំណុច ហើយភាគីថៅកែរោងចក្រឯកភាពតែ ២ចំណុច»។ នេះបើតាមមន្រ្តី GMAC បានលើកឡើង។
 
ទន្ទឹមនឹងនេះលោក ម៉ូនីកា ក៏បានរៀបរាប់ជុំវិញការឃាត់ខ្លួនរបស់សហជីពបែបនេះដែរថា សមត្ថកិច្ចមានសិទ្ធិចាប់ខ្លួនឃុំខ្លួនពួកគេបាន លុះត្រាតែបុគ្គលនោះធ្វើរឿងអ្វីមួយខុសពីច្បាប់ ហើយបង្កការរំខានដល់សណ្ដប់ធ្នាប់ន្តិសុខសាធារណៈ។
 
«សម័យនេះហើយមិនមានអ្នកណាទៅចាប់មនុស្សមិនបានធ្វើខុសច្បាប់ទេ»។ នេះបើតាមលោក ម៉ូនីកា។
 
មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ​សង់ត្រាល់ ​លោក ​ឃុន​ ថារ៉ូ បានលើកឡើងថា អាជ្ញាធរមូលដ្ឋានមានភារកិច្ចថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងការពារសន្តិសុខ ដូច្នេះអាជ្ញាធរត្រូវសម្របសម្រួលឱ្យពួកគេ ដោយផ្ដល់សិទ្ធិមួយតាមសន្តិវិធីស្របនឹងច្បាប់។
 
ប៉ុន្តែលោក ថារ៉ូ បានសង្កេតឃើញថា បច្ចុប្បន្នបើមានករណីកម្មករនិយោជិត ប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋាន ជាពិសេសទម្រង់នៃការធ្វើកូដកម្មដោយសន្តិវិធី តែងតែមានការរារាំងយាយី ក្នុងសកម្មភាព និងរូបភាពមួយ ដែលគំរាមកំហែងដល់ពួកគេ។
 
មន្រ្តីអង្គការសង់ត្រាល់រូបនេះ បានបញ្ជាក់ថា៖ «ទម្រង់បែបហ្នឹង គឺវាអនុវត្តផ្ទុយពីក្រមសីលធម៌ កាព្វកិច្ចតួនារបស់អាជ្ញាធរសាធារណៈ។ អាហ្នឹងវាជាការជ្រៀតជ្រែកផ្ទៃក្នុងដល់កិច្ចការងាររបស់សហជីព ព្រោះវាមិនមានជាតួនាទីរបស់អាជ្ញាធរទេ»។
 
សូមជម្រាបថា រោងចក្រ Can Sport Cambodia ជារោងចក្រផលិតស្បែកជើង ស្ថិតនៅក្នុងភូមចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានកម្មករនិយោជិតជាង ១ម៉ឺននាក់៕
 
 

Tag:
 វិវាទការងារ
© រក្សាសិទ្ធិដោយ thmeythmey.com