កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន និងវិសាខា នឹងទៅប្រកួតជម្រុះ AFC Cup នៅសប្ដាហ៍ក្រោយ
18, Jun 2022 , 10:59 am        
រូបភាព
លោក Oleg Starynskyi និងលោក មាស ចាន់ណា ត្រៀមដឹកនាំក្រុមរៀងៗខ្លួនសម្រាប់ព្រឹត្តិការណ៍ថ្នាក់តំបន់។ រូបថតពីហ្វេសប៊ុក ភ្នំពេញក្រោន និង_វិសាខា
លោក Oleg Starynskyi និងលោក មាស ចាន់ណា ត្រៀមដឹកនាំក្រុមរៀងៗខ្លួនសម្រាប់ព្រឹត្តិការណ៍ថ្នាក់តំបន់។ រូបថតពីហ្វេសប៊ុក ភ្នំពេញក្រោន និង_វិសាខា
ភ្នំពេញក្រោន ម្ចាស់ជើងឯកក្របខណ្ឌ​កំពូល​ ឆ្នាំ២០២១ និង វិសាខា ម្ចាស់ជើងឯកពានសម្ដេច ហ៊ុន សែន ឆ្នាំ២០២១ នឹងចេញទៅប្រកួត AFC Cup នៅថ្ងៃទី២៤-៣០ ខែមិថុនា។
ភ្នំពេញក្រោន នឹងចេញទៅប្រកួតជម្រុះ ក្នុងពូល I នៅប្រទេសវៀតណាម ស្របពេលដែល វិសាខា ចេញទៅប្រកួតជម្រុះក្នុងពូល G នៅប្រទេសឥណ្ឌូណេស៊ី។


 
លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម បាននិយាយថា ក្លិបបានមើលឃើញពីសមត្ថភាព និងកម្រិតលេងរបស់កីឡាករ ក្នុងការបំពេញកាតព្វកិច្ចជូនជាតិ នាការប្រកួត AFC Asian Cup 2023 នៅឥណ្ឌា កាលពីពេលថ្មីៗនេះ។ ក្លិបនឹងពង្រឹងបន្ថែមនូវចំណុចអវិជ្ជមាន។

ក្រុមភ្នំពេញក្រោន ក្នុងជំនួបជាមួយ វិសាខា រូបពីក្លិបវិសាខា 

«ការប្រកួតនៅ AFC Asian Cup 2023 ជាការឆ្លុះបញ្ចាំងដ៏ល្អ។ យើង ដឹងថាកង្វះខាតរបស់យើងស្អីខ្លះ ហើយត្រូវអភិវឌ្ឍអ្វីបន្ថែមទៀត។»។ លោក កែវ សុខង៉ន បានប្រាប់បែបនេះ។
មន្ដ្រីក្លិបរូបនេះ សម្ដែងការសប្បាយចិត្ត ដោយគ្មានកីឡាកររូបណា របួសអំឡុងពេលបំពេញកាតព្វកិច្ចជូនជាតិ នៅប្រទេសឥណ្ឌា។ ដោយឡែក លឹម ពិសុទ្ធ ខ្សែបម្រើប្រយុទ្ធរបស់ភ្នំពេញក្រោន ទំនងជាអវត្តមានសម្រាប់ប្រកួតសំខាន់នេះ ដោយសាររបួសអំឡុងពេលហាត់ជម្រើសជាតិ កាលពីថ្ងៃទី២៦ ខែឧសភា។ របួសរបស់កីឡាកររូបនេះ ត្រូវការពេលសម្រាករហូតដល់ទៅ ៦-៧ សប្ដាហ៍ ដែលជាហេតុមិនអាចជួយក្រុមបាន។
 
ដូចគ្នានេះដែរ ក្លិបបាល់ទាត់វិសាខា នឹងទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី​ ក្នុងវគ្គជម្រុះពូល G។ លោក ហ៊ុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា បានសារព័ត៌មានថ្មីៗថា ក្លិបបានត្រៀមខ្លួនហើយ ប៉ុន្តែ ក៏មានការព្រួយបារម្ភខ្លះដែរ សម្រាប់ការប្រកួតនេះ។ 

ក្រុមវិសាខា ក្នុងជំនួបជាមួយ ភ្នំពេញក្រោន រូបពីក្លិបវិសាខា 

«កីឡាករ មានបទពិសោធន៍គ្រប់គ្រាន់ ព្រោះកីឡាករយើង សុទ្ធតែបានជ្រើសរើសយូរមកហើយ។ ចំពោះការប្រកួតវិញ ពួកគេ ក៏ធ្លាប់ជួបក្រុមខ្លាំងៗជាច្រើនដែរ។ នេះ មិនមែនជាបញ្ហាធំទេ។ ក្តីបារម្ភរបស់ក្រុមនោះ គឺការហ្វឹកហាត់ជាមួយគ្នាបានតិច ដែលគ្រូគាត់ត្រូវរៀបចំការលេងជាក្រុមនោះ គឺបានតិចដោយសារកីឡាករជាប់ភារកិច្ចនៅជម្រើសជាតិ។»។ អគ្គលេខាធិការក្លិបរូបនេះ ប្រាប់ដូច្នេះ។ 
 
ក្លិប មានពេលតិចជាង២ សប្ដាហ៍សម្រាប់កីឡាករហ្វឹកហាត់គ្នា។។ ម្យ៉ាងវិញទៀត ក្លិបទាំងពីរខាងលើនេះ ក៏បានទុកពេលវេលាសម្រាកខ្លះ ដល់កីឡាករ បន្ទាប់ពួកគេ បានបំពេញកាតព្វកិច្ចនៅក្រៅប្រទេស យ៉ាងនឿយហត់។
 
គួរបញ្ជាក់ផងដែរថា វិសាខា ត្រូវប្រកួតក្នុងពូល G ជាមួយបីក្រុមផ្សេងទៀត រួមមាន Bali United របស់ឥណ្ឌូណេស៊ី, Kedah Darul Aman FC ម៉ាឡេស៊ី និង  Kaya FC-Iloilo របស់ហ្វីលីពីន ខណៈ ភ្នំពេញក្រោន នៅក្នុងពូល I ជាមួយ Viettel FC របស់វៀតណាម, Hougang United សិង្ហបុរី និង Young Elephants មកពីប្រទេសឡាវ៕
 

Tag:
 បាល់ទាត់
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com