កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ថ្មី Chelsea បារម្ភច្បាប់ហិរញ្ញវត្ថុ Financial Fair Play ជះផលប៉ះពាល់ដល់អាជីវកម្មដោះដូរកីឡាករ
17, Jun 2022 , 6:29 pm        
រូបភាព
ច្បាប់ហិរញ្ញវត្ថុ UEFA Financial Fair Play របស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) កំពុងតែចាប់ផ្តើមបញ្ចេញឥទ្ធិពលរបស់ខ្លួន និងគំរាមកំហែងក្លិបនានា មិនអាចចុះកិច្ចសន្យាលើកីឡាករតម្លៃថ្លៃណាមួយទៀតឡើយ ព្រោះភ័យខ្លាចហានិភ័យនៃការដាក់ទណ្ឌកម្ម។ នេះបើតាមលោក Todd Boehley ថ្ងៃទី១៦ ខែមិថុនា។
ក្លិប Chelsea បានធ្លាក់ក្នុងដៃលោក Todd Boehly ជាមហាសេដ្ឋីអាម៉េរិក និងជាអ្នកដឹកនាំសម្ព័ន្ធភាព ក្រុមវិនិយោគ Clearlake Capital ជាមួយមហាសេដ្ឋីស្វីស និងមហាសេដ្ឋីអង់គ្លេសមួយរូបផ្សេងទៀត ក្នុងតម្លៃជាង ៥.៣ពាន់លានដុល្លារ។ កាលពីខែឧសភាម្ចាស់ក្លិបចាស់លោក Roman Abramovich បានប្រកាសលក់ក្លិប Chelsea ក្រោយពេលប្រទេសរុស្ស៊ី ដែលជាប្រទេសកំណើត បានវាយប្រហារលើប្រទេសអ៊ុយក្រែន។
 
ចាប់តាំងលោក Roman Abramovich ទិញក្លិបតោខៀវ ក្នុងឆ្នាំ ២០០៣ មក ក្លិបមួយនេះបានក្លាយជាក្រុម ដែលជោគជ័យខ្លាំងបំផុតមួយប្រចាំអង់គ្លេស និងក្នុងក្របខណ្ឌ Premier league។ 
 
ទោះយ៉ាងនេះក្តីប្រធានក្លិបថ្មីលោក Boehly បានបង្ហាញក្តីបារម្ភរបស់លោកដោយនិយាយថា បញ្ហាអាជីវកម្មក្នុងទីផ្សារដោះដូរ កំពុងតែរងផលប៉ះពាល់ពីសំណាក់ច្បាប់ហិរញ្ញវត្ថុរបស់សហព័ន្ធ ​UEFA។
 
«ច្បាប់ហិរញ្ញវត្ថុ Financial Fair Play កំពុងតែចាប់ផ្តើមបង្ហាញឥទ្ធិពលខ្លួនហើយពេលនេះ ច្បាប់នេះនិងកំណត់សមត្ថភាពក្លិបក្នុងការទិញកីឡាករ ដែលយើងចង់បានក្នុងតម្លៃណាមួយ។ UEFA ពិតជាយកចិត្តទុកដាក់លើរឿងនេះខ្លាំង ហើយរឿងនេះនឹងជាផលប៉ះពាល់ក្លិបយើងតែម្តង អ្វីដែលខ្ញុំចង់ពន្យល់នោះគឺ បើក្លិបរងការពិន័យពីរឿងនេះ ក្លិបអាចនឹងត្រូវគេដកចេញពីការប្រកួតប្រជែង។»។ លោក Boehly និយាយប្រាប់ក្នុងសន្និសីទ SuperReturn International បែបនេះ។
 
យ៉ាងណាមិញម្ចាស់ក្លិបបាល់បោះ Los Angeles Dodgers រូបនេះក៏បានអះអាងទៀតថា លោកសង្ឃឹមអាចប្រើគំរូរបស់អាម៉េរិក ដើម្បីអភិវឌ្ឍសក្តានុពលផ្នែកហិរញ្ញវត្ថុក្នុងបាល់ទាត់ និងជួយដល់កីឡាករ Chelsea បង្កើតកេរិ៍្តឈ្មោះ និងម៉ាកយីហោផ្ទាល់ខ្លួន ដូចកីឡាករបាល់បោះនៅអាមេរិកមួយចំនួន៕
 
 

Tag:
 Chelsea
  Financial Fair Play
© រក្សាសិទ្ធិដោយ thmeythmey.com