ជាតិ
សង្គមជាតិ
កំណត់ហេតុដ៏កម្ររបស់សម្តេចព្រះមហាក្សត្រី៖ អមព្រះរាជដំណើរសម្តេចប្រមុខរដ្ឋចូលក្នុងតំបន់រំដោះ
18, Jun 2022 , 8:05 am        
រូបភាព
ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៨៦ យាងចូល៨៧ ព្រះវស្សា សារព័ត៌មានថ្មីៗ សូមបង្ហាញពីខ្លឹមសារខ្លះនៃកំណត់ហេតុនៃព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រីដែលបានយាងអមដំណើរសម្ដេចឪ ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងតំបន់រំដោះ កាលពីឆ្នាំ១៩៧៣។ ព្រះរាជកំណត់ហេតុត្រូវបានចងក្រងជាសៀវភៅជាភាសាអង់គ្លេស ហើយត្រូវបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០២១ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។



 

ក្រោយពីមានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់ព្រះប្រមុខរដ្ឋ ព្រះបាទ ព្រះនរោត្តម សីហនុ ដោយក្រុមលោកសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៨ខែមីនា ឆ្នាំ១៩៧០ សម្ដេចព្រះនរោត្តម សីហនុ បានអំពាវនាវតាមវិទ្យុពីទីក្រុងប៉េកាំងនៅថ្ងៃទី២៣ខែមីនា ឱ្យពលរដ្ឋខ្មែរដែលគាំទ្រព្រះអង្គចូលព្រៃម៉ាគី ដើម្បីបង្កើត រណសិរ្សរួបរួមជាតិកម្ពុជាតស៊ូប្រឆាំងនឹងរដ្ឋប្រហារនោះ និងដើម្បីទាមទារអំណាចថ្វាយព្រះអង្គវិញ។ នៅថ្ងៃទី៥ខែឧសភានៃឆ្នាំដដែលនោះ រដ្ឋាភិបាលរួបរួមជាតិកម្ពុជាត្រូវបានបង្កើតតាមរយៈការរួមបញ្ចូលគ្នារវាងរណសិរ្សរួបរួមជាតិ និងចលនាខ្មែរក្រហម ដោយមានមូលដ្ឋាននៅទីក្រុងប៉េកាំង និងត្រូវដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ដដែល។

ដើម្បីលើកទឹកចិត្តដល់សមាជិកដែលកំពុងរស់នៅតស៊ូក្នុងតំបន់រំដោះផង និងដើម្បីបង្ហាញទៅពិភពលោកអំពីទិដ្ឋភាពនៃការតស៊ូផងនោះ សម្ដេចព្រះនរោត្តម សីហនុ បានប្រាប់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលរួបរួមជាតិកម្ពុជានៅប្រទេសកម្ពុជាដែលជាមេដឹកនាំកំពូលនៃចលនាខ្មែរក្រហម រួមមាន ខៀវ សំផន អៀង សារី ជាដើម ថាព្រះអង្គចង់យាងមកកាន់តំបន់រំដោះក្នុងប្រទេសកម្ពុជា។ ប៉ុន្តែថ្នាក់ដឹកនាំនៃក្រុមចលនាខ្មែរក្រហមពុំព្រមចង់ឱ្យព្រះអង្គយាងមកឡើយ ដោយបានលើកឡើងអំពីបញ្ហាសុវត្ថិភាពរបស់ព្រះអង្គ។ ក្រុមមេដឹកនាំនៃចលនាខ្មែរក្រហម ដែលមានលោក ខៀវ សំផន ជាឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលរួបរួមជាតិកម្ពុជានាពេលនោះ បានសរសេរថ្វាយសម្តេចព្រះនរោត្តម សីហនុ ថា ការធ្វើដំណើរមកតំបន់រំដោះក្នុងប្រទេសកម្ពុជា គឺមានតែការធ្វើដំណើរតាមផ្លូវលំហូ ជីមិញ ដ៏គ្រោះថ្នាក់ដោយការទម្លាក់គ្រាប់បែករបស់កងទ័ពសហរដ្ឋអាមេរិក។ 

ក្រោយពីមានការរារាំងពីលោក ខៀវ សំផន ផង និងក្រោយមកពីលោក អៀង សារី ផង មិនឱ្យសម្ដេចព្រះនរោត្តម សីហនុ និងអ្នកម្នាងយាងមកតំបន់រំដោះ សម្ដេចព្រះនរោត្តម សីហនុ បានគំរាមលាលែងពីព្រះប្រមុខរដ្ឋនៃរដ្ឋាភិបាលរួបរួមជាតិ។ ទីបំផុត លោក ខៀវ សំផន, លោក អៀង សារី និងមេដឹកនាំដទៃទៀតយល់ព្រមរៀបចំព្រះរាជដំណើររបស់សម្តេចព្រះប្រមុខរដ្ឋ និងអ្នកម្នាងចូលមកទឹកដីកម្ពុជានៅក្នុងខែមីនាឆ្នាំ១៩៧៣។

ប៉ុន្តែការចាកចេញដំណើរពីទីក្រុងប៉េកាំងបានចាប់ផ្តើមតាំងពីថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ១៩៧៣ ដោយមានការជូនដំណើរពីសំណាក់លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ និងភរិយាដោយផ្ទាល់ និងលោក ប៉ែន នុត និងភរិយាផងដែរ។ សំណៅកំណត់ហេតុរបស់ព្រះមហាក្សត្រី បានចាប់ផ្តើមនៅពេលនេះហើយ។

«ការចេញដំណើររបស់ពួកយើងត្រូវបានរៀបចំឡើងយ៉ាងសម្ងាត់បំផុត។ សូម្បីតែបុត្រាទាំង២គឺព្រះអង្គម្ចាស់ សីហមុនី និងព្រះអង្គម្ចាស់នរិន្ត្រាពង្ស ដែលកំពុងសិក្សានៅក្នុងទីក្រុងប្រាក និងម៉ូស្គូ ក៏ពុំដឹងអំពីដំណើររបស់យើងនេះដែរ។»។ នេះសំណៅកំណត់ហេតុដំបូងរបស់អ្នកម្នាងនាពេលនោះ។
 


បើគេអានសៀវភៅកំណត់ហេតុនេះ គេនឹងដឹងថា សម្ដេចព្រះនរោត្តម សីហនុ និងអ្នកម្នាងបានយាងដំណើរពីទីក្រុងប៉េកាំងមកទីក្រុងហាណូយ ហើយគឺនៅហាណូយរយៈពេល៥ថ្ងៃនោះហើយ ដែលដំណើររបស់សម្ដេចព្រះនរោត្តម សីហនុ និងអ្នកម្នាងត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ដោយមានការជូនអមដំណើរពីលោក អៀង សារី ផង និងប្រតិភូវៀតណាមជាអ្នកនាំផ្លូវផង។

ដោយមិនរាប់ពីការចេញដំណើរតាមយន្តហោះពីទីក្រុងប៉េកាំង និងការស្នាក់នៅរយៈពេល៥ថ្ងៃនៅទីក្រុងហាណូយនោះទេ ការចាប់ផ្តើមដំណើរមែនទែនតាមផ្លូវលំ ហូ ជីមិញ របស់សម្ដេចព្រះប្រមុខរដ្ឋ និងអ្នកម្នាង មានរយៈពេល៩ថ្ងៃ មុនប្រតិភូមេដឹកនាំកំពូលនៃរដ្ឋាភិបាលរួបរួមជាតិកម្ពុជាមកដល់ដីខ្មែរនៅចំណុចអូតាង៉ាវដែលខណ្ឌចែកទឹកដីឡាវ និងកម្ពុជា។ ក្នុងរយៈពេល៩ថ្ងៃមកនេះ ការធ្វើដំណើរត្រូវបានធ្វើឡើងភាគច្រើននាពេលយប់ ក្នុងស្ថានភាពផ្លូវដ៏ហុយទ្រលោម និងដ៏រលាក់ផង ដើម្បីគេចផុតពីការពើបប្រទះរបស់យន្តហោះទម្លាក់គ្រាប់របស់សត្រូវ។ យោងតាមកំណត់ហេតុនោះ បើទោះជាពេលខ្លះ អ្នកម្នាងរំភើប ស្ញប់ស្ញែងនឹងទេសភាពដ៏ត្រកាលនៃតំបន់ជួរភ្នំក្នុងប្រទេសឡាវក៏ពិតមែន ប៉ុន្តែទាំងសម្ដេចព្រះប្រមុខរដ្ឋ និងអ្នកម្នាង បន់ស្រន់ឱ្យតែឆាប់ដល់មាតុភូមិតែប៉ុណ្ណោះ។

ថ្ងៃទី៧ខែមីនាឆ្នាំ១៩៧៣ ព្រះប្រមុខរដ្ឋ និងអ្នកម្នាងបានយាងមកដល់ដីខ្មែរជាថ្មីក្រោយពីអវត្តមានចំនួន៣ឆ្នាំ ហើយអ្នកម្នាងបានសរសេរយ៉ាងដូច្នេះ៖«នេះជាការវិលត្រឡប់មកដល់មាតុភូមិជាទីស្រឡាញ់របស់ពួកយើងវិញ។ នេះជាពេលវេលាដែលខ្ញុំនឹងចងចាំទុកក្នុងចិត្តជានិច្ច។ យើងបានឆ្លងទន្លេអូតាង៉ាវដែលជាទន្លេខណ្ឌចែកទឹកដីរវាងប្រទេសឡាវ និងកម្ពុជា នៅម៉ោង១០ព្រឹក។ យើងពិតជារីករាយណាស់ដែលបានត្រឡប់មកដល់ទឹកដីខ្មែរវិញ ដោយមានការស្វាគមន៍ពីឯកឧត្តម ហ៊ូ នឹម រដ្ឋមន្ត្រីព័ត៌មាននៃរដ្ឋាភិបាលរួបរួមជាតិកម្ពុជា, ឯកឧត្តម សុន សេន មេបញ្ជាការកងទ័ពរំដោះ និងថ្នាក់ដឹកនាំដទៃទៀត។»។
 


យោងតាមកំណត់ហេតុនោះ ក្រោយពីបានស្វាគមន៍គ្នាដោយក្ដីរំភើបហើយនោះ សម្ដេចព្រះប្រមុខរដ្ឋបានយកកន្សែងដៃកើបខ្ចប់ដីមកថើបទៀតផង។

២៣ថ្ងៃក្រោយមក ពោលគឺថ្ងៃទី៣០ខែមីនាឆ្នាំ១៩៧៣នោះ បន្ទាប់ពីបានជួបសន្ទនាជាមួយសមាជិកអ្នកតស៊ូ មេដឹកនាំរដ្ឋាភិបាលរួបរួមជាតិកម្ពុជា និងបានទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនហើយ សម្ដេចព្រះប្រមុខរដ្ឋ និងអ្នកម្នាងបានយាងត្រឡប់មកដល់អូតាង៉ាវនេះជាថ្មី ដើម្បីចាកចេញពីមាតុភូមិរបស់ព្រះអង្គវិញ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com