អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទណ្ឌកម្មលោកខាងលិច៖ លោក ពូទីន ថា រុស្ស៊ីអាចដោះស្រាយបញ្ហាប្រឈមបានទាំងអស់
18, Jun 2022 , 2:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី១៧ ខែមិថុនា បានរិះគន់ជាថ្មីទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់លើរុស្ស៊ីក្រោយការឈ្លានពានអ៊ុយក្រែន។ ទន្ទឹមនឹងការការពារប្រតិបត្តិការដែលពិភពលោកថ្កោលទោស លោក ពូទីន ចោទលោកខាងលិចថា ប្រកាន់គំនិតអាណានិគម ហើយព្យាយាមកម្ទេចសេដ្ឋកិច្ចតាមរយៈទណ្ឌកម្មឆ្កួតឡប់ ប៉ុន្តែលោកអះអាថា រុស្ស៊ីអាចដោះស្រាយបញ្ហាបានទាំងអស់។

 
ពិវេទិកាសេដ្ឋកិច្ចនៅទីក្រុង St Petersburg ដែលអវត្តមានប្រតិភូលោកខាងលិច លោក វ៉្លាឌីមៀ ពូទីន នៅតែបង្ហាញការមិនបារម្ភចំពោះទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែនៅថ្ងៃទី២៤ ខែកុម្ភៈ។ ចំពោះមុខអ្នកចូលរួមជាច្រើន លោក ពូទីន និយាយម្ដងហើយម្ដងទៀតពីអនុភាពរបស់រុស្ស៊ី និងអធិបតេយ្យជាតិប្រឈមមុខនឹងទង្វើរបស់លោកខាងលិច។
 
«យើងជាអ្នកខ្លាំង ហើយអាចដោះស្រាយរាល់បញ្ហាប្រឈមនានា។ ដូចដូនតារបស់យើងដែរ យើងអាចដោះស្រាយបញ្ហាបាន ដូចដែលប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំបានបង្ហាញស្រាប់។» ប្រធានាធិបតីរុស្ស៊ីថ្លែងបែបនេះទៅកាន់អ្នកចូលរួម។ លោក ពូទីន ក៏ឆ្លៀតបញ្ជាក់ជាថ្មីការបន្តប្រតិបត្តិការពិសេសនៅអ៊ុយក្រែនទោះត្រូវរងទណ្ឌកម្មមិនធ្លាប់មានក្ដី។
 
លោក ពូទីន នៅតែនិយាយថា​ ការបញ្ជូនទ័ពចូលអ៊ុយក្រែន គឺដើម្បីការពារប្រជាជនដែលនិយាយភាសារុស្ស៊ីនៅតំបន់ដុនបាសនៅភាគខាងកើតអ៊ុយក្រែន បើទោះជាលោកខាងលិច និងទីក្រុងកៀវ ច្រានចោលក្ដី។ មិនត្រឹមអ្នកនិយាយភាសារុស្ស៊ីឡើយ លោក ពូទីន អះអាងថា យោធារុស្ស៊ីក៏ប្រយុទ្ធដើម្បីការពារផលប្រយោជន៍រុស្ស៊ី និងធានាការអភិវឌ្ឍរបស់ខ្លួន។
 
ទាក់ទងការដឹកជញ្ជូនផលិតផលកសិកម្មដែលជាប់គាំងរហូតធ្វើឱ្យឡើងថ្លៃ មេដឹកនាំរុស្ស៊ីរូបនេះ ប្រកាសថា​ រុស្ស៊ីត្រៀមជាស្រេចក្នុងការធានាដល់ការដឹកជញ្ជូនទំនិញអ៊ុយក្រែនទៅទីផ្សារពិភពលោកតាមសមុទ្រខ្មៅ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com