កីឡាជាតិ
ជាតិ
លោក លី ហៀង៖ យើងមិនត្រូវបញ្ឈប់ការអភិវឌ្ឍខ្លួនឯងទេ
19, Jun 2022 , 9:59 am        
រូបភាព
លោក លី ហៀងអគ្គលេខាធិការក្លិបភ្នំពេញក្រោន បានបញ្ចប់វគ្គសិក្សាគ្រប់គ្រងបាល់ទាត់ (Certificate of Football Management) ​នៅប្រទេសស្វីស កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ អគ្គលេខាធិការរូបនេះ លើកទឹកចិត្តដល់អ្នករួមអាជីព ជាពិសេសយុវជន ឲ្យបន្ត​អភិវឌ្ឍខ្លួនដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងប្រទេសជាតិ។
 
វគ្គសិក្សា ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) មានរយៈពេល៩ខែ ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ ខែមិថុនា ឆ្នាំ២០២២។ លោក លី ហៀង បានអភិវឌ្ឍខ្លួនជាមួយនឹងវិស័យបាល់ទាត់ ដោយមន្ដ្រីក្លិបភ្នំពេញក្រោនរូបនេះ ពង្រឹង និងអភិវឌ្ឍខ្លួនឯង ជាពិសេសទៀតនោះ លោកនឹងយកចំណេះដឹងទាំងនោះ ទៅ​រួម​ចំណែក​ពង្រឹងក្លិបឲ្យកាន់តែប្រសើទៀត។ 


 រូបលោក លី ហៀង ក្នុងពេលទទួល សញ្ញាប័ត្រ ពី UEFA រូបពីក្លិបភ្នំពេញក្រោន
 
អគ្គលេខាធិការក្លិបរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា៖«យើង មិនត្រូវបញ្ឈប់ខ្លួនឯង ក៏ដូចជាការសិក្សា ព្រោះមានសារសំខាន់។ នៅក្នុងវិស័យបាល់ទាត់ ខ្ញុំ តែងតែចង់ឃើញនូវរូបភាពធំជាងអ្វី ដែលយើងកំពុងអភិវឌ្ឍ។ ក្នុងឱកាសណាមួយ គ្រប់គ្នាអាចរៀនបាន យើងគួរតែរៀន ឬក៏ធ្វើបន្ថែមទៀត ដើម្បីឲ្យចំណេះដឹងបាល់ទាត់របស់យើងកាន់តែប្រសើរ ព្រោះបាល់ទាត់កម្ពុជាត្រូវការអ្នកមានចំណេះដឹងបាល់ទាត់ច្រើន។»។


 
ក្នុងខ្លឹម​សារខាងលើនេះ លោក លី ហៀង ក៏លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​មាន​គោល​ដៅ​ច្បាស់​លាស់ហើយ​ប្រឹងប្រែងធ្វើឲ្យបានល្អ។  «ការអប់រំមានសារសំខាន់ណាស់សម្រាប់អនាគតកម្ពុជា។
ប្រទេស​យើង​ត្រូវ​ការ​យើង ហើយ​ត្រូវ​ការ​មនុស្ស​ដែល​មាន​ការ​អប់រំនិង​ចំណេះ​ដឹង​បន្ថែម​ទៀត​ដើម្បី​​ទៅ​មុខបន្តទៀត។»។ នេះបើយោងទៅលើការសរសេររបស់ក្លិបភ្នំពេញក្រោន
កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅ។
 
គួរបញ្ជាក់ផងដែរថា លោក លីហៀង បានចាប់ផ្ដើមការប្រឹងប្រែងរបស់ខ្លួន ចេញពីជំរុំ ក្នុងនាមជាជនភៀសខ្លួនរហូតទទួលជោគជ័យ បានបន្ដការប្រឹងប្រែងរហូតទទួលបានសញ្ញាប័ត្រ UEFA។ ការជោគជ័យនេះ គឺបានផ្ដើមចេញពីការប្រឹងប្រែង និងមានគោលដៅច្បាស់លាស់៕
 
 

Tag:
 បាល់ទាត់
  លី ហៀង
© រក្សាសិទ្ធិដោយ thmeythmey.com