កីឡាអន្តរជាតិ
អន្តរជាតិ
U-23 Asian Cup៖ អារ៉ាប៊ីសាអូឌីត គ្រងជើងឯកលើកដំបូង ក្រោយឈ្នះ អ៊ូសបេគីស្ថាន ២-០
20, Jun 2022 , 9:50 am        
រូបភាព
U-23 អារ៉ាប៊ីសាអូឌីត លើកពានក្រោយឈ្នះ អ៊ូសបេគីស្ថាន ២-០ វគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋាន Milliy ក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន នាល្ងាចថ្ងៃទី_១៩ ខែមិថុនា ឆ្នាំ២០២២។ (ប្រភពAFC Asian 2022)
U-23 អារ៉ាប៊ីសាអូឌីត លើកពានក្រោយឈ្នះ អ៊ូសបេគីស្ថាន ២-០ វគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋាន Milliy ក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន នាល្ងាចថ្ងៃទី_១៩ ខែមិថុនា ឆ្នាំ២០២២។ (ប្រភពAFC Asian 2022)
ដោយ៖ហៀក ឆក

ក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំ អារ៉ាប៊ីសាអូឌីត ឈ្នះម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន ២-០ នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ AFC U-23 Asian Cup 2022 នៅពហុកីឡដ្ឋាន Milliy ក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន នាល្ងាចថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ២០២២។


 
ទោះបីជាមានការវាយសម្រុកគ្នាទៅវិញទៅមករវាងក្រុមម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន និងក្រុមភ្ញៀវ អារ៉ាប៊ីសាអូឌីត នៅក្នុងវគ្គទី១ ក្តី ក៏ពុំមានគ្រាប់បាល់កើតឡើងឡើយ។ 
 
ឈានចូលវគ្គទី២ លេងបានតែ៣នាទីប៉ុណ្ណោះ ក្រុមភ្ញៀវ អារ៉ាប៊ីសាអូឌីត បានរកគ្រាប់បាល់នាំមុខ១គ្រាប់មុន ដោយខ្សែបម្រើស្លាបឆ្វេង Ahmed Al- Ghamdi នៅនាទី៤៨ បន្ទាប់ពីការបញ្ជូនបាល់ពីខ្សែការពារ Hamad Yami។ ការវាយសម្រុកគ្នាទៅវិញទៅមក នៅតែបន្តរហូតដល់នាទី៧៤ ខ្សែប្រយុទ្ធ Buriakan បានបន្ថែមគ្រាប់ទី២ ឲ្យអារ៉ាប៊ីសាអូឌីត ក្រោយបញ្ជូនបាល់ពីខ្សែបម្រើ Turki Ammar ដែលទើបប្តូរចូលជំនួស Ahmed Al- Ghamdi នៅនាទី៧២។
 
បញ្ចប់ការប្រកួត ក្រុមភ្ញៀវឈ្នះក្រុមម្ចាស់ផ្ទះ ២-០ គ្រងដំណែងជើងឯកពានរង្វាន់បាល់ទាត់ AFC U-23 Asian Cup 2022 ខណៈក្រុមម្ចាស់ផ្ទះបានត្រឹមទទួលជើងឯករង។ ក្រុមបាល់ទាត់ អារ៉ាប៊ីសាអូឌីត ក្លាយជាក្រុមល្អ និងកីឡាករលេងល្អក្នុងការប្រកួតពានរង្វាន់នេះ បានទៅខ្សែប្រយុទ្ធ Aiman Yahya និងអ្នកចាំទីល្អ Nawaf Alaqidi។ ចំណែកកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេក្នុងការប្រកួត បានទៅខ្សែប្រយុទ្ធស្លាបស្តាំ កូរ៉េខាងត្បូង Cho Young Wook ២៣ប្រកួត រកបាន ១០គ្រាប់។
 
គួររម្លឹកផងដែរថា អារ៉ាប៊ីសាអូឌីត គ្រងដំណែងជើងឯកជាលើកដំបូង បន្ទាប់ពីរដូវកាល ២០២០ បានត្រឹមជើងឯករងក្រោយចាញ់ យុវជនអាយុក្រោម២៣ឆ្នាំ កូរ៉េខាងត្បូង ១-០ នៅវគ្គផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋាន Rajamangala ទីក្រុងបាំងកក ប្រទេសថៃ៕
 
 

Tag:
 បាល់ទាត់
  AFC Asian Cup
 ផ្តាច់ព្រ័ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com