កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានសហព័ន្ធបាល់ទាត់បារាំងថា​ Mbappe ចង់ឈប់ពីជម្រើសជាតិព្រោះរងការរើសអើងពីអ្នកគាំទ្រ
20, Jun 2022 , 11:20 am        
រូបភាព
ខ្សែប្រយុទ្ធ Kylian Mbappe ធ្លាប់ចង់ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងកាលឆ្នាំ២០២០ ព្រោះការរើសអើងខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយធ្វើមិនបានល្អអំឡុង Euro 2020។  ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង Noel Le Graet និយាយបែបនេះថ្ងៃទី១៩ ខែមិថុនា។


អំឡុងព្រឹត្តិការណ៍ ​​​​​Euro 2020 Mbappe ខកខានស៊ុតបាល់បញ្ចូលទីលើគូប្រកួតរហូតដល់ទៅ៤ ប្រកួតជាប់គ្នា។ បារាំងធ្លាក់ចេញត្រឹមវគ្គ១៦ក្រុម ក្រោយត្រូវក្រុមស្វីសទម្លាក់ដោយការទាតក់បាល់កាត់សេចក្តីដោយលទ្ធផល៥-៤ ក្រោយស្មើគគ្នានៅម៉ោងធម្មតា។ គ្រានោះ Mbappe ជាកីឡាករមួយរូបដែលបរាជ័យក្នុងការស៊ុតបាល់ពិន័យ១១ ម៉ែត្រទល់ស្វីស។
 
ពាក់ព័ន្ធនឹងរឿងរ៉ាវមួយនេះ ប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Noel Le Graet បានប្រាប់កាសែត Le Journal du Dimanche ថា ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ មានអារម្មណ៍ខឹងសម្បារ ហើយមិនចង់បន្តលេងឱ្យក្រុមជម្រើសជាតិទៀតឡើយ ក្រោយពីប្រឈមមុខនឹងការផ្ទុះកំហឹងពីសំណាក់អ្នកគាំទ្រ។
 
«ខ្ញុំបានជួបរូបគេបន្ទាប់ពីការប្រកួត ​Euro ។ គេមានអារម្មណ៍ថាសហព័ន្ធមិនបានការពារគេឡើយ ក្រោយពេលស៊ុតបាល់ពិន័យមិនចូល ហើយគេក៏រងការរើសអើងពីអ្នកគាំទ្រនៅតាមបណ្តាញសង្គម។ ខ្ញុំបានជួបគេនៅក្នុងការិយាល័យប្រហែល១០នាទី ពេលនោះគេមានអារម្មណ៍ខឹងយ៉ាងខ្លាំង ហើយគេបានប្រាប់ខ្ញុំថា ចង់ឈប់ពីក្រុមជម្រើសជាតិបារាំង។»។ លោក Le Graet និយាយបែបនេះ។
 
ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ក៏បានឆ្លើយតបទៅកាន់នឹងការលើកឡើងរបស់លោក ​Le Graet នៅ លើ Twitter ថា រូបគេបានពន្យល់យ៉ាងច្បាស់ទៅប្រធានសហព័ន្ធអំពីទង្វើនៃការរើសអើង មិនទាក់ទងរឿងស៊ុតបាល់មិនចូលនោះទេ។ 
 
យ៉ាងណាមិញ Mbappe ក៏នៅតែបន្តបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបារាំង ក្រោយពេលក្រុមធ្លាក់ពី Euro 2020 យ៉ាងអាម៉ាស់។ Mbappe បានបង្ហាញខ្លួន៥៧ប្រកួតឱ្យបារាំង ដោយរកបាន ២៧គ្រាប់ និងជួយក្រុមមាន់គកបារាំងឈ្នះកៅអី World Cup 2022 នៅប្រទេសកាតា៕
 
 
 
 

Tag:
 ​​Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com