កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton រីករាយបានឡើងវេទិកាជាថ្មី ទោះបានត្រឹម​លេខ៣នៅ Canadian Grand Prix
20, Jun 2022 , 7:59 pm        
រូបភាព
Lewis Hamilton ទទួលបានចំណាត់ថ្នាក់ទី៣ ជាលើកទីពីរនាការប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី Canadian Grand Prix ប្រទេសកាណាដា។ ទោះមិនទាន់ស្គាល់ជ័យជម្នះនៅរដូវកាល២០២២នេះក្តី តែម្ចាស់ជើងឯក៧សម័យរីករាយដែលបាននាំ Mercedes ឡើងវេទិកាកិត្តិយសជាថ្មី ចាប់តាំងពីជំនួបបើកឆាកនៅបារ៉ែនមក។

 
នាការប្រណាំងរថយន្ត F1 នៅថ្ងៃទី១៩ ខែមិថុនា ម្ចាស់ការពារតំណែងជើងឯក Max Verstappen ដែលបើកបរឱ្យក្រុម Red Bull បានបន្តជ័យជម្នះរបស់ខ្លួនដោយប្រើពេល១ម៉ោង ៣៦នាទី និង២១វិនាទី។ នេះជាការឈ្នះលើកទី៦របស់អ្នកប្រណាំងសញ្ជាតិហូឡង់ក្នុងចំណោមការប្រណាំងទាំង៩លើកនៅរដូវកាលថ្មីនេះ។
 
Carlos Sainz របស់ក្រុម Ferrari ទទួលបានចំណាត់ថ្នាក់ទី២ ខណៈ Hamilton ដែលបើកឱ្យMercedes បញ្ច​ប់នៅលេខរៀងទី៣។ ក្រោយទទួលបានលេខ៣នៅកាណាដា Hamilton បានបង្ហាញក្តីរីករាយសម្រាប់លទ្ធផលនេះ​ ដ្បិតបាននាំ Mercedes​ បង្ហាញមុខលើវេទិកាជាលើកទី២ គិតចាប់តាំងពីជំនួនបើកឆាកមក។
 
លើសពីនេះទៀតនោះ អ្នកប្រណាំងសញ្ជាតិអង់គ្លេសដែលគ្រងជើងឯក F1 ជាកំណត់ត្រា៧សម័យកាលអះអាងថាចំណាត់ថ្នាក់ទី៣នៅទីលានទី៩នេះនឹងជំរុញខ្លួនរកបានជ័យជម្នះលើកដំបូងនៅជំនួបបន្ទាប់។«ពិតជាមានអារម្មណ៍ល្អណាស់ក្នុងការចូលរួមក្នុងសមរភូមិប្រណាំងរថយន្តដែលពោពេលដោយសក្តានុពល។ត្រឹមមួយវិនាទី ខ្ញុំបានតាមទាន់គូប្រជែងដណ្តើមលេខ៣។ ទាំងនេះបានផ្តល់ឱ្យខ្ញុំនិងក្រុមការងារមានក្តីសង្ឃឹមជាថ្មីដើម្បីសម្រេចឱ្យបានជ័យជម្នះនៅការប្រណាំងបន្តបន្ទាប់»។ នេះជាការលើកឡើងរបស់ Hamilton។
 
ក្នុងនាមជាម្ចាស់ការពារតំណែងជើងឯក Verstappen កាន់តែងបង្ហាញភាពលេចធ្លោខ្លាំងឡើងនៅរដូវកាល២០២២នេះ។
 
ជាមួយជ័យជម្នះ៦លើក ចំណោមការប្រណាំង៩លើក Verstappen កើនពិន្ទុនាំមុខដាច់ក្នុងតារាងF1 និងមានសង្ឃឹមខ្ពស់អាចឈ្នះជើងឯកជាលើកទី២ជាប់គ្នា។
 
Verstappen រកបាន១៧៥ពិន្ទុតាមពីក្រោយដោយមិត្តរួមក្រុម Red Bull កីឡាករ SergioPerez ដែលរកបាន ១២៩ពិន្ទុ។ Charles Leclerc របស់Ferrari ស្ថិតនៅលេខ៣ មាន១២៦ពិន្ទុ ខណៈ GeorgeRussell របស់ Mercedes នៅលេខ៤មាន ១១១ពិន្ទុ។Hamilton ឈរលេខ៦ មាន៧៧ពិន្ទុ។
 
សម្រាប់ផ្នែកគ្រឿងម៉ាស៊ីនវិញ Red Bull ក៏មានពិន្ទុនាំមុខគេដាច់ផងដែរតាមរយៈសមិទ្ធផលរបស់ Verstappen និង Perez។ Red Bull ឈរកំពូលតារាងមាន៣០៤ពិន្ទុនាំមុខក្រុមលេខពីរ Ferrari ចំនួន៧៦ពិន្ទនិងលើសក្រុមលេខ៣ Mercedes ដល់ទៅ១៥៨ពិន្ទុ។ការប្រណាំងបន្ទាប់សម្រាប់ទីលានទី១០ នឹងធ្វើឡើងនៅអង់គ្លេសក្នុងកម្មវិធី GreatBritain Grand Prix នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២៕
 
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com