កីឡាជាតិ
ជាតិ
អ្នកចាត់ការភ្នំពេញក្រោន៖ អ៊ន ចាន់ប៉ូលីន អាចជួយក្រុមប្រកួតនៅវៀតណាម ខណៈ លឹម ពិសុទ្ធ បន្តព្យាបាល
20, Jun 2022 , 4:59 pm        
រូបភាព
អ៊ន ចាន់ប៉ូលីន ប្រកួតក្នុងជំនួបជាមួយ ឥណ្ឌា ក្នុងព្រឹត្តិការណ៍ AFC Asian Cup Qualifiers នៅទីក្រុង Kolkata ប្រទេសឥណ្ឌា រូបពីក្លិបភ្នំពេញក្រោន
អ៊ន ចាន់ប៉ូលីន ប្រកួតក្នុងជំនួបជាមួយ ឥណ្ឌា ក្នុងព្រឹត្តិការណ៍ AFC Asian Cup Qualifiers នៅទីក្រុង Kolkata ប្រទេសឥណ្ឌា រូបពីក្លិបភ្នំពេញក្រោន
ក្លិបភ្នំពេញក្រោន កំពុងប្រមូលផ្ដុំកីឡាករ ហ្វឹកត្រៀមប្រកួត AFC Cup  ដែលចាប់ផ្ដើមពីថ្ងៃទី២៤-៣០ ខែមិថុនា នៅកីឡដ្ឋាន Thong Nhat ប្រទេសវៀតណាម។ ប្រធានក្រុមក្លិប អ៊ន ចាន់ប៉ូលីន ដែលមានបញ្ហារបួសបន្តិចបន្តួច អាចចូលរួមជាមួយក្រុមប្រកួតនៅវៀតណាម ខណៈ លឹម ពិសុទ្ធ បន្តព្យាបាល។

 
ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគកម្ពុជា ឆ្នាំ២០២១ ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួត AFC Cup។ បើទោះជាមានបញ្ហារបួសកីឡាករបន្ដិចបន្តួចក្តី តែក្លិប នឹងប្រកួតដោយរក្សាទម្រង់ពេញ ដូចជាការប្រកួតក្នុងស្រុកកន្លងមក។ លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន បានបញ្ជាថា អ៊ន ចាន់ប៉ូលីន ខ្សែបម្រើកណ្ដាលភ្នំពេញក្រោន នឹងចូលរួមប្រកួតជួយក្លិប ។ ការបញ្ជាក់របស់លោក កែវ សុខង៉ន នេះ ធ្វើឡើងក្រោយមានព័ត៌មានលេចឭថា ប្រធានក្រុម និងជាកីឡាករបម្រើកណ្ដាលសំខាន់ក្លិបនេះ មានបញ្ហារបួស ហើយមិនអាចចូលរួមប្រកួតបាន។
 
ដោយឡែក លឹម ពិសុទ្ធ ដែលជាកីឡាករសំខាន់របស់ក្លិបដែរនោះ កំពុងបន្តសម្រាកព្យាបាលរបួស។ បើទោះជា លឹម ពិសុទ្ធ ខ្សែបម្រើប្រយុទ្ធស្លាបភ្នំពេញក្រោន របួស តែក្លិបនៅមានកីឡាករជាច្រើន ក្នុងនោះ មាន៖ ជីម ណាវីន, សឿត បារាំង, ប្រាក់ ធីវ៉ា និង យ៉ើ ម៉ូស្លីម...។ល។ ហើយក៏មានបរទេស ដូចជា Fareed Sadat,  Andres Neito, Valeriy និង Yudai Ogawa។ 
លោក កែវ សុខង៉ន ថា៖«ទាំងកីឡាករកម្ពុជា និងកីឡាករបរទេស តែងគិតដល់ប្រយោជន៍រួម និងធ្វើការជាក្រុម។»។
 
នៅក្នុងពូល I   ក្រុម Viettel FC របស់វៀតណាម ជាក្លិបដែលធ្លាប់មានបទពិសោធន៍ប្រកួត AFC Championship ដែលជាកម្រិតពានរង្វាន់ខ្ពស់ក្នុងតំបន់អាស៊ី។ ទោះជាយ៉ាងនេះក្ដី កម្រិត លេងរវាងក្រុមក្នុងពូល I នេះ មិនខុសគ្នាប៉ុន្មានទេ ជាពិសេសក្រុមពីរផ្សេងទៀត ដែលមានកម្រិតប្រហាក់ហែលគ្នា។ នេះបើតាមអ្នកចាត់ការក្រុមភ្នំពេញក្រោន ។
 
គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន នឹងប្រកួតជាមួយ Houngang United របស់សិង្ហបុរី នៅថ្ងៃទី២៤ ខែមិថុនា, ថ្ងៃទី២៧ ប្រកួតជាមួយ Viettel FC របស់វៀតណាម និងថ្ងៃទី៣០ មិថុនា ជាមួយក្លិបYoung Elephants មកពីឡាវ។ ការប្រកួត ត្រូវបានកំណត់ទឹកដីកណ្ដាលមួយ ដើម្បីប្រកួតជម្រុះ ដោយយកកីឡដ្ឋាន Thong Nhat នៃប្រទេសវៀតណាម ជាទីកន្លែងប្រកួតក្នុងពូល I។ ជាមួយគ្នានេះដែរ វិសាខា ត្រូវប្រកួតក្នុងពូល G ជាមួយបីក្រុមផ្សេងទៀត រួមមាន Bali United របស់ឥណ្ឌូណេស៊ី, Kedah Darul Aman FC ម៉ាឡេស៊ី និង  Kaya FC-Iloilo របស់ហ្វីលីពីន៕
 

Tag:
 បាល់ទាត់
  ភ្នំពេញក្រោន
  AFC Cup
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com