កីឡាអន្តរជាតិ
អន្តរជាតិ
នាយកប្រតិបត្តិ Man United ៖​ ក្លិបត្រៀម​កញ្ចប់លុយហើយ សម្រាប់លោក Ten Hag ទិញកីឡាករថ្មី
21, Jun 2022 , 8:29 am        
រូបភាព
លោក Richard Arnold នាយកប្រតិបត្តិក្លិប Manchester United ថ្ងៃទី១៩ ខែមិថុនា បានបង្ហើបគម្រោងរបស់ក្លិប ត្រៀម​កញ្ចប់លុយ សម្រាប់លោក Ten Hag ទិញកីឡាករហើយ ក្រោយក្រុមអ្នកគាំទ្រ គ្រោងធ្វើបាតុកម្មជុំវិញផ្ទះលោក នៅក្បែរហាងស្រាមួយកន្លែង។​​


នាយកប្រតិបត្តិក្លិបដែលកាន់តំណែងជំនួសលោក Ed Woodward បានសន្យាចំពោះមុខអ្នកគាំទ្រថា លោក Erik ten Hag អ្នកចាត់ការថ្មីបិសាចក្រហមជំនួសលោក Ralf Rangnick នឹងទទួលបានប្រាក់សម្រាប់ទិញកីឡាករថ្មីៗមកក្លិប។ នេះបើតាមការបង្ហោះឃ្លីបវីដេអូពីសំណាក់អ្នកគាំទ្រម្នាក់ ដែលស្ថិតនៅទីតាំងនោះ។
 
នៅក្នុងវីដេអូឃ្លីបមួយនោះទៀតសោត លោក Arnold បានចេញប្រាក់ផ្ទាល់ខ្លួនទិញស្រាបៀរ​ឱ្យអ្នកគាំទ្រ ដែលមានបំណងធ្វើបាតុកម្មនៅជុំវិញផ្ទះរបស់លោក ហើយលោកក៏បានរៀបរាប់អំពីបញ្ហាហិរញ្ញវត្ថុ ដែលក្លិបបានជួបប្រទះនាពេលបច្ចុប្បន្ន ក៏ដូចជារឿងក្លិបកំពុងចរចាននាំយកខ្សែបម្រើ Frenkie De Jong របស់ក្រុម Barcelona ផងដែរ។
 
លោក Arnold បាននិយាយថា ក្លិបបានចាយប្រាក់ជាង១ពាន់លានលើកីឡាករនៅឆ្នាំមុន តែក្លិប ក៏បានត្រៀមប្រាក់មួយចំនួន សម្រាប់អ្នកចាត់ការថ្មីរួចរាល់។ 
 
«យើងបានចំណាយប្រាក់លើស១ពាន់លានដុល្លារលើកីឡាករ យើងចំណាយច្រើនជាងក្លិបណាទាំងអស់ទូទាំងអឹរ៉ុប ខ្ញុំក៏បានសប្បាយចិត្តចំពោះលទ្ធផលដែលយើងទទួលបានដែរ។ មានរឿងអ្វីកើតឡើងគឺយើងបានដុតប្រាក់ទាំងនោះចោលទទេ យើងធ្វើមិនបានល្អជាមួយប្រាក់ទាំងនោះ ប៉ុន្តែសម្រាប់រដូវក្តៅនេះ យើងក៏បានត្រៀមប្រាក់សម្រាប់អ្នកចាត់ការថ្មី និងនាយកបាល់ទាត់តាមអ្វីដែលពួកគេចង់បាន។»។ លោក Arnold និយាយបែបនេះ។
 
យ៉ាងណាមិញបើតាមអ្នកនាំពាក្យរបស់ក្លិបម្នាក់បានប្រាប់ទៅទូរទស្សន៍ Sky Sports លោក Richard Arnold បានដឹងដំណឹងអំពីអ្នកគាំទ្រប៉ុនប៉ងធ្វើបាតុកម្មជុំវិញផ្ទះរបស់លោក ហើយបានជួបជុំគ្នានៅក្នុងហាងស្រាមួយកន្លែងនៅក្បែផ្ទះ ជាហេតុធ្វើឱ្យលោកទៅចូលរួមបកស្រាយអំពីបញ្ហាក្លិប និងគម្រោងក្លិបបែបនេះ៕
 
 
 
 

Tag:
 ​Richard Arnold
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com