ភ្នំពេញ៖ ទីស្នាក់ការកណ្តាល និងសាខារបស់គ្រឹះសា្ថនធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា មានរហូតដល់២ ៦០០កន្លែង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឱ្យប្រជាពលរដ្ឋ។ នៅក្នុងនោះ មាន ១ ១៩៩កន្លែង ជាការិយាល័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១របស់ធនាគារជាតិនៃកម្ពុជា(NBC) ដែលអនុម័តដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
កម្ពុជាមានធនាគារពាណិជ្ជចំនួន៥៤ និងធនាគារឯកទេសចំនួន១០។ ក្រៅពីនេះ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន៦ និងមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើចំនួន៧៩។ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)ប្រចាំឆ្នាំ២០២១ បានបង្ហាញថា ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះ គឺមានទីស្នាក់ការកណ្តាល សាខា និងការិយានៅទូទាំងប្រទេសសរុប ២ ៦០០កន្លែង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុឱ្យអតិថិជន។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមការិយាល័យសរុបនេះ មាន១ ៣៤៩កន្លែង ជាទីស្នាក់ការកណ្តាល និងជាសេខារបស់គ្រឹះស្ថានធនាគារ ដែលមានម៉ាស៊ីនដក-ដាក់ប្រាក់ស័្វយប្រវត្តិ (ATM)ចំនួន ៣ ២៣៤ កន្លែង ផងដែរ។
ដោយឡែក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាវិញ មានបណ្តាញប្រតិបត្តិគ្រប់ដណ្តប់ទូទាំងប្រទេស ក្នុងចំនួន១ ៣៤៩ការិយាល័យ។ មីក្រូហិរញ្ញវត្ថុទាំងនោះ បានធ្វើទំនើបកម្មលើសេវាកម្មរបស់ខ្លួន ក្នុងការផ្តល់ឥណទាន ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ធនគារចល័ត និងការដក-ដាក់ប្រាក់តាមម៉ាស៊ីនATM ជាដើម ដែលធ្វើឱ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានកាន់តែច្រើន។
ជាមួយគ្នានេះ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុភាគច្រើន មានការិយាល័យមាន៥២កន្លែង និងគ្រឹះស្ថានឥណទានជនបទ ដែលរួមចំណែកក្នុងការសេវាឥណទានខ្នាតតូចនោះ មាន២៣៤ កន្លែង ផងដែរ។
តាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២១ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានកំណើន១៦ភាគរយ ដែលមានទំហំទឹកប្រាក់ ៦៨,២ពាន់ដុល្លារអាម៉េរិក។ ក្នុងនោះ ឥណទានអតិថិជនកើនដល់២១,២ភាគរយ ស្មើនឹង៤៥,៧ពាន់លានដុល្លារ, ប្រាក់បញ្ញើអតិថិជនមានកំណើន១៥,៤ភាគរយ ស្មើនឹង៣៨,៥ពាន់លានដុល្លារ និងដើមទុនមានកំណើន១៨ភាគរយ ស្មើនឹង ៧,៦ពាន់ដុល្លារ។
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនប្រាក់បញ្ញើអតិថិជនមានដល់១២,១លានគណនី និងឥណទានអតិថិជន មានដល់៣,៣លានគណនី។ នេះបើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា៕