ដោយ៖ ញឹក សំអូន
បារីបានក្លាយជាខ្ទង់ចំណាយប្រចាំថ្ងៃរបស់សិស្សសាលាមួយចំនួនទាំងនៅទីប្រជុំជន និងជនបទ។ ក្បែររបងសាលារៀន តាមតូបលក់ចាប់ហួយ ហាងកាហ្វេ និងទីសាធារណៈនានា ជាទីតាំងបង្ហុយផ្សែងបារីរបស់យុវជនអាយុក្រោម២០ឆ្នាំ ដែលអ្នកជំនាញផ្នែកសុខភាព និងគ្រូបង្រៀន មានការព្រួយបារម្ភយ៉ាងខ្លាំង។
រៀននៅអនុវិទ្យាល័យមួយកន្លែងនៅខេត្តព្រះសីហនុ យុវតី គីមលាង ឃើញច្បាស់នឹងភ្នែកស្ទើររាល់ថ្ងៃនូវសកម្មភាពរបស់សិស្សប្រុសពី៣ទៅ៤នាក់ ដែលនាំគ្នាលួចជក់បារី នៅតាមហាងកាហ្វេ និងបរិវេណក្រៅរបងសាលារៀន ជាពិសេសនៅម៉ោងចេញលេង។
សិស្សស្រីដែលរៀនថ្នាក់ទី៩រូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា អ្នកជក់ទាំងនោះ ជាកូនអ្នកផ្សារ ហើយគ្រូក៏ធ្លាប់ណែនាំឲ្យពួកគេបញ្ឈប់សកម្មភាពផងដែរ ប៉ុន្តែពួកគេនៅតែបន្តនាំគ្នាលួចជក់ ដែលជាការចំណាយប្រាក់ឥតប្រយោជន៍។
មិនខុសគ្នានោះឡើយ លោក សុខសាន្ត ដែលជាគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងខេត្តសៀមរាប បានត្រឹមតែដកដង្ហើមធំនៅពេលដែលលោកឃើញក្រុមយុវជនផ្តុំគ្នាជក់បារី ដោយអ្នកខ្លះស្ថិតក្នុងឯកសណ្ឋាន ខ្លះមិនពាក់ឯកសណ្ឋាន។
ក្រុមសិស្សដែលលោក សុខសាន្ត តែងតែប្រទះឃើញនោះ មិនមែនជាសិស្សរបស់លោកឡើយ ប៉ុន្តែជាសិស្សរៀននៅកម្រិតអនុវិទ្យាល័យ ដែលមានអាយុមិនទាន់ដល់១៥ឆ្នាំពេញលេញផង ហើយជាទូទៅ គឺសិស្សប្រុស។
«ខ្ញុំសង្កេតឃើញពួកគាត់ទិញបារីមួយកញ្ចប់ចែកគ្នាម្នាក់១ដើមៗ ជក់ពេញហ្នឹង។ គាត់ជក់បែបស្ទាវ គឺជក់បារីផ្លុំបង្ហុយផ្សែងឡើងលើ ពួកគាត់ក្មេងណាស់ អ្នកខ្លះមិនទាន់ចេះជក់ផង តែគាត់រៀនជក់»។ នេះជាការកត់សម្គាល់ជាប្រចាំរបស់លោកគ្រូ សុខសាន្ត នៅពេលដែលលោកជិះកង់ហាត់ប្រាណ។
នៅភ្នំពេញ សារព័ត៌មានថ្មីៗ បានសុំសម្ភាសយុវជនម្នាក់ដែលបានលង់ខ្លួនជាមួយចំណីផ្សែងដែលបំផ្លាញសុខភាព។ លីមាន [ឈ្មោះប្រឌិត] រៀនជក់ដំបូងកាលនៅថ្នាក់ទី៩ ដោយសារចង់សាកល្បងតាមមិត្តភក្តិ។
បច្ចុប្បន្នវ័យ១៩ឆ្នាំ គេបន្តទម្លាប់នេះ នៅពេលជួបជុំមិត្តភក្តិ ជាពិសេសនៅកន្លែងផឹកស៊ី ដោយមិនបានប្រព្រឹត្តប្រចាំថ្ងៃនោះឡើយ។ លីមាន ទទួលស្គាល់ថា ពេលជក់ទៅធ្វើឲ្យក្លិនខ្លួន ក្លិនមាត់ធុំអាក្រក់ និងសុខភាពមិនសូវល្អ ប៉ុន្តែនៅតែបន្តអនុវត្ត។
ជាមធ្យម លីមាន ចំណាយទិញបារីក្នុង១កញ្ចប់ពី៦០០០ទៅ៧០០០រៀល ដែលជាការចំណាយឥតប្រយោជន៍មួយ។ គេទិញនៅតាមផ្សារ និងតាមតូបលក់ចាប់ហួយ ដោយអ្នកលក់មិនមានការសួរនាំអ្វីឡើយ។
អ្នកជំនាញព្រមានពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ
បើតាមលោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ការជក់បារីធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ព្រមទាំងខាតពេលវេលា និងខាតប្រាក់របស់ឪពុកម្ដាយ។ ម្យ៉ាងទៀត វានឹងប្រឈមកើតជំងឺដាច់សរសៃឈាមខួរក្បាល ហើមសួត និងជំងឺគាំងបេះដូងជាដើម។ សម្រាប់ក្មេងដែលមានអាយុតិច ឬក្រោម១៨ឆ្នាំ ពួកគេប្រឈមបញ្ហាប្រឈមខ្លាំងជាងមនុស្សពេញវ័យ ដោយសាររាងកាយរបស់ពួកគេពុំទាន់វិវដ្តពេញលេញ។
លោកបានបញ្ជាក់ថា ផលប៉ះពាល់ពីការជក់បារីបែងចែកជាបីគឺ ទី១ ប៉ះពាល់សុខភាព បណ្ដាលឲ្យមានជំងឺជាច្រើនមុខ ជាពិសេសជំងឺនាំមុខដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺហើមសួត និងគាំងបេះដូងជាដើម។ ទី២ ធ្វើឲ្យខាតបង់សេដ្ឋកិច្ច ដោយពួកគេចំណាយលុយទៅទិញបារីជក់ រួចក៏ធ្លាក់ខ្លួនឈឺ ហើយពួកគេត្រូវព្យាបាលជំងឺអស់លុយច្រើនទៀត។ ទី៣ ប៉ះពាល់បរិស្ថាន គឺផ្សែងបារីធ្វើឲ្យពុលបរិស្ថាន ធ្វើមានបំភាយឧស្ម័នកាបូនឌីអុកស៊ីតកើនឡើង និងធ្វើឱ្យម៉ាយក្រូប្លាស្ទិកចេញពីកន្ទុយបារី បណ្ដាលឱ្យខូចបរិស្ថាន និងទឹកផងដែរ។
លោក មុំ គង់ បន្តថា៖ «មិនមែនកើតជំងឺតែអ្នកជក់ទេ អ្នកនៅជុំវិញអ្នកជក់នោះក៏កើតជំងឺដែរ»។ លោក បានចោទជាសំនួរថា៖ « បើអ្នកជក់បារីស្លាប់មុនអាយុកំណត់។ តើប្រទេសជាតិ ត្រូវខាតប៉ុន្មាន ដែលគាត់ជាធនធានមនុស្ស ហើយស្លាប់មុនអាយុកំណត់?»។
បារីអេឡិចត្រូនិកធ្វើឲ្យកាន់តែញៀនបារី
នារយៈពេលចុងក្រោយនេះ មិនត្រឹមតែជាបារីកញ្ចប់ធម្មតានោះឡើយ ប៉ុន្តែក្រុមក្រុមសិស្សសាលា ក៏មានចំនួនច្រើនផងដែរ ដែលប្រើប្រាស់ឧបករណ៍ជក់បារីអេឡិចត្រូនិក (Vape) រួមមាន។
ថ្វីដ្បិតបារីអេឡិចត្រូនិក និង Sisha ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនហាមលក់ និងប្រើប្រាស់ក៏ដោយ ប៉ុន្តែបច្ចុប្បន្នឧបករណ៍ជក់បារីអេឡិចត្រូនិកនេះ នៅតែចរាចរណ៍ខ្លាំងដោយមានតម្លៃថ្លៃ ចន្លោះពី២៥ដុល្លារ ទៅ១០០ដុល្លារ ឬលើសពីនេះដែលអាស្រ័យប្រភេទនីមួយៗ។
ក្នុងបទសម្ភាសកន្លងមកជាមួយសារព័ត៌មានថ្មីៗ លោក មុំ គង់ បានកត់សម្គាល់ថា៖«ឧបករណ៍ជក់បារីអេឡិចត្រូនិកមានតម្លៃថ្លៃ សម្រាប់សិស្សសាលា ដែលមិនអាចលទ្ធភាពទិញបាន។ ដូច្នេះពួកគេរៃលុយគ្នាដើម្បីទិញឧបករណ៍នេះប្រើប្រាស់រួមគ្នា»។
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា កាលពីឆ្នាំ២០២០ ការប្រើប្រាស់ឧបករណ៍ជក់បារីអេឡិចត្រូនិករួមគ្នា ក្រៅពីប្រឈមខ្លាំងនឹងការឆ្លងកូវីដ-១៩ គឺថែមទាំងមានងាយមានជំងឺហើមសួត, ជំងឺមហារីកសួត, ជំងឺរលាកសួតរ៉ាំរ៉ៃ, ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺបេះដូងជាដើម ដូចនឹងការជក់បារីធម្មតាដែរ។
សេចក្តីប្រកាសដដែល បានអះអាងថា បារីអេឡិចត្រូនិក គឺមិនមែនជាឧបករណ៍ផ្តាច់បារីនោះទេ តែវា ឧបករណ៍សម្រាប់ទាក់ទាញយុវជនវ័យក្មេងឱ្យប្រើប្រាស់ទៅវិញ ព្រោះឧបករណ៍អេឡិចត្រូនិចនេះត្រូវបានឧស្សាហកម្មថ្នាំជក់ផលិតរសជាតិច្រើនជម្រើស និងងាយស្រួលក្នុងការប្រើប្រាស់។
ក្រសួងអប់រំ មិនស្វាគមន៍ភាពជាដៃគូជាមួយឧស្សាហករថ្នាំជក់
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឆ្លើយតបសារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម ថា កាលពីខែកុម្ភៈ ក្រសួងបានចេញសេចក្ដីណែនាំហាមមិនឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់នោះឡើយ។
«មិនឲ្យទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់ ផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយឧស្សាហកម្មថ្នាំជក់។យើងត្រូវចូលរួមលុបបំបាត់ សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់តាមគ្រប់រូបភាព»។ នេះបើតាមការអះអាងរបស់លោក រស់ សុវាចា។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានបន្ថែមថា ករណីមានការលំបាកដល់ការអប់រំ នៅតាមគ្រឹះស្ថានសិក្សា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់វិធានការរដ្ឋបាល។ បើចាំបាច់ត្រូវសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ខេត្ត-រាជធានី ដែលជាសេនាធិការរបស់ក្រសួងអប់រំ។
ជុំវិញរឿងនេះ ក្នុងករណីគ្មានចំណាត់ការពីមន្ត្រីអប់រំ ក្រសួងមានវិធានការរដ្ឋបាល ២កម្រិត។ វិធានការរដ្ឋបាលថ្នាក់ទី១ គឺស្តីបន្ទោសជាលាយលក្ខណ៍ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខ័ណ្ឌ។
ក្រសួងព័ត៌មានក៏បានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងបារីផងដែរ តាមរយៈការហាមឃាត់រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់តាមរយៈបណ្តាញព័ត៌មាន។
ដំឡើងពន្ធថ្នាំជក់-បារី
បើតាមលោក មុំ គង់ ដើម្បីបង្ការយុវជន និងកុមារកុំឱ្យជក់ទៀត គឺត្រូវដំឡើងពន្ធបារីឱ្យបានខ្ពស់ និងត្រូវពង្រឹងការអប់រំដល់យុវជន តាមរយៈការដាក់សារណែនាំលើកញ្ចប់បារី និងត្រូវហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មជុំវិញបារី គ្រប់រូបភាពទាំងអស់។
ទាក់ទងនឹងពន្ធ ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យជាតិមានជ័យនាឆ្នាំ២០២១ បង្ហាញថា ពលរដ្ឋកម្ពុជាប្រមាណ៩៤ភាគរយ គាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់ ពោលគឺគាំទ្រឲ្យដំឡើងដល់ ៦២ភាគរយនៃតម្លៃលក់រាយ ដែលស្មើនឹង២ដងនៃពន្ធថ្នាំជក់បច្ចុប្បន្ន។
លោក មុំ គង់ បន្តថា៖ «កម្ពុជាយកពន្ធបារីទាបជាងគេ ដោយបារីលក់រាយនៅក្នុងស្រុកយកពន្ធ ២០ភាគរយ ហើយបារីនាំចូលយកពន្ធ ៣០ភាគរយ។ ប៉ុន្តែសិង្ហបុរីគេយកពន្ធជាង ៧០ភាគរយ អ៊ឹចឹងយើងមានគម្លាតពីគេឆ្ងាយមែនទែន»។
ឆ្នាំ២០១៤ មានអ្នកប្រើប្រាស់បារីនៅប្រទេសកម្ពុជា មានអត្រា ៣២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលស្មើប្រហែល ១,៥លាននាក់ និងអ្នកដែលចុកថ្នាំប្រហែលជា ៥០ម៉ឺននាក់ ដូច្នេះអ្នកប្រើប្រាស់ថ្នាំជក់សរុបប្រហែល ២លាននាក់។ នេះបើតាមលោក មុំ គង់។
បើតាមអង្គការចលនាដើម្បីសុខភាពកម្ពុជា ការដំឡើងពន្ធថ្នាំជក់នឹងជួយឱ្យកម្ពុជាទទួលបានចំណូល ២៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ និង៩៣៣លានដុល្លារក្នុងរយៈពេល១៥ ប្រសិនអាចដំឡើងពន្ធដល់៧៥ភាគរយនៃតម្លៃបារីលក់រាយ។
កាលពីឆ្នាំ២០១៩ កម្ពុជាបានខាតបង់ប្រាក់ចំណូលពន្ធប្រមាណ ២៧៩,៦ពាន់លានរៀល និង៥៣២,៣ពាន់លានរៀលក្នុងឆ្នាំ២០២០ ដោយសារខកខានមិនបានដំឡើងពន្ធបារីបន្ថែម ៥០០រៀលក្នុង១កញ្ចប់ និង១០០០រៀលក្នុង១កញ្ចប់។ នេះបើយោងតាមការស្រាវជ្រាវមួយរបស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA)៕