ជាតិ
សេដ្ឋកិច្ច
កម្ពុជា ស្នើឱ្យធុរជន អនុលោមតាមច្បាប់តួកគី ដែលរឹតត្បិតការនាំចូលទឹកដោះសត្វ សាច់ ស្បែក និងរោមសត្វ
20, Jun 2022 , 10:29 pm        
រូបភាព
លោក ប៉ែន_ សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ។ រូបថត ៖ MOC ។
លោក ប៉ែន_ សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ។ រូបថត ៖ MOC ។
ដោយ ៖ ធន់ សេងហុង 
 
ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីបញ្ជីមុខទំនិញដែលត្រូវរឹតត្បិតក្នុងការនាំចូលទៅតួកគី ដែលជាមុខទំនិញផលិតចេញពីសរីរាង្គសត្វ ។ នេះបើយោងតាមលិខិតក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៧ មិថុនា ឆ្នាំ២០២២។



ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ ឱ្យអនុលោមតាមអង្គការពិភពលោកខាងសុខភាពសត្វ (The World Organization for Animal Health) និងក្របខ័ណ្ឌនៃបទប្បញ្ញត្តិសុខភាពក្នុងការនាំចូលសត្វរស់និងផលិតផលធ្វើពីសត្វ ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី ដែលត្រូវបានរឹតត្បិតនាំចូលប្រទេសមួយនេះ។  
 
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា តួកគី រឹតត្បិតការនាំចូលទំនិញនេះ ដោយសារតែព្រួយបារម្ភពាក់ព័ន្ធប្រភេទជំងឺមួយប្រភេទ ដែលកើតទៅលើដៃជើងរបស់សត្វ ហើយអាចឆ្លងមកមនុស្សបាន​ ។ 
 
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ប្រភេទទំនិញ ដែលតួកគីរឹតត្បិតនោះ រួមមាន ៖ ផលិតផលប្រភេទទឹកដោះសត្វ និងប្រភេទម្សៅដែលធ្វើពីទឹកដោះសត្វ ព្រមទាំងសាច់សត្វនិងការកែច្នៃពីសាច់សត្វគ្រប់ប្រភេទ សាច់ងៀត សាច់ស្រស់ និងសាច់កែច្នៃក្នុងកំប៉ុង ។
 
ដោយឡែកប្រភេទផលិតផលស្បែកសត្វ ដែលត្រូវបានគេយកទៅកែច្នៃនៅក្នុងឧស្សាហកម្ម​ ដូចជា ប្រភេទរោមសត្វចៀម និងរោមសត្វដទៃទៀត ក៏ត្រូវបានចាត់ចូលក្នុងការរឹតត្បិតនាំចូលទៅតួកគីផងដែរ។ ក្រៅពីនេះ ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់តួកគី ក៏បានរឹតត្បិតប្រភេទសិរីរាង្គខាងក្នុងរបស់សត្វ រួមមាន ពោះវៀន ក្រពះ សួត... ទាំងស្រស់ទាំងកែច្នៃ ជាដើម ។ នេះបើតាមលោក សុវិជាតិ។
 
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ៖ «​ការរឹតត្បិតមិនមែនជាការហាមឃាត់ក្នុងការនាំចូលនោះទេ ដូច្នេះផលិតករ ឬអ្នកនាំចេញទាំងអស់អាចនាំចូលបាន ដោយគោរពតាមលក្ខខណ្ឌមួយចំនួន របស់ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី» ៕ 
 
 

Tag:
 តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com