កីឡាជាតិ
ជាតិ
ប្រដាល់ U Mauy​៖ សុខ ធី ឈ្នះ Focus ខណៈ សែន រ៉ាដេត ចាញ់កោះតៅ ដោយពិន្ទុ
21, Jun 2022 , 10:19 am        
រូបភាព
កីឡាករ សែន រ៉ាដេត ខោក្រហម ប្រកួតជាមួយកីឡាករ ថៃ កោះ តៅ ខោខៀវ (ប្រភព Nara Kunkhmer)
កីឡាករ សែន រ៉ាដេត ខោក្រហម ប្រកួតជាមួយកីឡាករ ថៃ កោះ តៅ ខោខៀវ (ប្រភព Nara Kunkhmer)
ដោយ៖ហៀក ឆក

កីឡាករប្រដាល់កម្ពុជា សុខ ធី ហៅកាកា យកឈ្នះលើកីឡាករថៃ Phet Focus ដោយពិន្ទុ ខណៈ សែន រ៉ាដេត ចាញ់កោះតៅ ដោយពិន្ទុនៅសង្វៀន Rajadamnern ប្រទេសថៃ កាលពីល្ងាចថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធី U Mauy ដណ្តើមរង្វាន់ប្រាក់លាន។



ការប្រកួតនៅលើសង្វៀន Rajadamnern រវាងកីឡាករបង្គោលក្រហម សុខ ធី ហៅកាកា និង Phet Focus បង្គោលខៀវ បានវាយប្តូរកណ្តាប់ដៃឆ្វេងស្តាំ អមជាមួយកែង ជង្គង់ និងការទាត់ធ្ងន់ៗទៅវិញទៅមក ដែលបានអង្រួនឥន្ទ្រីយ៍រម្មណ៍អ្នកទស្សនា។
 
ការប្រកួតនៅទឹកទី១ និងទី២ គូទាំងពីរវាយប្រដំត្រសងគ្នា ប៉ុន្តែកីឡាករ Phet Focus ហាក់មានប្រៀបលើ សុខ ធី បន្តិច។ ប៉ុន្តែឈានចូលដល់ទឹកទី៣ភ្លាម កីឡាករទាំងពីរ បន្តប្ដូរកណ្ដាប់ដៃ កែង និងទាត់ ទៅវិញទៅមក យ៉ាងសន្ធប់ ក្នុងរយៈពេល៣នាទីនេះ តែ សុខ ធី ធ្វើបានល្អជាង Phet Focus វិញ ដោយការវាយចំគោលដៅ និងទាត់កីឡាករថៃរូបនេះ ដួលជាច្រើនលើក  ។ សម្រាប់ទឹកទី៤ សុខ ធី បន្តធ្វើបានល្អដដែល ដោយការវាយមួយៗ ប៉ុន្តែចំពេញៗពិន្ទុ ដែលធ្វើរូបគេ នៅតែមានប្រៀបលើ Phet Focus។ ឈានចូលទឹកទី៥ កាត់សេចក្តីវិញ សុខ ធី ហាក់មិនសូវសម្រុកដូចមុនឡើយ ដោយវាយមួយៗ ហើយដកថយ ខណៈ Phet Focus ព្យាយាមដើរចូលវាយយកពិន្ទុវិញ ប៉ុន្តែការវាយនោះ ត្រូវបាន សុខ ធី ទប់ជាប់ហើយវាយបកមកវិញមួយៗ ដើម្បីរក្សាពិន្ទុជោគជ័យ។


 កីឡាករថៃ Phet Focus ខោខៀវ ប្រកួតជាមួយ សុខ ធី ហៅកាកា(ប្រភព Nara Kunkhmer)

ក្រោយវាយប្តូរកណ្តាប់ដៃ ស្នៀតពិសេសៗក្នុងការប្រកួតនៅលើសង្វៀននាប្រទេសថៃកន្លងផុត ៥ទឹក កីឡាករកម្ពុជា សុខ ធី ហៅកាកា ពិតសមដូចរហស្សនាម «ល្អដូចផ្កា រឹងដូចថ្ម» បានទទួលជ័យជម្នះលើកីឡាករថៃ Phet Focus ដោយពិន្ទុ។
 
ចំណែកគូទី២ របស់កម្ពុជា១គូទៀត គឺកីឡាករ សែន រ៉ាដេត បង្គោលក្រហម ចាញ់កីឡាករថៃបង្គោលខៀវ កោះតៅ ដោយពិន្ទុ។ គូរបស់ រ៉ាដេត និងកោះតៅ ក៏មិនធ្វើឲ្យអ្នកទស្សនាខកបំណងនោះដែរ ពោលពីទឹកទី១ ដល់ទឹក៥ អ្នកទាំងពីរ បោះផ្លែកែងល្អៗចំគោលដៅច្បាស់ៗ ពិសេសនៅទឹកទី២ និងទី៣ ការធាក់ទប់របស់រ៉ាដេត និងការទាត់កាត់ធ្វើឲ្យ កោះតៅ ដួលជាច្រើនលើកច្រើនសារ។ សម្រាប់ កោះ តៅ ការសម្រុកចូលឥតឈប់របស់គេ ដូចពាក្យដែលធ្លាប់បាននិយាយមុនការប្រកួតពិតមែន កីឡាកររូបនេះ គឺមិនខ្លាចឡើយ ដោយវាយមិនថយ ត្រូវតតាំងប្តូរកណ្តាប់ដៃគ្នានៅលើសង្វៀន។
 
គូនេះវាយប្តូរគ្នាទៅវិញទៅមកមិនចាញ់គូ កាកា និង Phet Focusឡើយ។ បញ្ចប់ ទឹក៥ រ៉ាដេត បរាជ័យលើសង្វៀន Rajadamnern ចាញ់ កោះតៅ ដោយពិន្ទុ។
 
គួរម្លឹកផងដែរ សុខ ធី ហៅកាកា វាយឈ្នះ Phet Focus លើប្រភេទទម្ងន់ ៥៨.៥១គីឡូក្រាម ចំណែកកីឡាករ សែន រ៉ាដេត ចាញ់កីឡាករថៃ កោះតៅ លើប្រភេទទម្ងន់៥៣ គីឡូក្រាម ក្នុងកម្មវិធី U Mauy៕
 

Tag:
 ប្រដាល់អន្តរជាតិ
 កម្ពុជា
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com