កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង នឹងដេញថ្លៃធ្វើម្ចាស់ផ្ទះ Asian Cup 2023 ជំនួសចិន
21, Jun 2022 , 3:34 pm        
រូបភាព
កូរ៉េខាងត្បូង នឹងចាប់ផ្តើមដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ AFC Asian Cup 2023 ក្រោយចិន ប្រកាសបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះ ដោយសារការរឹតត្បិតការរីករាលដាលកូវីដ-១៩។ នេះបើតាមការប្រកាសសហព័ន្ធកីឡាបាល់ទាត់កូរ៉េ (KFA) ថ្ងៃទី២០ ខែមិថុនា។


ចិន បានប្រកាសបោះបង់សិទ្ធិធ្វើម្ចាស់ផ្ទះរបស់ខ្លួន ខណៈដែលស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេស មិនទាន់ធូរស្រាល។ កាលពីខែឧសភា សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានអញ្ជើញប្រទេសដែលធ្លាប់បានដាក់ការចាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះ Asian Cup 2023 ឱ្យចូលរួមដេញថ្លៃជាថ្មីម្តងទៀត។ AFC បានអះអាងថា ភាគីចាប់អារម្មណ៍ត្រូវបញ្ជាក់ការដេញថ្លៃរបស់ពួកគេឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា។
 
«សហព័ន្ធបាល់ទាត់កីឡាកូរ៉េខាងត្បូង (KFA) កំពុងតែជំរុញការដេញថ្លៃសម្រាប់ធ្វើជាម្ចាស់ផ្ទះ AFC Asian Cup 2023 នៅកូរ៉េរបស់យើងផ្ទាល់។ ដូច្នេះ យើងក៏កំពុងស្នើសុំដេញថ្លៃពីសំណាក់រដ្ឋាភិបាលនូវកីឡដ្ឋានដែលអាចរៀបចំព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិបាន។» នេះបើតាមការប្រកាសរបស់ KFA។
 
ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក យូន សុកយ៉ល បានផ្តល់ភ្លើងខៀវសម្រាប់ការជំរុញឱ្យដាក់ការដេញថ្លៃយ៉ាងឆាប់រហ័សកាលពីដើមខែមិថុនានេះ ហើយប្រធានាធិបតីរូបនេះក៏ស្នើឱ្យរដ្ឋមន្ត្រីផ្នែកកីឡា ព្យាយាមធានាដេញថ្លៃឱ្យខានតែបានសម្រាប់ព្រឹត្តិការណ៍ Asian Cup 2023 មួយនេះ៕
 

Tag:
 AFC Asian Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com