ជាតិ
សេដ្ឋកិច្ច
រដ្ឋសភានឹងប្រជុំរកដំណោះស្រាយ លើករណីណាហ្គាវើលដ៍
21, Jun 2022 , 4:01 pm        
រូបភាព
តំណាងសហជីព និងក្រុមកូដករណាហ្កាវើលដ៏ ដាក់ញត្តិទៅរដ្ឋសភា។
តំណាងសហជីព និងក្រុមកូដករណាហ្កាវើលដ៏ ដាក់ញត្តិទៅរដ្ឋសភា។
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ រដ្ឋសភានឹងលើកករណីវិវាទការងាររវាងបុគ្គលិកណាហ្គាវើលដ៍ និងក្រុមហ៊ុន ដាក់ក្នុងកិច្ចប្រជុំរកដំណោះស្រាយ នៅថ្ងៃទី២២ មិថុនា។ នេះបើតាមលោក សរ ចំរុង តំណាងរាស្ត្រមណ្ឌលក្រចេះ និង​ជាប្រធាន​គណៈកម្មការ​ សិទ្ធិមនុស្ស​ ទទួល​ពាក្យ​បណ្តឹង​ អង្កេត​ ទំនាក់​ទំនង​រដ្ឋសភា ​ព្រឹទ្ធសភានៃរដ្ឋសភា។


ក្រុមការងារគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា បានទទួលញត្តិពីសហជីព និងបុគ្គលិកណាហ្គាវើលដ៍ហើយ កាលពីថ្ងៃទី២០ មិថុនា។ ក្រោយទទួលញត្តិនេះ លោក សរ ចំរុង គ្រោងលើកយកទៅប្រជុំពិភាក្សាជាមួយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមការងាររបស់លោក ដើម្បីរកដំណោះស្រាយឱ្យកម្មករនិយោជិតណាហ្កាវើលដ៏។ ប៉ុន្តែក្នុងញត្តិមានការទាមទារឲ្យរដ្ឋសភា ជួយទម្លាក់បទចោទ សហជីពណាហ្គាវើដ៍ ដែលត្រូវបានចាប់ និងឃុំខ្លួនកន្លងមកដែរ។ ត្រង់បទចោទនេះ លោក សរ ចំរុង មិនទាន់ហ៊ានធានាដាច់ណាត់ថា អាចជួយដោះស្រាយបាន១០០ភាគរយទេ ដោយសារវាស្ថិតក្រោមអំណាចតុលាការ។
 
ប្រធាន​គណៈកម្មការ​ សិទ្ធិមនុស្សនៃរដ្ឋសភារូបនេះ បញ្ជាក់យ៉ាងដូច្នេះ៖ «តាមខ្ញុំយល់នេះ(បញ្ហាវិវាទការងារ) ជាសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្ដោះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលជុំវិញបញ្ហាហ្នឹង។ លើកលែងតែការចោទប្រកាន់ទេ ជាការងារតុលាការ ។ អ៊ឹចឹងខ្ញុំមិនមានសិទ្ធិលើកលែងការចោទប្រកាន់ទេ នោះជាភារកិច្ចរបស់តុលាការ»។
 
ជុំវិញបញ្ហានេះ ក្រសួងការងារបានសម្របសម្រួលហើយ តែខាងបុគ្គលិក និងភាគីខាងក្រុមហ៊ុន នៅតែប្រកាន់ជំហរមិនរៀងខ្លួន ដោយព្រមទទួលយកតាមការដោះស្រាយរបស់ក្រសួង ទើបមានការអូសបន្លាយពេលយូរបែបនេះ។ តំណាងរាស្រ្តមណ្ឌលក្រចេះរូបនេះ បន្ថែម។
 
សហជីព និងកម្មករនិយោជិតណាហ្កាវើលដ៏ ជាច្រើននាក់ បានប្រមូលផ្ដុំគ្នានៅមុខវត្តបទុមវតីរាជវរារាម ហើយដង្ហែញត្តិទៅដាក់នៅខុទ្ធកាល័យសម្ដេច ហ៊ុន សែន និងរដ្ឋសភា។


 លោក សរ ចំរុង លេខាធិការគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។ រូបភាពយកពីផេកហ្វេសប៊ុករដ្ឋសភា។

ក្នុងញត្តិដាក់ទៅសម្ដេច និងរដ្ឋសភានេះ មាន ៣ចំណុចដែលសំខាន់ គឺនិយោជកណាហ្កាវើលដ៏ ត្រូវទទួលកម្មករនិយោជិតប្រមាណ ២០០នាក់ឱ្យចូលធ្វើការវិញ។ មួយទៀត សម្រាប់និយោជិតឯកភាពទទួលយកសំណង គឺពួកគេស្នើសុំឱ្យក្រុមហ៊ុនទូទាត់ឱ្យបានត្រឹមត្រូវតាមច្បាប់ និងចុងក្រោយ ពួកគេទាមទារឱ្យតុលាការទម្លាក់បទចោទលើថ្នាក់ដឹកនាំសកម្មជនសហជីពចំនួន ១៥នាក់ ដែលត្រូវបានចោទប្រកាន់កន្លងមក ។ នេះបើតាម កញ្ញា ស៊ីថរ សហជីព តំណាងបុគ្គលិកណាហ្គាវើល។
 
លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់ បានលើកឡើងថា ការដោះស្រាយវិវាទការងារនេះ មានតែអ្នកមានសិទ្ធិអំណាចទេ ដែលអាចដោះស្រាយបាន ជាពិសេសប្រមុខរដ្ឋាភិបាល។
 
«ខ្ញុំគិតថាអ្នកមានសិទ្ធិអំណាចមានតែនាយករដ្ឋមន្រ្តី ដែលអាចដោះស្រាយបាន ព្រោះកូនសោអ្នកដែលមានឥទិ្ធពល មានអំណាច ក្នុងការសម្រេចឱ្យទទួលយកការបិទបញ្ចប់វិវាទការងារនេះ ខ្ញុំគិតថាមានតែនាយករដ្ឋាមន្រ្តីហ្នឹងហើយ»។ នេះបើតាមលោក ថារ៉ូ។
 
មន្រី្តអង្គការសង់ត្រាល់រូបនេះ បានសង្កេតឃើញថា បញ្ហាជុំវិញវិវាទការងារ ឬដីធ្លីរាំរ៉ៃធំៗ កន្លងមក ភាគច្រើនសម្ដេច ហ៊ុន សែន ជាអ្នកចេញមុខដាក់គោលការណ៍ដោះស្រាយបញ្ចប់ទាំងអស់។ 
 
«ខ្ញុំសង្ឃឹមថាការដាក់ញត្តិរបស់ក្រុមកូដករណាហ្កាវើលដ៏នេះ នឹងទៅដល់ដៃនាយករដ្ឋមន្ត្រី ហើយអាចមានផលវិជ្ជមានសម្រាប់កូដករ ដែលពួកគេបានទាមទារ»។ នេះជាការយល់ឃើញរបស់លោក ថារ៉ូ ៕
 
 
 
 
 
 
​​
 

Tag:
 ណាហ្កាវើលដ៏
  វិវាទការងារ
© រក្សាសិទ្ធិដោយ thmeythmey.com