ជាតិ
សេដ្ឋកិច្ច
កម្ពុជាបើកមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជប៉ុន ដើម្បីពង្រីកទីផ្សារ និងទាក់ទាញវិនិយោគិន
21, Jun 2022 , 7:59 pm        
រូបភាព
ភ្ញៀវកត្តិយសចូលរួមក្នុងពិធីដាក់សម្ភោធ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅប្រទេសជប៉ុន ។ រូបថត ៖ MOC ។
ភ្ញៀវកត្តិយសចូលរួមក្នុងពិធីដាក់សម្ភោធ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅប្រទេសជប៉ុន ។ រូបថត ៖ MOC ។
ដោយ​ ៖ ធន់ សេងហុង
 
កម្ពុជាបានដាក់សម្ភោធនូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា(Cambodia Private Commercial Center) មួយកន្លែងនៅប្រទេសជប៉ុន ដើម្បីពង្រីកទីផ្សារ​នាំចេញនូវផលិតកម្ពុជា និងការទាក់ទាញវិនិយោគគិន។


មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា(Cambodia Private Commercial Center) មួយកន្លែងនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានដាក់សម្ភោធជាផ្លូវការហើយ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ បើតាមក្រសួងពាណិជ្ជកម្ម គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានេះ គឺជាស្ពានសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ និងពិនិត្យផលិតផលសក្តានុពលកម្ពុជា ជាពិសេសសាកសួរព័ត៌មានច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីជាមូលដ្នានក្នុងការសម្រេចចិត្តមកធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។
 
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក ទុយ រី បានបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានេះ ដើម្បីកៀរគរការវិនិយោគពីបរទេស និងរកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា ស្របទៅតាមគោលនយោបាយការទូតសេដ្ឋកិច្ចកម្ពុជា។
 
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរូបនេះ ក៏បានលើកឡើងពីបរិយាកាសធុរកិច្ចនៅកម្ពុជា រួមមានការចរចាបង្កើតទីផ្សារបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ ជាពិសេសទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលផ្សារភ្ជាប់ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ រវាងប្រទេសទាំងពីរ ។
 
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗពីថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានេះ បង្ហាញពីបណ្តុំពាណិជ្ជកម្ម ការវិភាគស្ថិតិ និងភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួទៀត ដូចជា ការដាក់តាំងនូវផលិតផលខ្មែរ ការផ្សព្វផ្សាយ ការធ្វើសិក្ខាសាលា ការទាក់ទាញធុរជន អ្នកវិនិយោគ និងការចាប់ដៃគូវិនិយោគជាដើម។
 
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជារូបនេះបានបន្ថែមទៀតថា ៖« មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា គឺគ្រប់គ្រងដោយធុរជនវិនិយោគ ឬធុរជនឯកជនដែលជាពាណិជ្ជករនៅទីនោះ ហើយបានស្វែងយល់ពីសក្តានុពលនៃទីផ្សារកម្ពុជាច្បាស់ ហើយសហការជាមួយអនុព័ន្ធពាណិជ្ជកម្មកម្ពុជានៅទីនោះ ក្នុងគោលដៅនៃការជំរុញទីផ្សារ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសទាំងពីរ»។ 
 
កម្ពុជាមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៨ កន្លែងនៅ ថៃ ជប៉ុន និងចិន ។ ចំណែកសភាពាណិជ្ជកម្មកម្ពុជា មានវត្តមាននៅប្រទេសបារាំង និងកាណាដា ។ រីឯអនុព័ន្ធពាណិជ្ជកម្មកម្ពុជា មានជាង ១០កន្លែង ដែលមានទីតាំងនៅអឺរ៉ុប អាមេរិក ជប៉ុន ចិន កូរ៉េខាងត្បូង និងបណ្តាប្រទេសនៅអាស៊ាន ។ នេះបើតាមលោក សុវិជាតិ ។
 
សូមជម្រាបថា ៥ខែដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុន សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៧៧៨,៨៦លានដុល្លារ ​។ ទំហំនេះ បានកើនឡើងតែ១២,៣ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ៦៩៣លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
 

Tag:
 ជប៉ុន ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com