ជាតិ
សេដ្ឋកិច្ច
ការផ្តល់កម្ចីជាប្រាក់«រៀល»ពីវិស័យធនាគារ​ កើនដល់១១,៤ភាគរយ
21, Jun 2022 , 8:59 pm        
រូបភាព
រូបតំណាង៖ បច្ចុប្បន្នNBC ​កំពុងធនាគារក្នុងការផ្តល់កម្ចីជាប្រាក់រៀលឱ្យអតិថិជន។  រូបថត៖​ NBC
រូបតំណាង៖ បច្ចុប្បន្នNBC ​កំពុងធនាគារក្នុងការផ្តល់កម្ចីជាប្រាក់រៀលឱ្យអតិថិជន។ រូបថត៖​ NBC
ភ្នំពេញ៖ ការផ្តល់កម្ចីជាប្រាក់រៀល របស់វិស័យធនាគារទៅឱ្យពលរដ្ឋបានកើនពី១,៦ភាគរយ នៅក្នុងឆ្នាំ២០១៦ ដល់ ១១,៤ភាគរយនៃកម្ចីសរុបដែលមានទំហំទឹកប្រាក់ប្រមាណ៣៦,៨ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១។​ នេះបើយោងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)។​

 
ទឹកប្រាក់ជិត៤,២ពាន់លានដុល្លារ (ប្រមាណ ១៧ទ្រីលានរៀល) គឺជាកម្ចីជាប្រាក់រៀលដែលវិស័យធនាគារផ្តល់ឱ្យអតិថិជន នៅក្នុងឆ្នាំ២០២១។ ចំណែកនៃប្រាក់កម្ចីជាប្រាក់រៀលដែលធនាគារផ្តល់ឱ្យពលរដ្ឋ ហាក់មានភាពល្អប្រសើរ បន្ទាប់ពីNBCប្រកាសឱ្យធនាគារទាំងអស់នៅកម្ពុជា ​ត្រូវផ្តល់ឥណទានជាប្រាក់រៀល ឱ្យបានយ៉ាងហោចណាស់១០ភាគរយនៃឥណទានសរុប​របស់ខ្លួន។
 
រយៈពេល៦ឆ្នាំបន្ទាប់ពីការប្រកាសនេះ ចំនួននៃការផ្តល់កម្ចីជាប្រាក់រៀលពីធនាគារទៅឱ្យអតិថិជន នោះបានសម្រេចទៅតាមលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។ របាយការណ៍ស្ថេរភាពរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា​ កម្ចីជាប្រាក់រៀលដែលធនាគារផ្តល់ឱ្យអតិថិជនបានកើនបន្តិចៗម្តងៗ ពី១,៥ភាគរយ ក្នុងឆ្នាំ២០១៦ ដល់១១,៤ភាគរយ​នៃទំហំកម្ចីសរុប៣៦,៨ពាន់លានក្នុងឆ្នាំ២០២១ ខណៈទំនោរនៃការផ្តល់កម្ចីជាប្រាក់រៀលនេះ អាចមានកំណើនជាបន្តបន្ទាប់ទៀត។
 
ដោយឡែក នៅក្នុងចំណោមទំហំឥណទានសរុប៨,៥ពាន់លានដុល្លាររបស់វិស័យមីក្រូហិរញ្ញវត្ថុវិញ គឺមានប្រមាណ២០ភាគរយ ដែលស្មើនឹង២,១ពាន់លានដុល្លា ជាកម្ចីប្រាក់រៀល។ នេះជាការលើកឡើងរបស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដោយបញ្ជាក់ថា  ការផ្តល់ឥណទានជាប្រាក់រៀលរបស់មីក្រូហិរញ្ញវត្ថុឱ្យអតិថិជននោះ មានភាគច្រើននៅតាមខេត្ត ឬនៅតាមតំបន់ដាច់ស្រយាល ។ ជាពិសេស គឺប្រើប្រាស់ប្រាក់រៀល លើវិស័យកសិកម្ម ។ 
 
បើតាមលោក កាំង តុងងី ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែប្រសើរថែមទៀត គ្រឹះស្ថានសមាជិកទាំង១២១របស់CMA បានផ្តល់អត្រាការប្រាក់ដ៏ទាក់ទាញ សម្រាប់ប្រាក់សន្សំ និងឥណទានជាប្រាក់រៀល។ លោក បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាថ្ងៃទី២០មិថុនា ឆ្នាំ២០២២​ ថា៖​« ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន ជំរុញសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ ហើយផ្តល់នូវឯករាជ្យភាព និងភាពស៊ាំដល់សេដ្ឋកិច្ចកម្ពុជា»៕ 
 

Tag:
 ហិរញ្ញវត្ថុ
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com